ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្វីលីពីន នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ការចាក់​កាក​សំណល់​ក្នុង​សមុទ្រ​ដោយ​នាវា​ចិន


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​លោក Delfin Lorenzana ធ្វើដំណើរ​ទៅកាន់​កោះ Pag-asa ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ឈ្មោះ Thitu ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រជុំកោះ Spratlys នៅ​សមុទ្រចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​នៅ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ បាន​បញ្ជាឲ្យ​យោធា​បើក​ការ​ស៊ើបអង្កេតលើ​របាយការណ៍​មួយ​របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដែល​ថា នាវា​របស់​ចិន​រាប់រយ​គ្រឿង ​បាន​ដឹក​កាក​សំណល់​កខ្វក់​យក​ទៅ​ចាក់​ចោល​នៅ​ក្នុង​តំបន់​ដែល​មាន​ការប្រទាញ​ប្រទង់​គ្នា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​បាន​រក្សា​ទុក​វត្តមាន​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ ​និង​នាវា​នេសាទ​ជា​ប្រចាំ ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​របស់​ខ្លួនលើ​ទឹក​ដី​ក្នុង​តំបន់​នោះ​ដែលក្នុង​នោះ ក៏​មាននាវាចិន​រាប់​រយ​គ្រឿង​នៅ​តំបន់​ប្រជុំ​កោះ Spratly ដែល​មាន​ការ​ទាម​ទារផង​ដែរ​ពី​ប្រទេស​ហ្វីលីពីន ប្រ៊ុយណេ កោះ​តៃវ៉ាន់ វៀតណាម​ និង​ប្រទេស​ម៉ាឡេស៊ី។

ក្រុមហ៊ុន Simularity ដែល​ជា​ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យ​រូបភាពតាម​ប្រព័ន្ធ​ផ្កាយ​រណប កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ផ្សព្វ​ផ្សាយរូបភាពតាម​ប្រព័ន្ធ​ផ្កាយ​រណប​ជា​សាធារណៈ​របស់​ខ្លួន​លើ​ទិន្នន័យ​ដែល​ខ្លួនថត​បាន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ​ដែល​បានបង្ហាញពី​ផលប៉ះពាល់​នៃ​ការចាក់​កាក​សំណល់​កខ្វក់ចូល​ក្នុង​សមុទ្រដោយ​នាវា​របស់​ចិន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍ថា «ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​ការ​បញ្ជាក់​ និង​ផ្ទៀង​ផ្ទាត់​ពីការចាក់​កាក​សំណល់​នោះ យើង​ចាត់​ទុកថា ​នេះ​ជាសកម្មភាព​មួយ​ដែល​ខ្វះ​ការទទួល​ខុសត្រូវ​ ហើយ​បើ​ជា​ការ​ពិត​មែន​នោះ វា​នឹង​ធ្វើ​ឲ្យមាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំងលើ​ប្រព័ន្ធ​បរិស្ថានសមុទ្រ​នៅ​ក្នុង​តំបន់​នោះ»។

លោក​បាន​បន្ត​ទៀត​ថា «បើ​ទោះ​បី​ជា​មានការ​ទាមទារ​ និងផលប្រយោជន៍​រៀង​ៗ​ខ្លួន​ដោយរដ្ឋ​ដែល​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​យ៉ាង​ណា​ក្តី ប្រទេស​ទាំង​អស់​ ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​បរិស្ថាន​ និង​ប្រភព​ធនធាន​ធម្មជាតិ​របស់​យើង»។

លោក​ស្រី Liz Derr សហ​ស្ថាបនិក​ និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Simularity បានលើក​ឡើង​នៅក្នុង​វេទិកា​ពិភាក្សា​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា កាកសំណល់​ទាំង​នោះ​ អាចគំរាម​កំហែង​ដល់​ធនធាន​មច្ឆាក្នុង​តំបន់​នោះ។

ស្ថាន​ទូត​ចិន​ក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទេ​ នៅ​ពេលអ្នក​កាសែតស្នើ​សុំ​ឲ្យ​មាន​ការបក​ស្រាយ​ជុំវិញ​របាយការណ៍​របស់ក្រុមហ៊ុន Simularity នោះ​៕

XS
SM
MD
LG