ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​ប្រទេស​ដែល​មាន​ការ​ឆ្លងរាលដាល​វីរុស​កូរ៉ូណា​ថ្មី​ COVID-19 ​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ


ស្ត្រី​បម្រើការ​នៅ​អាកាសយានដ្ឋាន ​Shahjalal ក្នុង​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស បាន​វាស់​កម្ដៅ​ក្នុង​ខ្លួន​អ្នក​ដំណើរ​ម្នាក់​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន រក​វីរុស​កូរ៉ូណា​ថ្មី ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ២០២០។​

បណ្ដា​ប្រទេស​ដែល​មាន​ការ​ឆ្លងរាលដាល​វីរុស​កូរ៉ូណា​ថ្មី​ COVID-19 បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ បើ​ទោះ​ជា​មាន​ការ​លុបចោល​ព្រឹត្តិការណ៍​មួយ​ចំនួន​ក៏​ដោយ។ ​

បណ្ដាញ​ព័ត៌មាន​របស់​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្ទុះ​ឡើង​វីរុស​កូរ៉ូណា COVID-19 មុន​គេ​បង្អស់ បាន​កោតសរសើរ​បុគ្គលិក​សុខាភិបាល​ជា​ស្ត្រី​ដែល​ស្ថិតនៅ​ជួរ​មុខ​ ក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​សុខភាព​សាធារណៈ​នេះ។
ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ បណ្ដាញ​ព័ត៌មាន​ស៊ីនហួរ​របស់​រដ្ឋ​ចិន បាន​ផ្សាយ​អំពី​ជីវប្រវត្តិ​របស់​ស្ត្រី​ជា​អ្នក​ជំនាញ​នៅ​មន្ទីរ​ពិសោធន៍ គិលានុបដ្ឋាយិកា ​និង​អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ ដែល​ជួយ​ដល់​អ្នក​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ការ​ឆ្លង​រាលដាល​វីរុស COVID-19។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO បុគ្គលិក​សុខាភិបាល​ប្រមាណ​៧០%​នៅ​ទូទាំង​ពិភពលោក​គឺ​ជា​ស្ត្រី។

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​ការ​ឆ្លង​រាលដាល​វីរុស ​COVID-19 នេះ​ច្រើន​បំផុត​នៅ​ក្រៅ​ប្រទេស​ចិន បាន​លុបចោល​ព្រឹត្តិការណ៍​ជាច្រើន​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​។ នេះ​បើយោង​តាម​បណ្ដាញ​ព័ត៌មាន​បារាំង AFP។

លោក Lee Jung-Ok រដ្ឋមន្ត្រី​សមភាព​យែនឌ័រ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ បាន​ថ្លែង​តាម​សារ​ជា​វីដេអូ​មួយ​ថា៖ «ថ្វីត្បិត​តែ​យើង​មិន​អាច​ប្រារព្ធ​ទិវា​នេះ​ជាមួយ​គ្នា​ដោយ​ផ្ទាល់​បាន ប៉ុន្តែ​យើង​នៅ​តែ​ទទួល​ស្គាល់​ក្នុង​ចិត្ត​ថា សមភាព​យែនឌ័រ​មាន​ភាព​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំងអស់‍»។

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​វិញ ដែល​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​ COVID-19ច្រើន​បំផុត​នៅ​ក្រៅ​ប្រទេស​ចិន រដ្ឋាភិបាល​បាន​ដាក់​កម្រិត​មនុស្ស​ចំនួន​២៥%មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ណា​ទាំងអស់ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ។
ប្រធានបទ​សម្រាប់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២០២០​នេះ​គឺ​ថា «សមភាព​សម្រាប់​គ្រប់គ្នា‍‍។ ពិភពលោក​ស្មើភាព​គ្នា​គឺ​ជា​ពិភពលោក​ដែល​មនុស្ស​មាន​សិទ្ធិ​សេរីភាព»។ នេះ​បើ​យោង​តាម​គេហទំព័រ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG