ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រលក​ទី​ពីរ​នៃ​កូវីដ១៩​ធ្វើ​ឱ្យ​តំបន់​​ច្រើន​នៅ​អាស៊ី​ត្រូវ​បិទ​ជា​ថ្មី


អ្នក​ទេសចរ​ពាក់​ម៉ាស​ នៅ​ពេល​ពួកគេ​រង់ចាំ​ធ្វើ​ដំណើរ​នៅ​អាកាសយានដ្ឋាន Da Nang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

បណ្តា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ កំពុង​ប្រឈម​នឹងការ​ឆ្លង​រាតត្បាត​នៃ​កូវីដ១៩ ជា​លើក​ទី​២​ទៀត ហើយ​កំពុង​ចាត់​វិធានការ​ផ្សេង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ថ្មី​នេះ ដោយ​ប្រទេស​អូស្ត្រាលីបាន​កត់ត្រា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត ហើយ​ប្រទេស​វៀតណាម​បាន​បិទ​ទី​ក្រុង​ដាណាងកាល​ពី​ថ្ងៃ​ចន្ទ​ក្រោយ​មាន​អ្នក​ឆ្លង​ថ្មី​នៅ​ទី​នោះ។

ប្រទេស​ចិន​ដីគោក​កំពុងប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​ថ្មី​ទៀត​នៃ​កូវីដ១៩ ក្រោយ​ពី​មាន​ភាព​ស្ងប់ស្ងាត់​រាប់​ខែ ដោយ​បាន​រាយការណ៍​ករណី​ឆ្លង​ក្នុង​ស្រុកថ្មី៥៧​ករណី​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​ចំនួន​ខ្ពស់​បំផុតចាប់​តាំង​ពី​ដើម​ខែ​មីនា​មក​ម៉្លេះ។ ករណី​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ស្វ័យត​ Xinjiang ភាគ​ខាង​លិច និង​នៅ​ភាគ​ឥសាន​ប្រទេស​ក្នុង​ខេត្ត Liaoning និង​ខេត្ត Jilin។

ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ចន្ទ​បានចេញ​បំរាម​ថ្មី​ដែល​នឹង​ហាម​ឃាត់​ការ​ទទួល​ទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន​ និង​ហាម​ការ​ជួបជុំ​គ្នា​លើស​ពី​ពីរ​នាក់​ក្នុង​សប្តាហ៍​នេះ។

នៅ​ប្រទេស​ជប៉ុន រដ្ឋាភិបាលបាន​ទទូច​ឱ្យ​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ និង​អាជីវកម្ម​បង្កើន​វិធានការ​ប្រឆាំង​មេរោគដែល​បង្ក​ជំងឺ​កូវីដ១៩ ដូច​ជា​ការ​ដាក់​វេន​ចូល​ធ្វើ​ការ​ ដើម្បី​បង្កើន​លទ្ធភាព​ធ្វើ​ការ​ពី​ផ្ទះ​ដូច​ក្នុង​អំឡុង​ពេល​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។

ប្រទេស​ជប៉ុន​បាន​រួច​ផុត​ពី​ការ​រាតត្បាត​ឆ្លង​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ការ​ផ្ទុះ​ឆ្លង​ករណី​ថ្មី​ច្រើន​មិន​ធ្លាប់​មាន​នៅ​ក្នុង​ទី​ក្រុង​តូក្យូ​បាន​ធ្វើ​ឱ្យ​អ្នក​ជំនាញ​បារម្ភ​ថា​ប្រទេស​នេះ​អាច​ជួប​នឹង​ការ​រាតត្បាត​ជា​លើក​ទី​២។

ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចាប់​ផ្តើម​ជម្លៀស​មនុស្ស​៨០.០០០​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​ទេសចរណ៍​ក្នុង​ស្រុក​ចេញ​ពី​ទី​ក្រុង​ដាណាង​ភាគ​កណ្តាល​ប្រទេស​ ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​ក្រុង​៣​នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​កាល​ពី​ចុង​សប្តាហ៍។

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ត្រឡប់​ទៅ​រក​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ជា​ថ្មី​ចាប់​តាំង​ពី​ខែ​មេសា មក​ក្រោយ​ពី​រដ្ឋាភិបាល​វៀតណាម​បាន​រក​ឃើញ​ករណី​ឆ្លងថ្មី​១​កាល​ពី​ថ្ងៃ​សៅរ៍​ និង​ករណី​៣​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ក្រុង​ដាណាង។

​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ដូច​ជា​ហ្វីលីពីន​និង​ម៉ាឡេស៊ី អាជ្ញាធរ​បាន​ប្រកាស​ពី​វិធានការ​ថ្មី​ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ១៩​ខណៈ​ដែល​មាន​ការ​លេច​ចេញ​នូវ​កន្លែង​ផ្ទុះ​ថ្មី​មួយ​ចំនួន​ទៀត។​

ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃចន្ទប្រកាស​ពី​ករណី​ឆ្លង​កើន​លើស​១០០.០០០​ករណីដែល​ច្រើន​ជាង​ករណី​នៅ​ក្នុង​ប្រទេស​ចិន និង​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​នៅ​អាស៊ី​បូព៌ា។

នៅ​ជុំវិញ​ពិភពលោក គិត​មក​ដល់​ថ្ងៃ​ចន្ទ មេរោគ​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១៦,២​លាន​នាក់ ហើយ​ជំងឺ​កូវីដ១៩​បាន​សម្លាប់​មនុស្ស ៦៤៨.០០០​នាក់៕

XS
SM
MD
LG