ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតំណាងសហរដ្ឋអាមេរិកស្នើជួបភាគីកូរ៉េខាងជើងនៅទីណាក៏បាន ពេលណាក៏បាន


រូបឯកសារ៖ អ្នក​ដំណើរ​មើល​កញ្ចក់​ទូរទស្សន៍​មួយ ដែល​បង្ហាញ​ពី​រូប​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុងទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នក​ដំណើរ​មើល​កញ្ចក់​ទូរទស្សន៍​មួយ ដែល​បង្ហាញ​ពី​រូប​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុងទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

អ្នក​តំណាង​ពិសេស​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​បញ្ហា​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ច័ន្ទនេះ​បាន​ស្នើ​ជួប​ជាមួយ​អ្នក​តំណាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​«នៅ​កន្លែង​ណាក៏បាន​ពេល​ណា​ក៏​បានដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន»​ ដោយ​គ្មាន​ការ​ទាក់ទង​ជា​សាធារណៈ​ទេ​រវាង​រដ្ឋបាល​លោក​ប្រធានាធិបតី ​Joe Biden​ និង​ប្រទេស​កុម្មុយនីស្ត​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ។​

សុន្ទរកថា​របស់​លោក​ Sung Kim​ បាន​ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​គឺ​លោក​គីម ជុងអ៊ុន​ កាលពី​សប្តាហ៍​មុន​បាន​ចេញ​ប្រតិកម្ម​ជាលើក​ដំបូង​ចំពោះ​ការ​ពិនិត្យ​ឡើង​វិញ​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​វិធីសាស្រ្ត​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ឯកោ​របស់​លោក​ ដោយ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រូវតែ​ត្រៀម​សម្រាប់​ទាំង​ «ការ​សន្ទនា​គ្នា​និង​ការ​ប្រឈម​មុខ​គ្នា»។​

រដ្ឋបាល​លោក ​Biden ​កាល​ពីមុន​បាន​សន្យា​ថា​«នឹង​រក​វិធីសាស្រ្ត​ជាក់ស្តែង​ដោយ​មាន​ការ​គិត​គូរ​ហ្មត់ចត់»​ រួមទាំង​កិច្ច​ប្រឹងប្រែង​ការទូត​ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ក្រីក្រ​បំផុត​នេះ​ ឱ្យ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​និង​កម្ម​វិធី​មីស៊ីល​ផ្លោង។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៥​ ថ្ងៃ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​លោក​ Sung Kim ​បាន​និយាយ​ថា​ «យើង​នៅតែ​សង្ឃឹម​ថា​ កូរ៉េ​ខាងជើង​នឹង​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​ការ​ផ្សព្វផ្សាយ​និង​ការ​ស្នើឡើង​របស់​យើង​ដើម្បី​ជួប​ទីណា​ក៏បាន ​ពេលណា​ក៏បាន​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន»។​

កាលពី​សប្តាហ៍​មុន​លោក​ គីម ជុងអ៊ុន​ បាន​និយាយ​ថា​ ស្ថានភាព​ស្បៀង​អាហារ​របស់​ប្រទេស​លោក​មាន​ភាព​តានតឹង​ដែល​ស្តាប់​ទៅ​ដូច​ជា​ការ​ប្រកាស​អាសន្ន​នៅ​ក្នុង​ប្រទេស​ដែល​វិស័យ​កសិកម្ម​បាន​តស៊ូ​ដោយ​ពិបាក​ចិញ្ចឹម​ខ្លួន​ឯង​ជាយូរ​មក​ហើយ​ហើយ​ឥឡូវ​នេះ​ត្រូវ​ផ្តាច់​ខ្លួន​ឆ្ងាយ​ពី​គេ​ឯង​ដើម្បី​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា៕

XS
SM
MD
LG