ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា វ៉ាក់សាំង​មេរោគ​កូរ៉ូណា​ថ្មី​ប្រហែល​ជា​អាច​ប្រើ​ក្នុង​ស្ថានការណ៍​បន្ទាន់​បាន​នៅ​ខែ​មេសា​ខាង​មុខ


បុគ្គលិក​សុខាភិបាល​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ថ្មី COVID-19 នៅ​មជ្ឈមណ្ឌលKrasnodar សម្រាប់​អនាម័យ​និង​ជំងឺ​ឆ្លង​រាតត្បាត​ ទីក្រុង Krasnodar ប្រទេស​រុស្ស៊ី ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា វ៉ាក់សាំង​លើក​ដំបូង​សម្រាប់​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19 អាច​ត្រូវ​ដាក់​ឲ្យ «ប្រើប្រាស់​សម្រាប់​ស្ថានការណ៍​បន្ទាន់‍» នៅ​ខែ​ក្រោយ។

លោក Zheng Zhongwei ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ប្រទេស​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា ប្រទេស​ចិន​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​អស់​ពី​សមត្ថភាព​តាមតែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្កើត​វ៉ាក់សាំង​សម្រាប់​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ថ្មី​នេះ។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ មេរោគ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១០ ម៉ឺន ៦ ពាន់​នាក់ និង​សម្លាប់​មនុស្ស​ជាង ៣.៥០០ នាក់​នៅ​ទូទាំង​ពិភពលោក។

លោក Zheng Zhongwei បាន​បញ្ជាក់​ដូច្នេះ​ថា៖ «បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​យើង យើង​មាន​សង្ឃឹម​ថា នៅ​ខែ​មេសា​ខាង​មុខ វ៉ាក់សាំង​នេះ​មួយ​ចំនួន​នឹង​ត្រូវ​ឆ្លងកាត់​ការ​ស្រាវជ្រាវ​ពិសោធន៍ ឬ​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ក្នុង​ស្ថានការណ៍​បន្ទាន់‍​បាន»។

លោក Zheng Zhongwei បាន​លើក​ឡើង​ថា វិទ្យាស្ថាន​ស្រាវជ្រាវ​វ៉ាក់សាំង​រាប់​សិប​កន្លែង​របស់​ប្រទេស​ចិន​កំពុង​ចូលរួម​នៅ​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​នេះ ហើយ​ការ​បង្កើត​វ៉ាក់សាំង​ប្រភេទ​ផ្សេងៗ​ទៀត​ក៏​កំពុង​ដំណើរការ​ទៅ​មុខ​ផង​ដែរ។

ការ​បង្កើត​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​គឺ​ត្រូវការ​ពេលវេលា ការ​វិនិយោគ និង​វិទ្យាសាស្ត្រ​ល្អ។ សម្រាប់​មេរោគ​កូរ៉ូណា​ដូចជា​មេរោគ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ COVID-19 នេះ​ជា​ដើម ដំណើរការ​បង្កើត​វ៉ាក់សាំង​គឺ​រឹតតែ​មាន​ការ​ប្រឈម​ខ្លាំង​ជាង​នេះ​ទៀត។ គ្រាន់តែ​ការ​ពិសោធន៍​វ៉ាក់សាំង​ប្រភេទ​នេះ​ដើម្បី​ឲ្យ​ដឹង​ថា​តើ​វា​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ប៉ុណ្ណា​នោះ គឺ​ត្រូវការ​ពេល​ពី ១២ ខែ ទៅ ១៨ ខែ ឬ​ក៏​ច្រើន​ជាង​នេះ​ផង​ក៏​ថា​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នានា។

បើ​យោង​តាម​ច្បាប់​ប្រទេស​ចិន វ៉ាក់សាំង​ដែល​ផលិត​សម្រាប់​ភាព​បន្ទាន់​ខ្លាំងក្លា​ផ្នែក​សុខភាព​សាធារណៈ​អាច​អនុញ្ញាត​ឲ្យ​ប្រើ​បន្ទាន់​ក្នុង​លក្ខខណ្ឌ​ជាក់លាក់​ណា​មួយ ប្រសិនបើ​ទីភ្នាក់ងារ​រដ្ឋបាល​ផលិតផល​ថ្នាំ​ពេទ្យ​ជាតិ​នៃ​ប្រទេស​ចិន​ពិចារណា​ទៅ​ឃើញ​ថា ការ​ប្រើ​វ៉ាក់សាំង​នេះ​អាច​មាន​ប្រយោជន៍​ច្រើន​ជាង​ហានិភ័យ។

លោក Zheng Zhongwei មិន​បាន​រៀបរាប់​លំអិត​អំពី​ថា​តើ​វ៉ាក់សាំង​នេះ​អាច​ប្រើ​បាន​សម្រាប់​មនុស្ស​ក្នុង​លក្ខខណ្ឌ​អ្វី​នោះ​ទេ។

ប្រទេស​ចិន​បាន​ប្រកាស​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ធ្វើ​ការ​ពិសោធន៍​វ៉ាក់សាំង​នេះ​យ៉ាង​លឿន​បំផុត​នៅ​ដើម​ខែ​មេសា​ខាង​មុខ។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ដំណើរការ​មួយ​ជា​លើក​ដំបូង​ដែល​លឿន​នឹក​ស្មាន​មិន​ដល់ ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា Moderna នៅ​រដ្ឋ Massachusetts បាន​បញ្ជូន​វ៉ាក់សាំង​របស់​ខ្លួន​កាល​ពី​ខែ​មុន​ទៅ​ឲ្យ​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡ៊ែកហ្ស៊ី និង​ជំងឺ​ឆ្លង ដើម្បី​ចាប់ផ្ដើម​សាកល្បង​ប្រើ​លើ​មនុស្ស។

អ្នក​វិទ្យាសាស្ត្រ​នានា​បាន​និយាយ​ថា ពិភពលោក​នៅ​ត្រូវការ​ពេល​វេលា​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ដើម្បី​ស្វែង​រក​វ៉ាក់សាំង​សម្រាប់​ទប់ទល់​នឹង​មេរោគ​នេះ។

លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡ៊ែកហ្ស៊ី និង​ជំងឺ​ឆ្លង បាន​និយាយ​នៅ​ក្នុង​ពេល​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​ប្រធានាធិបតី​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដំណើរការ​ទាំង​មូល​នៃ​ការ​យល់ព្រម​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​គឺ​ត្រូវការ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ៕

ប្រែ​សម្រួល​ដោយលោក ភី សុភាដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG