ក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុវៀតណាមបានបម្រុងដីមួយកន្លែងទុកសម្រាប់អភិវឌ្ឍអ្វីដែលប្រជាជនក្នុងស្រុកហៅថាតំបន់ «Silicon Valley» ថ្មី ដែលសំដៅទៅតំបន់មួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលបច្ចេកវិទ្យាថ្មីៗត្រូវបានអភិវឌ្ឍនៅទីនោះ ប៉ុន្តែមិនមានចរឹតលក្ខណៈដូចកាលីហ្វ័រញ៉ាទេដោយសារមានដូចជាផែនការរដ្ឋនិងកង្វះក្រុមហ៊ុនបណ្តាក់ទុនជាដើម។
មន្ទីរកិច្ចការផ្ទៃក្នុងក្នុងទីក្រុងហូជីមិញបានដាក់ស្នើផែនការមួយកាលពីខែឧសភាទៅកាន់គណៈកម្មាធិការគណបក្សកុម្មុយនីស្តរបស់ទីក្រុងនោះដើម្បីសុំឲ្យរួមបញ្ចូលស្រុកចំនួនបីជាតំបន់តែមួយដើម្បីការអភិវឌ្ឍ ជាមជ្ឈមណ្ឌលបច្ចេកវិទ្យានេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក VnExpress International។
ផែនការនោះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីថ្ងៃទី០៨ ខែឧសភារវាងមន្ត្រីក្នុងទីក្រុងហូជីមិញនិងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះ។
ថ្នាក់ដឹកនាំនៃទីក្រុងហូជីមិញបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ដើម្បីរៀបចំដីទំហំ២២.០០០ហិកតាសម្រាប់ទាញយកកម្រៃពីការស្រាវជ្រាវបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ យោងតាមភ្នាក់ងារសារព័ត៌មានដដែល។ ប្រជាជនជាង១លាននាក់កំពុងរស់នៅលើដីតាមបណ្តោយដងទន្លេសៃហ្គនរួចជាស្រេច។
បើយោងតាមអ្នកវិភាគនៅទីតាំងផ្ទាល់ ទីតាំងនោះនឹងទាក់ទាញអ្នកសរសេរកម្មវិធីកុំព្យូទ័រ និងអ៊ីនធឺណិតខ្លាំងរួមមានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជាង៤០ក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុនទាំងនោះដែលពួកគេសង្ឃឹមថានឹងបានរស់នៅក្បែរកន្លែងធ្វើការ។ តំបន់នោះនឹងចេញជារូបរាងខណៈដែលជនជាតិវៀតណាមដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាក្នុងវ័យ២០ឆ្នាំឡើងចាប់ផ្តើមក្រុមហ៊ុនរបស់ខ្លួន។
លោក Jack Nguyen ដៃគូនៅក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Mazars ក្នុងទីក្រុងហូជីមិញបាននិយាយថា៖
«ជនជាតិវៀតណាមមានភាពជាសហគ្រិនខ្លាំងណាស់។ ពួកគេបានឃើញពីភាពជោគជ័យនៅប្រទេសផ្សេងទៀត ឬនៅសហរដ្ឋអាមេរិក ពួកគេនឹងព្យាយាមធ្វើវាដែរនៅទីនេះក្នុងប្រទេសវៀតណាម»។
លោក Nguyen បន្ថែមថា សហគ្រិនវៀតណាមដែលខ្លះទទួលការអប់រំនៅក្រៅប្រទេស កំពុងទាញយកប្រយោជន៍ពីវប្បធម៌ «ចល័ត» ដ៏ធំមួយក្នុងបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាពីវិស្វករក្នុងស្រុកដែលមានប្រាក់ខែទាបឲ្យកសាងមូលដ្ឋានរបស់ពួកគេក្នុងទីក្រុងហូជីមិញ។
តំបន់បច្ចេកវិទ្យាហូជីមិញរួមមានមួយភាគតូចនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្ទះល្វែងទំនើបៗ និងសាកលវិទ្យាល័យពហុបច្ចេកវិទ្យាមួយនៅក្បែរនោះ។ អ្នកស្រី Phuong Hong ប្រជាជនម្នាក់ដែលរស់នៅក្នុងតំបន់នោះ បាននិយាយថាផលប្រយោជន៍ទាំងនោះគួរតែធ្វើឲ្យតំបន់នោះកាន់តែគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យា។
អ្នកស្រីនិយាយសំដៅទៅទីតាំងរដ្ឋបាលចំនួនបីដែលនឹងត្រូវរួមបញ្ចូលគ្នាថា៖ «ស្រុកទាំងបីនេះមានរបៀបរស់នៅនិងមធ្យោបាយធ្វើដំណើរដ៏ងាយស្រួល»។
អ្នកធ្វើការផ្នែកបច្ចេកវិទ្យានឹងអាចទាញយកផលប្រយោជន៍ពីភាពងាយស្រួលនោះ នេះបើយោងតាមលោក Frederick Burke ដៃគូក្រុមហ៊ុនច្បាប់ Baker McKenzie ប្រចាំនៅទីក្រុងហូជីមិញ។
លោក Burke បាននិយាយថា៖ «ការណ៍ដែលពួកគេផ្តល់នូវការលើកទឹកចិត្តបន្ថែមដើម្បីដាក់ទីតាំងនៅទីនោះបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយដែលមានបុគ្គលិកខ្លះរស់នៅក្នុងតំបន់នោះ។ ដូច្នេះវិស្វករម្នាក់អាចប្តូរពីការងារមួយទៅការងារមួយទៀតដោយងាយស្រួល»។
មេដឹកនាំរដ្ឋាភិបាលវៀតណាមបានព្យាយាមអស់មួយទសវត្សរ៍ដើម្បីប្តូរសេដ្ឋកិច្ចផ្អែកលើការនាំចេញរបស់វៀតណាមឲ្យងាកចេញពីទំនិញថោកៗដូចជាស្បែកជើងនិងសម្លៀកបំពាក់ទៅរកទំនិញដែលមានចំណូលខ្ពស់ជាងដូចជាគ្រឿងអេឡិចត្រូនិក។
អ្នកវិភាគនិយាយថា គម្រោងរបស់រដ្ឋាភិបាលថ្នាក់ក្រុងនិងថ្នាក់ជាតិអាចនឹងដឹកនាំការបង្កើតតំបន់បច្ចេកវិទ្យា ដែលជាចំណុចខុសគ្នាចម្បងមួយធៀបនឹងការអភិវឌ្ឍដោយគ្មានការរៀបចំដូច Silicon Valley នៃរដ្ឋកាលីហ្វ័រញ៉ា។
លោក Lam Nguyen នាយកគ្រប់គ្រងក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យាIDC Indochina ក្នុងទីក្រុងហូជីមិញបាននិយាយថា៖
«អ្វីដែលយើងនឹងឃើញថាជាភាពខុសគ្នាសំខាន់ៗរវាងតំបន់ទាំងពីរនោះគឺ គម្រោងរបស់ទីក្រុងហូជីមិញនឹងជាចង្កោមមួយដែលជ្រើសរើសក្រុមហ៊ុនសាកលនិងក្នុងតំបន់ជាច្រើនហើយជាទីដែលឥរិយាបទសហគ្រិនត្រូវបានកំណត់ដោយរដ្ឋាភិបាលខណៈដែលតំបន់ Silicon Valleyនៅអាមេរិកបានរីកដុះដាលពីអ្នកជំនាញក្នុងស្រុកហើយត្រូវបានជំរុញដោយនិន្នាការឧស្សាហកម្មនិងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ»។
ផែនការរបស់រដ្ឋរហូតមកដល់បច្ចុប្បន្ននេះបានផ្តល់សេវាអ៊ីនធឺណិត។ នាយកគ្រប់គ្រងក្រុមហ៊ុនIDC Indochina បាននិយាយថាការរីកដុះដាលនៃតំបន់នេះនឹងតម្រូវឲ្យមន្ត្រីក្នុងស្រុកពង្រីកហេដ្ឋារចនាសម្ព័ន្ធ។
លោកបន្តថា តំបន់នោះនឹងត្រូវការការលើកទឹកចិត្តខាងពន្ធដំណើរការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មកាន់តែប្រសើរ និងទីតាំងល្អដើម្បីទាក់ទាញអ្នកចំណូលថ្មី។
លោក Lam Nguyen និយាយថាអ្នកវិនិយោគផ្នែកបច្ចេកវិទ្យានឹងពេញចិត្តចំពោះការចំណាយទាបនៅវៀតណាម។
អ្នកអង្កេតការក្នុងប្រទេសនិយាយថា តំបន់បច្ចេកវិទ្យាវៀតណាមនឹងប្រឈមនឹងកង្វះក្រុមហ៊ុនវិនិយោគ ការទិញភាគហ៊ុនទាំងស្រុង និងការបរាជ័យ បន្ទាប់មកមានការចាប់ផ្តើមក្រុមហ៊ុនឡើងវិញ។ ស្ថាបនិកក្រុមហ៊ុនចាប់ផ្តើមថ្មីជាច្រើនមានគំនិតប៉ុន្តែខ្វះទុន នេះបើយោងតាមលោក Jack Nguyen។ លោកបន្ថែមថា ពួកគេស្វែងរកមូលនិធិពីក្រៅប្រទេស។
តំបន់ភាគខាងត្បូងនៃទីក្រុង San Francisco ដែលត្រូវបានគេស្គាល់ថា«Silicon Valley» បានក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យាតាំងពីអំឡុងឆ្នាំ១៩៥០ នៅពេលដែលព្រឹទ្ធបុរសម្នាក់នៃសាលាវិស្វកម្មនៃសាកលវិទ្យាល័យ Stanford បានលើកទឹកចិត្តឲ្យសមាជិកនៃមហាវិទ្យាល័យចាប់ផ្តើមក្រុមហ៊ុនដោយខ្លួនឯង។
ទំហំសេដ្ឋកិច្ចនៃតំបន់ Silicon Valley តាមការប៉ាន់ស្មានគឺខ្ពស់ជាងការរំពឹងទុក ដែលមានចំនួនប្រមាណ ២៧៥ពាន់លានដុល្លារក្នុងមួយឆ្នាំហើយវាគឺជាតំបន់មួយដែលថ្លៃខ្លាំងបំផុតក្នុងចំណោមតំបន់ថ្លៃៗផ្សេងទៀតក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ទុំ ម្លិះ