ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ពី​មេរោគ​កូរ៉ូណា​នៅអូស្ត្រាលី​ឡើង​ទៅដល់​១៨៩​នាក់


មន្រ្តីផ្នែកសុខាភិបាលចូលក្នុងមណ្ឌលសុខភាពមួយនៅក្រុង Melbourne ខណៈពេលមានការរាតត្បាតវីរុសកូរ៉ូណានៅទីក្រុងនេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
មន្រ្តីផ្នែកសុខាភិបាលចូលក្នុងមណ្ឌលសុខភាពមួយនៅក្រុង Melbourne ខណៈពេលមានការរាតត្បាតវីរុសកូរ៉ូណានៅទីក្រុងនេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋ Victoria ភាគ​ខាង​ត្បូង​ប្រទេស​អូស្រ្តាលី បានចុះផ្សាយ​ការឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៧២៣​ករណី​ និង​មនុស្ស​ស្លាប់​១៣នាក់​កាលពី​ថ្ងៃ​ពុធ​ជា​កំណត់ត្រា​ថ្មី​រយៈពេល​មួយ​ថ្ងៃ​សម្រាប់​រដ្ឋ​ដែលមានការ​ឆ្លង​ខ្លាំង​បំផុត​មកពី​ជំងឺនេះ។

ចំនួន​ឆ្លងមេរោគ​កូរ៉ូណា​ថ្មីមាន​លើសពី៥៣២ករណី​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ សម្រាប់​រដ្ឋ​ដែល​មាន​មនុស្ស​ច្រើន​ទី២​ក្នុង​ប្រទេស​អូស្ត្រាលី។ រដ្ឋ Victoria ឥឡូវនេះ​បានចុះផ្សាយ​ការឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ទាំងអស់​ចំនួន​៩ពាន់​៩រយ​ករណី​និង​មនុស្ស​ស្លាប់ ១០៥នាក់ ដោយ​បានធ្វើឲ្យ​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​អូស្ត្រាលី​មាន​១ម៉ឺន​៦ពាន់​២រយ​៩៨ករណី​និង​មនុស្ស​ស្លាប់​១៨៩នាក់។

ទីក្រុង Melbourne ដែលជា​រដ្ឋធានី​របស់រដ្ឋ Victoria ជា​ទីកន្លែង​ផ្ទុះដ៏​ខ្លាំង​បំផុត​នៃ​ជំងឺ​កូវីដ១៩នៅពេល​បច្ចុប្បន្ននេះ។ លោក David Andrews នាយក​រដ្ឋមន្ត្រី​រដ្ឋ Victoria បាន​ស្តី​បន្ទោស​ការកើនឡើង​នូវការឆ្លងនេះ​លើពួក​អ្នកស្រុក​ដែលបន្ត​ទៅ​ធ្វើការ​ឬស្ថិត​នៅក្នុង​កន្លែងសាធារណៈ​ថ្វីបើ​មាន​រោគ​សញ្ញា​នោះក៏ដោយនិង​ការផ្ទុះឡើង​នៅ​ទីកន្លែង​សម្រាប់​មនុស្ស​ចាស់​រស់នៅ។ លោក Andrews បាន​បញ្ជា​ឲ្យ​ពួក​អ្នកស្រុក​ទាំង​អស់​នៅក្នុង​រដ្ឋ Victoria ពាក់​ម៉ាស់​នៅខាង​ក្រៅ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​ទៅ បន្តការរឹតត្បិត​ដែល​ចូលជាធរមាន​ស្រាប់​សម្រាប់​ទីក្រុង​ Melbourne និង​តំបន់ Mitchell Shire។

លោក Andrews ក៏បាន​ចេញ​បទបញ្ជា​ហាមឃាត់​ពួក​អ្នកស្រុក​មិនឲ្យ​នាំភ្ញៀវ​ចូល​ក្នុង​ផ្ទះ​របស់​ខ្លួន​ដោយ​ចូល​ជា​ធរមាន​នៅថ្ងៃ​ព្រហស្បតិ៍នេះ។

ទីក្រុង Melbourne កំពុង​ស្ថិត​ក្នុង​ការបិទជិតចំនួន​៦សប្តាហ៍​ដែល​បាន​រឹតត្បិត​ពួក​អ្នក​ស្រុក​មិនឲ្យ​ចាកចេញ​ពីផ្ទះ លើកលែង​តែ​ទៅធ្វើ​ការងារ សាលារៀន ណាត់ជួប​គ្រូ ពេទ្យ​ ឬ​ទៅទិញ​ម្ហូបអាហារ។

ក្នុងខណៈនោះដែរ ពួកអាជ្ញាធរ​ក្នុង​រដ្ឋ Queensland បាន​ប្រកាស​ថា ខ្លួននឹង​ហាម ឃាត់​ពួកអ្នក​ស្រុក​មកពី​តំបន់​ Greater Sydney ដែល​ចូលជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍ដើម្បីទប់ស្កាត់​ការរាលដាល​នៃមេរោគកូរ៉ូណា។ ការហាមឃាត់​នេះបាន​ត្រូវ​ធ្វើ​ឡើង​បន្ទាប់ពី​ស្ត្រី​២នាក់​បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩​វិជ្ជមាន​ បន្ទាប់ពី​បាន​វិល​ត្រឡប់​ទៅកាន់រដ្ឋធានី​ Brisbane មកពី​ការធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Melbourne កាត់តាម​ទីក្រុង​ស៊ីដនី​បានធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​វិជ្ជមាន​ហើយមិន​ស្ថិត​នៅដាច់​ពីគេ៕

XS
SM
MD
LG