អ្នកវិភាគ និងអ្នកបង្កើតគោលនយោបាយ និយាយថា វាជារឿងដ៏មានប្រសិទ្ធភាពមួយដែលពលរដ្ឋកោះតៃវ៉ាន់ យល់ព្រមឲ្យរដ្ឋាភិបាលចាត់វិធានការពារទុកជាមុន និងត្រៀមលក្ខណៈការពារឲ្យបានខ្លាំងក្លា ដើម្បីទប់ទល់នឹងការផ្ទុះឡើងដោយឥតព្រៀងទុកនៃមេរោគកូរ៉ូណាថ្មីកាលពីខែមុន។
មន្ត្រីសុខាភិបាលតៃវ៉ាន់បានឃើញពីការឆ្លងរាលដាលនៃមេរោគនេះនៅភូមភាគកណ្ដាលនៃប្រទេសចិន ក្នុងទីក្រុងវ៉ូហាន កាលពីខែធ្នូឆ្នាំមុន និងបានចាប់ផ្ដើមត្រួតពិនិត្យអ្នកធ្វើដំណើរពីទីនោះចូលមកកោះតៃវ៉ាន់។ ពួកគេក៏បានបិទការហោះហើរជាច្រើនពីប្រទេសចិន ដែលជាកន្លែងផ្ទុះដំបូងនៃមេរោគនេះ មុនប្រទេសជាច្រើនទៀតក្នុងទ្វីបអាស៊ី។
ឥឡូវនេះអាគារសាធារណៈស្ទើរតែទាំងអស់នៅក្នុងទីក្រុងតៃប៉ិ ផ្ដល់ទឹកអាល់កុលលាងដៃ ហើយនៅតាមសាលារៀន គឺតម្រូវឲ្យគ្រប់គ្នាវាវាស់កម្ដៅក្នុងខ្លួនមុនចូលក្នុងបរិវេណសាលា។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់កោះតៃវ៉ាន់ ប្រកាសពីករណីឆ្លងថ្មីៗ ជារៀងរាល់ថ្ងៃ។ កាលពីខែកុម្ភៈ កោះតៃវ៉ាន់បានចាប់ផ្ដើមកំណត់ចំនួនការទិញម៉ាស់ ដើម្បីបង្ការកុំឲ្យមានការជ្រួលច្របល់ទិញម៉ាស់។
លោក You Ying-lung ប្រធានទីភ្នាក់ងារស្ទង់មតិសាធារណៈតៃវ៉ាន់៖ «នៅពេលមានករណីឆ្លងជំងឺ COVID-19 ដំបូង ប្រជាជនគិតថាកោះតៃវ៉ាន់ច្បាស់ជាវេទនាមិនខាន ព្រោះថាតៃវ៉ាន់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយចិន ហើយគ្រោះថ្នាក់ច្បាស់ជាមិនអាចគេចផុតនោះទេ»។
លោកបន្ថែមថា៖ «ប៉ុន្តែដូចឃើញច្បាស់ហើយ កោះតៃវ៉ាន់មិនប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក្លានោះទេ បើប្រៀបធៀបនឹងប្រទេសមួយចំនួនក្នុងពិភពលោក ដោយហេតុថាតៃវ៉ាន់បានចាត់វិធានការយ៉ាងល្អ»។
រដ្ឋាភិបាលតៃវ៉ាន់បានកត់សម្គាល់លើមេរោគនេះក្នុងខែធ្នូឆ្នាំមុន នៅពេលដែលប្រជាជននៅក្នុងប្រទេសចិនបាននិយាយពីរឿងនេះក្រៅផ្លូវការ។ ជាការឆ្លើយតប មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងទាំងឡាយ បានចាប់ផ្ដើមអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែករាល់អ្នកដំណើរដែលធ្វើដំណើរផ្ទាល់ពីទីក្រុងវ៉ូហាន កាលពីថ្ងៃទី៣១ ខែធ្នូ។
មជ្ឈមណ្ឌលទាំងនេះបានឲ្យដឹងនៅលើគេហទំព័ររបស់ពួកគេថា គិតត្រឹមថ្ងៃទី៩ ខែមករា ជើងហោះហើរចំនួន ១៤ និងអ្នកដំណើរ និងអ្នកធ្វើការលើយន្តហោះចំនួន ១.៣១៧ នាក់ត្រូវបានត្រួតពិនិត្យ។
