លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានជួបជាមួយក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរ ដោយបានប្តេជ្ញាថានឹងកាត់បន្ថយការចំណាយទៅលើកិច្ចសន្យាទិញឧបករណ៏សម្រាប់ការពារប្រទេសរបស់រដ្ឋាភិបាល ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
អគ្គនាយកនៃក្រុមហ៊ុន Boeing និង Lockheed Martin ព្រមទាំងឧត្តមសេនីយមួយចំនួន បានជួបជាមួយលោក Trump កាលពីថ្ងៃពុធម្សិលមិញនេះ នៅឯកន្លែងលំហែកាយ Mar-a-Lago របស់លោក Trump នៅក្នុងរដ្ឋ Florida។
លោក Trump បានថ្លែងកាលពីសប្តាហ៏មុនថា តម្លៃយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed ដែលជាយន្តហោះមានបច្ចេកវិទ្យាទំនើបបំផុតមួយនោះ មានតម្លៃថ្លៃហួសប្រមាណគឺមានតម្លៃដល់ទៅ ៣៧៩ពាន់លានដុល្លារ សម្រាប់យន្តហោះ ២៥០០គ្រឿង។
លោកថែមទាំងបានគំរាមចង់លុបចោលកិច្ចសន្យាទិញយន្តហោះថ្មីសម្រាប់ប្រធានាធិបតីគឺយន្តហោះ Air Force One ដោយត្អូញថា យន្តហោះនោះមានតម្លៃថ្លៃពេកគឺមានតម្លៃដល់ទៅ ៤ពាន់លានដុល្លារ សម្រាប់យន្តហោះមួយគ្រឿង។
លោក Trump ថ្លែងថា គោលបំណងនៃកិច្ចប្រជុំកាលពីថ្ងៃពុធ គឺគ្រាន់តែដើម្បីព្យាយាមកាត់បន្ថយតម្លៃតែប៉ុណ្ណោះ៕