ក្រៅពីសម្តេចសង្ឃ Dalai Lama ព្រះសង្ឃវៀតណាមព្រះនាម Thich Nhat Hanh អាចជាអ្នកបូជាព្រះពុទ្ធសាសនាដ៏មានប្រជាប្រិយភាពជាងគេបង្អស់នៅក្នុងពិភពលោក។ ព្រះសង្ឃរូបនេះ ត្រូវបានលោក Martin Luther King Jr តែងតាំងឲ្យជាបេក្ខជនសមនឹងទទួលបានពានរង្វាន់សន្តិភាព Nobel Peace Prize ហើយត្រូវបានទស្សនាវដ្តី Time magazine ដ៏ល្បីរបស់អាមេរិក ចាត់ទុកថាជា «ព្រះសង្ឃដែលបង្រៀនមនុស្សនៅជុំវិញពិភពលោកអំពីការគ្រប់គ្រងសតិអារម្មណ៍»។
បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍ ព្រះសង្ឃ Thich Nhat Hanh បានវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ស្របពេលដែលប្រទេសមួយនេះចាប់ផ្តើមយកចិត្តទុកដាក់អំពីការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្ត។
ប្រទេសវៀតណាមដ៏ជឿនលឿន កំពុងតែទទួលបានការរីកចំរើនខ្លាំងខាងសេដ្ឋកិច្ច ដែលមិនធ្លាប់កើតមានពីមុន ដោយគេឃើញមានសំណង់អគារខ្ពស់ស្កឹមស្កៃជាច្រើន រថយន្តទំនើបពាសពេញដងផ្លូវ និងប្រជាពលរដ្ឋជាង ១០០លាននាក់ ដែលនិយមប្រើប្រាស់ទូរស័ព្ទទំនើប។
ការផ្លាស់ប្តូរដ៏ឆាប់រហ័សទាំងអស់នេះ ក៏កំពុងជំរុញឲ្យប្រជាពលរដ្ឋវៀតណាមមួយចំនួនងាកទៅរកពេលវេលា ដែលពួកគេអាចចំណាយពេលជាមួយធម្មជាតិ និងតាំងសមាធិ ទៅតាមទំនៀមទម្លាប់នៃការប្រតិបត្តិព្រះពុទ្ធសាសនា និងប្រពៃណីវៀតណាម។
ទំនៀមទម្លាប់នេះមានលក្ខណៈស្រដៀងគ្នានឹងវិធីសាស្ត្រនៃ «ការថែទាំសុខភាព» ដ៏ពេញនិយមនៅបណ្តាប្រទេសលោកខាងលិច ជាពិសេសនៅតំបន់បច្ចេកវិទ្យា Silicon Valley នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមនុស្សនៅទីនោះនិយមចំណាយពេលសម្រាកពីការងារដោយមិនធ្វើអ្វីទាំងអស់ និងអនុវត្តការមិនបរិភោគសាច់ជាច្រើនខែ ដើម្បីរំសាយភាពតានតឹងបង្កឡើងដោយសារបច្ចេកវិទ្យាទំនើប។
វៀតណាមមានព្រះសង្ឃព្រះនាម Thich Nhat Hanh ដែលបានផ្តល់ដំណោះស្រាយដល់មនុស្សក្នុងពិភពលោកនាសតវត្សរ៍ទី ២១ ក្នុងការរក្សាភាពស្ងប់ក្នុងចិត្ត តាមរយៈការនិពន្ធសៀវភៅដែលក្នុងនោះរួមមានសៀវភៅដែលមានចំណងជើងថា Silence ដែលមានន័យថា «ភាពស្ងប់ស្ងាត់» និងសៀវភៅ How to Sit ដែលមានន័យថា «របៀបអង្គុយ»។ ដូច្នេះ វាសាកសមដែលពលរដ្ឋនៅវៀតណាមចាប់ផ្តើមចង់បានពេលវេលាដើម្បីរក្សាភាពស្ងប់ក្នុងចិត្ត ជាពិសេសក្រោយពេលដែលប្រទេសមួយនេះបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងការប្រកួតប្រជែងដើម្បីក្លាយជាប្រទេសមូលធននិយម។
នៅពេលដែលពលរដ្ឋកាន់តែច្រើនចាប់ផ្តើមស្វែងរកពេលវេលាដើម្បីរក្សាភាពស្ងប់ក្នុងចិត្ត ក្រុមហ៊ុនជាច្រើនបាននិងកំពុងផ្តល់សេវាកម្មនានាដើម្បីរកប្រាក់ចំណេញពីតម្រូវការថ្មីនេះ។ ក្រុមហ៊ុន Heritage Line ប្រចាំទីក្រុងហូជីមិញ ផ្តល់សេវាធ្វើដំណើរតាមកប៉ាល់បែបទំនើបនៅក្នុងប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។ ក្រុមហ៊ុននេះបានឲ្យដឹងថា ខ្លួននឹងផ្តល់សេវាធ្វើដំណើរតាមកប៉ាល់ «ដោយផ្តោតលើការថែទាំសុខភាព»។ កប៉ាល់ឈ្មោះ Ylang ធ្វើដំណើរពីតំបន់ឆ្នេរ Lan Ha Bay ភាគខាងជើងប្រទេសវៀតណាម ដោយមានកម្មវិធីរៀនហាត់តៃជី និងកម្មវិធីរៀនតាំងសមាធិដោយគោះផ្ទិលស្ព័ន។
លោក Andreas Schroetter នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Heritage Line បានឲ្យដឹងថា តំបន់ឆ្នេរ Lan Ha Bay៖ «មានសម្រស់ស្រស់ស្អាតដូចឆ្នេរ Ha Long Bay» នៅភាគឦសានប្រទេសវៀតណាមដែរ ប៉ុន្តែភាពស្ងប់ស្ងាត់ និងភាពដាច់តែឯង បានធ្វើឲ្យតំបន់ឆ្នេរនេះក្លាយជាទិសដៅសម្រាប់ការសម្រាកលំហែកាយដ៏ពិសេសមួយ»។
លោកបានបន្ថែមទៀតថា៖ «ដូច្នេះហើយបានជាយើងយល់ថា នេះអាចជាឱកាសដ៏អស្ចារ្យមួយដែលកប៉ាល់ Ylang នឹងផ្តល់សេវាខាងផ្នែកថែទាំសុខភាពនេះ»។
ពលរដ្ឋវៀតណាមមានបំណងសម្រាកពីភាពមមាញឹក ភាពទាន់សម័យក្នុងទីក្រុង និងជាតិពុលក្នុងក្រុង ដោយទៅហាត់យូហ្គាក្រោយពីចេញធ្វើការនៅការិយាល័យ Nike ក្នុងទីក្រុងហូជីមិញ និងការចំណាយពេលស្នាក់នៅតាមតង់ នៅក្បែរទីក្រុង Vung Tau។
តម្រូវការថ្មីនេះមានលក្ខណៈខុសគ្នាខ្លះ ហើយក៏ត្រូវបានជំរុញឡើងដោយភាពទាន់សម័យ ដែលកើតមានឡើងនៅក្នុងប្រទេសមួយនេះ ដែលកំពុងអភិវឌ្ឍយ៉ាងរហ័ស។ ក្រោយពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងវៀតណាម ប្រទេសវៀតណាមពោរពេញដោយភាពក្រីក្រនៅឡើយ ហើយនៅឯកាពីប្រទេសជាច្រើននៅជុំវិញពិភពលោក។
ក្រោយមក សហរដ្ឋអាមេរិកបានលុបចោលទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើប្រទេសវៀតណាមនៅដើមទសវត្សរ៍ ១៩៩០ ហើយវៀតណាមបានក្លាយជារដ្ឋសមាជិកមួយនៃអង្គការពាណិជ្ជកម្មពិភពលោកនៅទសវត្សរ៍ ២០០០ ហើយនៅអំឡុងទសវត្សរ៍ ២០១០ វៀតណាមបានរីកចំរើនខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។ អ្នកដែលបានផ្លាស់ទៅរស់នៅតាមទីក្រុង រកប្រាក់ចំណេញបានរាប់លាន ហើយពួកគេខ្លះបានចាប់ផ្តើមនឹកទំនៀមទម្លាប់បុរាណរបស់ខ្លួន។
លោកស្រី Nguyen Thi Phuong Thao បានក្លាយជាមហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លារ ស្ត្រីដំបូងគេបង្អស់នៅវៀតណាម តាមរយៈអាជីវកម្មក្រុមហ៊ុនអាកាសចរណ៍ VietJet របស់លោកស្រី។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នានោះ លោកស្រីក៏បានលើកកម្ពស់កត្តិនាមសាធារណៈរបស់លោកស្រី តាមរយៈសកម្មភាពមនុស្សធម៌ និងសកម្មភាពថែទាំសុខភាពផ្លូវចិត្ត។ ដោយបង្ហោះរូបថតបង្ហាញពីការធ្វើដំណើររបស់លោកស្រីទៅកាន់ទីវត្តអារាម។