ប្រទេសផ្សេងៗទៀត បានចាប់អារម្មណ៍ពីមេរោគនេះ នៅចុងខែមករា។ ទោះបីជាចំនួននៃការឆ្លងថ្មីត្រូវបានធ្លាក់ចុះនៅប្រទេសចិនក៏ដោយ តែករណីឆ្លងនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងកើនឡើងគួរឲ្យកត់សម្គាល់។
លោក Lo Chih-cheng សមាជិកសភាម្នាក់ បាននិយាយថា មន្ត្រីនៅក្នុងកោះតៃវ៉ាន់បានប្រើវិធីសាស្ត្រទប់ស្កាត់យ៉ាងសកម្ម បើប្រៀបធៀប ទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី តាមរយៈការបញ្ឈប់ជើងហោះហើរពីប្រទេសចិន។ ពលរដ្ឋតៃវ៉ាន់រាប់ម៉ឺននាក់រស់នៅក្នុងប្រទេសចិន ហើយពួកគេជាច្រើននាក់ត្រឡប់មកតៃវ៉ាន់វិញក្នុងពេលពីរខែដំបូងនៃដើមឆ្នាំថ្មី ដើម្បីធ្វើវិស្សមកាល ដែលនេះជាផ្នែកមួយដែលបង្កឲ្យមានការកើនឡើងនៃចំនួនពលរដ្ឋតៃវ៉ាន់ដែលអាចឆ្លងមេរោគនេះ។
ការប្រកាសជារៀងរាល់ថ្ងៃរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង មានបង្ហាញផងដែរនូវព័ត៌មានលម្អិតអំពីអាការៈដែលអ្នកទើបឆ្លងជំងឺនេះថ្មីៗ អាចនឹងធ្លាក់ខ្លួនឈឺ និងថាតើនរណាផ្សេងទៀតអាចឆ្លងជំងឺនេះ។ ឧទាហរណ៍ ជនរងគ្រោះម្នាក់ប្រចាំដែនកោះនេះ ដែលបានបាត់បង់ជីវិតត្រូវបានគេស្គាល់ថា ជាអ្នកបើកឡានតាក់ស៊ីអាយុខ្ទង់ ៦០ឆ្នាំ ដែលមានជំងឺប្រចាំកាយចំនួនពីរស្រាប់។
លោក Lo Chih Cheng បាននិយាយថា៖ ពលរដ្ឋតៃវ៉ាន់ម្នាក់ទុករឿងតម្លាភាពថាមាន «សារៈសំខាន់ណាស់»។ អ្នកវិភាគនានាជឿថា រដ្ឋាភិបាលបានបញ្ចេញព័ត៌មានដែល ជំរុញឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយមិនបង្កឲ្យមានការភ័យស្លន់ស្លោណាមួយឡើយ។
សាលារៀននៅកោះតៃវ៉ាន់ បានដំណើរការឡើងវិញពីរសប្ដាហ៍មុនការគ្រោងទុក បន្ទាប់ពីឈប់សម្រាកក្នុងខែកុម្ភៈ ដែលផ្ទុយពីស្ថានភាពនៅក្នុងទីក្រុងហុងកុង និងប្រទេសជប៉ុនដែលមានករណីឆ្លងជំងឺនេះច្រើនជាង។
កោះតៃវ៉ាន់ចាត់វិធានបានលឿនដោយសារដែនដីមួយនេះធ្លាប់មានបទពិសោធន៍ជាមួយជំងឺ SARS ឬជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កាលពី ១៧ ឆ្នាំមុន។ ជំងឺ SARS មានដើមកំណើតនៅក្នុងប្រទេសចិន និងបានរាលដាលដល់ប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី។ វាមានសម្លាប់មនុស្ស ៧៣ នាក់ក្នុងកោះតៃវ៉ាន់។
មន្ត្រីរដ្ឋាភិបាលកំពុងស្វែងរកវិធីកាត់បន្ថយផល់ពាល់មកលើសេដ្ឋកិច្ច ដែលបង្កឡើយដោយមេរោគ COVID-19។
