ប្រទេសចិនកាលពីថ្ងៃចន្ទបានរាយការណ៍អំពីចំនួនអ្នកឆ្លងថ្មីតិចបំផុត ខណៈដែលមួយភាគបួននៃពលរដ្ឋអ៊ីតាលីត្រូវបានអាជ្ញាធរដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពដាច់ដោយឡែក ហើយនៅសហរដ្ឋអាមេរិកវិញ នាវាកម្សាន្តមួយត្រៀមខ្លួនឡើងគោកខណៈដែលអ្នកដំណើរលើនាវាមួយចំនួនត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី Covid-19។
មន្ត្រីចិននិយាយថា ក្នុងថ្ងៃចន្ទនេះមានការឆ្លងថ្មីចំនួន៤០ករណីដែលជា ការឆ្លងប្រចាំថ្ងៃតិចបំផុតចាប់តាំងពីខែមករាមក គឺនៅមុនដែលអាជ្ញាធរចិនចាប់ផ្តើមចេញបម្រាមបិទសកម្មភាពនិងការធ្វើដំណើរនៅទីក្រុងនិងតំបន់ទីប្រជុំជនមួយចំនួនក្នុងប្រទេស។
ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមធ្វើការបិទសកម្មភាពនិងការធ្វើដំណើរដែលពាក្យបច្ចេកទេសថា ចត្តាឡីស័ក នៅតំបន់ភាគខាងជើងប្រទេស រួមទាំងតំបន់ទីក្រុង Milan និង ក្រុង Venice ខណៈដែលចំនួនអ្នកស្លាប់ក្នុងថ្ងៃអាទិត្យមានចំនួនដល់១៣៣នាក់ ដែលធ្វើឲ្យអ្នកស្លាប់នៅអ៊ីតាលីសរុបកើនដល់៣៦៦។
ការធ្វើដំណើរចេញចូល តំបន់ភាគខាងជើងប្រទេសអ៊ីតាលីនេះត្រូវបានរឹតត្បិតយ៉ាង ខ្លាំងរហូតដល់ដើមខែមេសា ខណៈដែលអ៊ីតាលីព្យាយាមទប់ស្កាត់នឹងការស្លាប់យ៉ាងច្រើនជាបន្តបន្ទាប់ពីមេរោគថ្មីនេះ ដោយអាជ្ញាធរបញ្ជាឲ្យបិទសារមន្ទីរ រោងភាពយន្ត និងកន្លែងកម្សាន្តនានាទូទំាងប្រទេស។
អ៊ីតាលីក៏បានស្នើឲ្យគ្រូពេទ្យដែលចូលនិវត្តន៍រួមត្រឡប់មកធ្វើការជួយព្យាបាលអ្នកជំងឺ Covid-19។
នៅសហរដ្ឋអាមេរិក មកទល់នឹងពេលនេះមានអ្នកស្លាប់ពីជំងឺ Covid-19ចំនួន២១នាក់ និងការឆ្លងសរុបចំនួនជាង៥០០ករណីហើយ។
នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងលិចប្រទេស នាវាកម្សាន្ត Grand Princess កំពុងសំចតនៅក្បែរឆ្នេរខណៈមន្ត្រីថ្នាក់រដ្ឋនិងសហព័ន្ធកំពុងរៀបចំគម្រោងដើម្បីឲ្យអ្នកដំណើរអាចឡើងគោកបាន ដោយមានអ្នកដំណើរខ្លះបានឆ្លងមេរោគកូរ៉ូណា។
នៅទូទាំងពិភពលោក អង្គការសុខភាពពិភពលោករាយការណ៍នៅថ្ងៃចន្ទនេះថា មេរោគ Covid-19 បានឆ្លងទៅដល់ជាង១០០ប្រទេស ដោយមានអ្នកឆ្លងកើនឡើងដល់ដល់ជាង១០៦.០០០នាក់ ដោយចំនួនអ្នកស្លាប់កើនឡើងដល់ជាង៣.៥០០នាក់៕