ដូចគ្នានឹងតំបន់បច្ចេកវិទ្យា Silicon Valley នៅសហរដ្ឋអាមេរិក គេនៅមិនច្បាស់នៅឡើយទេ ថាតើតម្រូវការថ្មីនៃការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ប្រទេសវៀតណាម គឺជាយុទ្ធសាស្ត្រផ្នែកទីផ្សារ ហើយថាតើនេះគឺជាតម្រូវការចង់បានដ៏ពិតប្រាកដរបស់ពលរដ្ឋវៀតណាម ក្នុងការកាត់បន្ថយផលអវិជ្ជមានដល់សុខភាព ដែលបង្កឡើងដោយការរីកចំរើនផ្នែកឧស្សាហកម្ម និងដោយសារ«ភាពមមាញឹក» ឬយ៉ាងណា។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្នែកទីផ្សារ កន្លែងកម្សាន្តមួយនៅតំបន់ឆ្នេរ Cam Ranh Bay បានផ្សព្វផ្សាយកម្មវិធីបង្ហាត់យូហ្គា និងបច្ចេកទេសដកដង្ហើម។ ក្រៅពីនេះ អ្នកថតរូបដ៏ល្បីឈ្មោះម្នាក់ រកប្រាក់កម្រៃដោយបង្កើតកម្មវិធីមួយដែលរួមមានការថតរូបព្រះសង្ឃតាំងសមាធិ និងការតាំងសមាធិជាមួយព្រះសង្ឃនៅទីក្រុង Hue ដែលជាទីក្រុងបុរាណមួយរបស់វៀតណាម និងជាទីក្រុងដែលព្រះសង្ឃ Thich Nhat Hanh កំពុងរស់នៅ។ បន្ថែមលើនេះ ក្រុមហ៊ុនក្រៅប្រទេសមួយបានយកបន្ទប់មួយទុកសម្រាប់ការតាំងសមាធិ នៅក្នុងការិយាល័យរបស់ខ្លួនប្រចាំទីក្រុងហូជីមិញ។
តម្រូវការដកខ្លួនពីការរស់នៅបែបទំនើបបានបង្កើតទីផ្សារលក់អគារសម្រាប់លំហែកាយនៅវៀតណាម ជាពិសេសនៅតាមតំបន់ឆ្ងាយពីទីក្រុងធំៗ ដូចជាទីក្រុងដាណាង និងកោះ Phu Quoc ជាដើម។ ការផ្គត់ផ្គង់អគារសម្រាប់លំហែកាយបានកើនដល់ទៅ ២៣៩ភាគរយ ក្នុងមួយឆ្នាំ គឺពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ ដោយបង្កឲ្យមានការផ្គត់ផ្គង់ហួសកំណត់ ដែលបណ្តាលឲ្យទីផ្សារនេះធ្លាក់ចុះនាពេលថ្មីៗនេះ។ នេះបើយោងតាមអ្នកស្រី Nguyen Trong Thuc អ្នកគ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Hotels នៅវៀតណាម។
ស្របពេលជាមួយគ្នានេះ អ្នកស្រី Hong Phuc អ្នកសរសេរអត្ថបទទស្សនៈឲ្យសារព័ត៌មាន VnExpress បារម្ភថាតើ វៀតណាមអាច «រក្សារបៀបរស់នៅរបស់ខ្លួន» រួមទាំងអត្តសញ្ញាណរបស់ខ្លួនជាមនុស្ស«រួសរាយរាក់ទាក់» និង «ស្មោះត្រង់» ដើម្បីការពារខ្លួនពី «ផលអវិជ្ជមាននៃភាពទាន់សម័យ» បានដែរឬយ៉ាងណា។
នៅក្នុងអត្ថបទថ្មីមួយ អ្នកស្រី Hong Phuc បានសួរថា៖ «តើយើងអាចរកវិធីមួយដើម្បីរក្សាលក្ខណៈសម្បត្តិដ៏ពិសេសរបស់យើងបានដែរឬទេ ស្របពេលដែលសំណង់អគារធ្វើពីថ្ម កញ្ចក់ និងដែក បំពាក់ដោយម៉ាស៊ីនត្រជាក់នៅក្នុងក្រុង មានភាពរដិបរដុបនៅឡើយនោះ?
ប្រែសម្រួលដោយ ទែន សុខស្រីនិត