ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មូលហេតុ​ដែល​ហ្វីលីពីន​ជ្រើសរើស​សហរដ្ឋ​អាមេរិក​និង​​មិន​យក​ចិន​


រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក ​Lloyd Austin (ឆ្វេង)​ ជួប​ជាមួយ​​លោក ​Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន​ ក្នុង​អំឡុង​ទស្សនកិច្ច​​នៅ​​ទីក្រុង​ម៉ានីល​ កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា ឆ្នាំ​២០២១។ ​ 

ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ដើម្បី​ស្តារ​កិច្ច​ព្រមព្រៀង​ស្តីពី​ទស្សនកិច្ច​យោធា​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ការ​គំរាម​កំហែង​រយៈពេល​៨​ខែ​ថា​នឹង​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​នោះ​បង្ហាញ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ផ្តល់​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ហ្វីលីពីន​ដើម្បី​រក្សា​មិត្តភាព​ឬ​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​ទូទៅ​រំភើប។​ នេះ​តាម​អ្នក​វិភាគ។​

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក ​Lloyd Austin​ ទៅកាន់​ទីក្រុង​ម៉ានីល​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ លោក ​Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​ថា​លោក​នឹង​បន្ត​សន្ធិសញ្ញា​ស្តីពី​ទស្សនកិច្ច​យោធា​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំណាស់​២២​ឆ្នាំ​នេះ។​លោក​ Duterte​ បាន​និយាយ​ចាប់តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ថា លោក​មាន​គម្រោង​បញ្ចប់​កិច្ច​ព្រមព្រៀង​នោះ។​

ក្រុមអ្នក​ជំនាញ​និយាយ​ថា​ លោក​ Duterte ​ដែល​បាន​កាន់​តំណែង​នៅ​ឆ្នាំ​២០១៦​បាន​ដឹង​ថា​ ចិន​នឹង​មិនធ្វើ​ទៅ​តាម​ការ​សន្យា​នៅ​ឆ្នាំ​នោះ​អំពី​ការ​ផ្តល់​ជំនួយ​និង​ការវិនិយោគទុន​ចំនួន​៣៣​ពាន់​លាន​ដុល្លារ​នៅ​ប្រទេសនេះ​ដែល​ស្រេក​ឃ្លាន​ចង់​បាន​ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។​

​អ្នក​វិភាគ​និយាយ​ថា​ ជម្លោះ​នៅ​ក្នុង​ខែ​មីនា​និង​មេសា​អំពី​ទូក​របស់​ចិន​ចំនួន​២២០​គ្រឿង​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែលប្រទេស​ទាំង​២​មាន​ជម្លោះ​នោះបាន​ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​ហ្វីលីពីន​នៅ​ក្នុង​ទីក្រុង​ម៉ានីល​កាន់​តែ​រកាំ​ចិត្ត​ដោយ​បាន​រំឭក​ពួកគេ​អំពី​ជម្លោះ​អធិបតេយ្យភាព​ដែន​ទឹក​ទ្រង់ទ្រាយធំ​ជាងនេះ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយ​ការណ៍​កាលពី​ឆ្នាំ​ទៅ​ថា​ ក្នុង​ចំណោម​ប្រាក់​ដែល​ចិន​សន្យា​ឱ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​នោះ​មាន​តែ​៤,៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​បាន​ទៅ​ដល់​ក្រុង​ម៉ានីល​នៅ​ត្រឹម​ដើម​ឆ្នាំ​២០១៩។​

កិច្ច​ព្រមព្រៀង​ទស្សន​កិច្ច​យោធា​នេះ​អនុញ្ញាត​ការ​លក់​អាវុធ​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​និង​ការ​ពិភាក្សា​លើ​កិច្ច​ប្រតិបត្តិការ​យោធា។​កិច្ច​ព្រមព្រៀង​នោះ​អនុញ្ញាត​ឲ្យ​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ចូល​ទឹកដី​ហ្វីលីពីន​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ដែល​មាន​គោល​បំណង​ធ្វើ​កិច្ចការ​សន្តិសុខ​ក្នុង​តំបន់​និង​កិច្ចការ​មនុស្សធម៌​នៅ​ហ្វីលីពីន។​ វិធាន​ការ​ទាំង​នោះ​ទ្រទ្រង់​សន្ធិសញ្ញាឆ្នាំ​១៩៥១​ស្តីពី​ការ​ការពារ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG