ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំសរសើរ​ពិភពលោក​ចំពោះ​ការ​ប្រឈម​ជាមួយ​កូរ៉េខាង​ជើង


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​វិបត្តិ​អាភៀន កាលពី​ថ្ងៃទី​៨ ខែសីហា​ ឆ្នាំ២០១៧ នៅ​ក្លឹប​វាយ​កូន​ហ្គោល Trump National Golf Club ក្នុង​ក្រុង Bedminster។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​វិបត្តិ​អាភៀន កាលពី​ថ្ងៃទី​៨ ខែសីហា​ ឆ្នាំ២០១៧ នៅ​ក្លឹប​វាយ​កូន​ហ្គោល Trump National Golf Club ក្នុង​ក្រុង Bedminster។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំបាន​សរសើរ​សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ចំពោះ​ការ​ប្រឈម​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​លើ​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ ​ក៏ប៉ុន្តែ ​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ​លោកស្រី​មាន​ការ​សង្ស័យថា ​ការ​ដាក់​ទណ្ឌកម្ម​កាល​ពីពេល​ថ្មីៗ​បំផុត​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង​ខ្លាច​នោះ​ទេ។

លោក​ប្រធានាធិបតី​ត្រាំ​បាននិយាយ​នៅ​ក្នុង​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ Twitter ដែល​លោក​ហៅ​ថា​ វិសមកាល​ការងារ​នៅ​កន្លែង​លំហែកាយ​វាយ​កូល​ហ្គោល​របស់​លោក​នៅ​ក្នុង​រដ្ឋ New Jersey ថា ​បន្ទាប់​ពី​បរាជ័យ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ប្រទេស​នានា​កំពុង​រួបរួម​គ្នាដើម្បី​ដោះ​ស្រាយ​ជាលើក​ចុងក្រោយ​ដល់​ភាព​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។ យើង​ត្រូវ​តែ​ចាត់​វិធានការ​ខ្លាំង និង​ដាច់​ខាត។ ក៏ប៉ុន្តែ​លោក​ស្រី Nikki Haley ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រ​ជាជាតិបាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ NBC ​ក្នុង​កម្មវិធី​ «Today Show» ​ថា ​ការ​ដាក់​ទណ្ឌកម្មថ្មីៗបំផុត​នេះ​របស់អង្គការ​សហប្រជាជាតិ​ដែល​មាន​គោល​បំណង​កាត់​ផ្តាច់​ការ​នាំ​ទំនិញ​ចេញ​របស់​កូរ៉េខាង​ជើង​ដែល​មាន​ទឹក​ប្រាក់​១​ពាន់​លាន​ដុល្លារ​នោះ​នឹង​មិន​បញ្ឈប់​បញ្ហា​របស់​កូរ៉េ​ខាង​ជើង​ទេ។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​លោកស្រី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ដាក់​ទណ្ឌកម្មនោះ​នឹង​បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកបាន​មាន​ប្រសាសន៍​ឡើង​វិញ​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា ជម្រើស​ទាំងអស់​បាន​ស្ថិត​នៅលើ​តុ ​រួមមាន​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​ដើម្បី​បង្អាក់​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង។ ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ថា កាំជ្រួច​មីស៊ីល​របស់​ខ្លួន​ឥឡូវ​នេះ អាច​បាញ់​ដល់​ដីគោក​សហរដ្ឋ​អាមេរិក។

​លោកស្រី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកបាន​មាន​ប្រសាសន៍​ទៀត​ថា «យើង​នឹង​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ដើម្បី​តទល់​កូរ៉េខាង​ជើង‍»៕

XS
SM
MD
LG