ទីភ្នាក់ងារទេសចរណ៍បានឲ្យដឹងថា ចំណូលដែលបានមកពីវិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះយ៉ាងគំហុកក្នុងខែកុម្ភៈ ដោយសារខ្វះជើងហោះហើរ និងការភ័យខ្លាចរបស់ពលរដ្ឋតៃវ៉ាន់ក្នុងការធ្វើដំណើរទៅក្រៅប្រទេស។ ការលុបចោលព្រឹត្តិការណ៍នានានៅក្នុងស្រុក ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺឆ្លងនេះ កំពុងប៉ះពាល់ដល់ផ្នែកជាច្រើននៃឧស្សាហកម្មទេសចរណ៍នេះផងដែរ។
នៅក្នុងវិស័យផលិតកម្មរបស់តៃវ៉ាន់ ក្រុមហ៊ុនដែលមានរោងចក្រនៅក្នុងប្រទេសចិន កំពុងប្រឈមនឹងការផលិតយឺតយ៉ាវ ប្រសិនបើកម្មករបន្តស្នាក់នោក្នុងគេហដ្ឋាន ដើម្បីជៀសវាងការឆ្លងមេរោគ COVID-19។
លោក Huang Kwei-bo ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកិច្ចការបរទេស នៅឯសាកលវិទ្យាល័យNational Chengchi University ក្នុងទីក្រុងតៃប៉ិ បាននិយាយថា៖
«ផលប៉ះពាល់ចុងក្រោយបំផុតគឺថា ផលិតផលក្នុងស្រុកសរុប GDP របស់តៃវ៉ាន់នឹងថយចុះ ពីព្រោះ GDP របស់តៃវ៉ាន់គឺទាក់ទងជាមួយសេដ្ឋកិច្ចប្រទេសចិន»។
រដ្ឋសភាតៃវ៉ាន់បានអនុម័តកញ្ចប់ថវិកាបន្ទាន់ ១ពាន់ ៩រយ៦០លានដុល្លារកាលពីខែមុន សម្រាប់ជួយដល់ក្រុមហ៊ុនដែលរងគ្រោះដោយសារការផ្ទុះឡើងនៃមេរោគ COVID-19 នេះ។ លោក Lo និយាយថា បន្ទាប់ពីការថយចុះនៃការឆ្លងមេរោគនេះ រដ្ឋាភិបាលនឹងបញ្ចេញប័ណ្ណបញ្ចុះតម្លៃ ដើម្បីជំរុញការចំណាយ។ រដ្ឋាភិបាលក៏កំពុងរៀបចំប័ណ្ណបញ្ចុះតម្លៃផ្សេងទៀតផងដែរ។
លោក Lo និយាយថា៖ «យើងត្រូវធ្វើអ្វីមួយដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីឲ្យពួកគេឆ្លងផុតដំណាក់កាលលំបាកនេះ ឧទាហរណ៍រដ្ឋាភិបាលគួរតែបន្ទាបការប្រាក់ និងជួយដល់ប្រជាជន ឬក្រុមហ៊ុន ឬរោងចក្រ ឲ្យទទួលបានកម្ចីថ្មីពីធនាគារ ដូច្នេះ នេះជាដំណាក់កាលដំបូង»។
ការស្ទង់មតិសាធារណៈកាលពីថ្ងៃទី ២៤ ខែកុម្ភៈបានបង្ហាញថា ការចាត់វិធានការប្រឆាំងនឹងមេរោគកូរ៉ូណាថ្មីនេះ ទាន់ពេលវេលា បានបង្កើនអត្រាគាំទ្ររបស់ប្រជាជនទៅលើអ្នកស្រី Tsai Ing-wen ដែលបានកើនឡើងពី ៥៦,៧% កាលពីខែមករា មកដល់ ៦៨,៥% ក្នុងខែកុម្ភៈ ដែលចំនួននេះដូចគ្នាទៅនឹងអត្រាកាលពីអ្នកស្រីចូលកាន់ដំណែងដំបូងកាលពីឆ្នាំ ២០១៦។ បណ្ដាញទូរទស្សន៍ក្នុងស្រុក TVBS បានបង្ហាញថាការគាំទ្ររបស់ប្រជាពលរដ្ឋដល់រដ្ឋាភិបាលមាន ៨២% ទាក់ទងនឹងការដោះស្រាយវិបត្តិផ្ទុះឡើងនៃមេរោគ COVID-19 នេះ។
លោក You បាននិយាយថា៖ «នេះមានន័យថារដ្ឋាភិបាលលោកស្រី Tsai កំពុងធ្វើបានយ៉ាងល្អ»៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា