ការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩នៅក្នុងប្រទេសជាច្រើន មួយផ្នែកបណ្តាលមកការមិនប្រុងប្រយ័ត្នរបស់ពួកយុវជនក្មេងៗក្នុងអំឡុងនៃរដូវក្តៅនៅអឌ្ឍគោលខាងជើង។នេះបើតាមលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
យុវជនក្មេងៗ ភាគច្រើនមិនពាក់ម៉ាស់ កំពុងមិនអើពើអនុសាសន៍ឲ្យឃ្លាតនៅឆ្ងាយពីគ្នានៅតាមរង្គសាល ក្លឹបរាត្រីនិងឆ្នេរសមុទ្រដែលបានបើកឡើងវិញចាប់តាំងពីពួកអាជ្ញាធរបានលុបចោលការរឹតត្បិតដោយសារមេរោគកូរ៉ូណាមក។
លោកស្រី Maria Van Kerkhove វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោកដែលបានហៅ «ក្លឹបរាត្រីថាជាកន្លែងធ្វើឲ្យមានការឆ្លងខ្លាំងបំផុតនោះ»បាននិយាយថា «ភាគច្រើននៃយុវជនក្មេងៗ បានឆ្លងជំងឺនោះស្រាល។ ក៏ប៉ុន្តែ ការឆ្លងនោះ មិនដូចគ្នាទាំងអស់ទេ»។
ពួកយុវជនក្មេងៗដែលបានបង្ហាញរោគសញ្ញាស្រាលឬមិនមានរោគសញ្ញា អាចចម្លងវីរុសដល់មនុស្សចាស់ៗដែលងាយទទួលរងគ្រោះ។
នៅក្នុងប្រទេសប្រេស៊ីល លោកប្រធានាធិបតី Jair Bolsonaro ដែលបានធ្វើតេស្តមានមេរោគកូរ៉ូណាវិជ្ជមានកាលពីថ្ងៃទី៧ ខែក្កដាហើយបានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បាននិយាយថា បន្ទាប់ពីស្ថិតនៅក្នុងផ្ទះចំនួន២០ថ្ងៃមក លោកមានផ្សិតនៅលើសួតរបស់លោក។ លោកត្រូវបានព្យាបាលដោយប្រភេទថ្នាំ Antbiotics។លោកបាននិយាយម្តងហើយម្តងទៀតដោយចាត់ទុកជំងឺកូវីដ១៩ថាជា«គ្រុនផ្តាសាយតូច»។
រហូតមកទល់រសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រេស៊ីលមានការឆ្លង២លាន៦សែនករណីនិងមនុស្សស្លាប់៩១.២៦៣នាក់។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkisn របស់សហរដ្ឋអាមេរិក។
តាមសេចក្តីថ្លែងការណ៍មកពីវិមានប្រធានាធិបតីប្រេស៊ីល បានប្រាប់ឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងនៅប្រេស៊ីលគឺលោកស្រី Michelle Bolsonaro ភរិយារបស់ប្រធានាធិបតីដែលបានធ្វើតេស្តមានជំងឺកូវីដ១៩វិជ្ជមាន។
លោក Marcos Pontes រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បាននិយាយថា លោកបានធ្វើតេស្តមានមេរោគកូរ៉ូណាវិជ្ជមានដែលបានធ្វើឲ្យលោកបានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីទី៥ដែលបានឆ្លងវីរុសនោះ៕