សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានព្រមានដល់ប្រទេសចិនជាថ្មីម្តងទៀតថា ការវាយប្រហារណាមួយលើកងទ័ពហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូងនោះ នឹងអាចនាំឲ្យមានការប្រើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិកនិងហ្វីលីពីនឆ្នាំ១៩៥១។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានថ្លែងយ៉ាងដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលបានធ្វើឡើងចំខួប៥ឆ្នាំនៃសាលក្រមរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិដែលបានបដិសេធការទាមទារកាន់កាប់ដ៏លើសលប់របស់ចិនក្នុងសមុទ្រចិនខាងត្បូងនោះ។
ប្រទេសចិនដែលបានទាមទារទឹកដីភាគច្រើនក្នុងសមុទ្រចិនខាងត្បូងនោះ បានទទួលរងនូវការតវ៉ាពីប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់និងប្រទេសវៀតណាម។ ចិនបានបញ្ជាក់ជាថ្មីទៀតកាលពីថ្ងៃសុក្រកន្លងទៅថា រដ្ឋាភិបាលចិនមិនទទួលស្គាល់នូវសាលក្រមរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនោះទេ។
លោក Blinken លើកឡើងថា៖ «សហរដ្ឋអាមេរិកគូសបញ្ជាក់ជាថ្មីនូវនយោបាយរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការទាមទារដែនសមុទ្ររបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយលោកនិយាយយោងទៅលើការបដិសេធរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump លើការទាមទារនូវប្រភពធនធានភាគច្រើនបំផុតដោយប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោកបន្ថែមថា៖ «យើងសូមបញ្ជាក់សារជាថ្មីថា ការវាយប្រហារណាមួយទៅលើកងកម្លាំងប្រដាប់អាវុធ នាវាសាធារណៈ និងយន្តហោះរបស់ប្រទេសហ្វីលីពីន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ នឹងអាចនាំទៅដល់ការប្រើប្រាស់សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងហ្វីលីពីននិងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងក្នុងឆ្នាំ១៩៥១ ត្រង់មាត្រាទី៤ ស្តីពីការសន្យាការការពារគ្នាទៅវិញទៅមករបស់អាមេរិក៕