ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោកព្រមាន​អំពី​កង្វះ​គិលានុបដ្ឋាក​នៅ​ទូទាំង​ពិភពលោក


រូបឯកសារ៖ គិលានុបដ្ឋាកយិកាពាក់ម៉ាសនៅខាងក្រៅមន្ទីរពេទ្យ នៅក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។
រូបឯកសារ៖ គិលានុបដ្ឋាកយិកាពាក់ម៉ាសនៅខាងក្រៅមន្ទីរពេទ្យ នៅក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។

អង្គការ​សុខភាព​ពិភពលោក WHO ព្រមាន​ថា កង្វះ​គិលានុបដ្ឋាក​ជា​សកលកំពុង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ប្រឈមនឹង​ហានិភ័យ ហើយ​នេះ​ គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​នៅ​ពេល​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹងការ​រាល​ដាល​មេរោគ​កូវីដ​១៩។

ដើម្បី​ប្រារព្ធ​ទិវា​សុខភាព​ពិភពលោក របាយការណ៍​ដំបូង​បំផុត​ដែល​មិន​ធ្លាប់​មាន ស្តីពី​ស្ថានភាព​គិលានុបដ្ឋាក​នៅ​ទូទាំង​ពិភពលោក ដែល​ចងក្រង​ឡើង​រួមគ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ កំពុង​ត្រូវបាន​រៀបចំ​ផ្សព្វផ្សាយ។

ទិន្នន័យ​ពី​ប្រទេស​ចំនួន ១៩១ បង្ហាញ​ថា ការងារ​ដ៏​សំខាន់​ដែល​អនុវត្ត​ដោយ​គិលានុបដ្ឋាក ជាញឹកញាប់ ត្រូវបាន​គេ​មិន​សូវ​ផ្តល់​តម្លៃ។ ការស្ទង់មតិ​បាន​រក​ឃើញ​ថា ជា​ជាងទទួល​បាន​នូវ​ការអបអរសាទរ​ដល់​ជំនាញ​របស់​ពួកគេ និង​ការអាណិត​អាសូរ​នោះ ជាញឹកញាប់​គិលានុបដ្ឋាក ត្រូវបាន​គេ​បំពាន ទទួលរង​នូវ​ការរើសអើង និង​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​ស្ថាន​ភាព​ពោរពេញ​ទៅ​ដោយ​ស្រ្តេស ហើយ​ចំណែកឯ​ប្រាក់ខែ​ទៀត​សោត ក៏​មិន​ខ្ពស់​ដែរ។

គិលានុបដ្ឋាក​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​បុគ្គលិក​សុខាភិបាល​ទាំងអស់​របស់​ពិភពលោក ហើយ​ពួកគេ គឺជា​សសរ​ទ្រទ្រង់​ប្រព័ន្ធ​សុខាភិបាល។ របាយការណ៍​ដែល​ចងក្រង​ឡើង​រួមគ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ​នេះ បាន​បង្ហាញ​ថា នៅ​ទូទាំង​ពិភពលោក មាន​គិលានុបដ្ឋាក​តែ ២៨ លាន​នាក់​ប៉ុណ្ណោះ។ ចំនួន​នេះ បង្ហាញ​ថា ពិភពលោក នៅ​ខ្វះ​គិលានុបដ្ឋាក​ជិត ៦ លាន​នាក់​ទៀត។

ប្រទេស​ដែល​ខ្វះ​គិលានុបដ្ឋាក​ខ្លាំង​បំផុត​មាន​ដូចជា បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក នៅ​តំបន់​អាស៊ី​អាគ្នេយ៍ តំបន់​មេឌីទែរ៉ាណេ​ខាងកើត និង​ផ្នែក​ខ្លះ​នៃ​តំបន់​អាមេរិក​ឡាទីន។ លោក Howard Catton នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​គិលានុបដ្ឋាក​អន្តរជាតិ និង​ជា​សហ​ប្រធាន​នៃ​ការ​ចងក្រង​របាយការណ៍​ខាង​លើ​នេះ បាន​ថ្លែង​ថា កង្វះខាត​គិលានុបដ្ឋាក អាច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ជាច្រើន​ប្រឈមនឹង​ហានិភ័យ ជាពិសេស ក្នុងពេល​ដែល​យើង​កំពុងតែ​ប្រឈមនឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ។ លោក Howard Catton បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«យើង​ដឹង​ថា​ភ័ស្តុតាង​បង្ហាញ​ថា អត្រា​ឆ្លង​ជំងឺ កំហុស​ផ្នែក​ឱសថ ការកំណត់​អត្តសញ្ញាណ​អ្នកជម្ងឺ​ដែល​មាន​សុខភាព​កាន់តែ​ដុនដាប អត្រា​មរណៈ គឺ​មាន​ចំនួន​ច្រើន​ជាង​នៅ​កន្លែង​ដែល​មាន​គិលានុបដ្ឋាក​តិចតួច។ សុវត្ថិភាព​របស់​អ្នកជំងឺ ទាក់ទង​ទៅនឹង​ចំនួន​គិលានុបដ្ឋាក។ ការខ្វះ​គិលានុបដ្ឋាក​នេះ បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​ ដោយសារ​ថា វា​ធ្វើឲ្យ​គិលានុបដ្ឋាក​ដែល​យើង​មាន​ក្នុង​ពេល​បច្ចុប្បន្ន ធ្វើ​ការជ្រុល​ហួស​កម្លាំង​របស់​ពួកគេ ដែល​វា​ធ្វើ​ឲ្យ​កម្រិត​ស្ត្រេស​របស់​ពួកគេ​ឡើង​ខ្ពស់ ឆ្អែតឆ្អន់​នឹង​ការងារ ហើយ​អត្រា​លាលែង​ពី​ការងារ​របស់​ពួកគេ ក៏​ឡើង​ខ្ពស់​ដែរ»។

របាយការណ៍​ខាង​លើ​នេះ កត់សម្គាល់​ថា ប្រទេស​អ្នកមាន​ជាច្រើន មិនមាន​គិលានុបដ្ឋាក​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​សុខាភិបាល​របស់​ខ្លួន​នោះ​ទេ។ ដូច្នេះ​ពួកគេ​ជួល​គិលានុបដ្ឋាក​មកពី​ប្រទេស​ក្រីក្រ ដោយ​ផ្តល់​ប្រាក់ខែ​ដល់​ពួកគេ ខ្ពស់​ជាង​ប្រាក់ខែ​ដែល​ពួកគេ​ទទួល​បាន នៅ​ឯប្រទេស​កំណើត។ អ្នកស្រី Mary Watkins សហប្រធាននៃ​យុទ្ធនាការ Nursing Now និង​ជា​សហ​ប្រធាន​នៃ​ការ​ចងក្រង​របាយការណ៍​នេះ ថ្លែង​ថា វិធី​មួយ​ដើម្បី​បញ្ឈប់​ការជួល​គិលានុបដ្ឋាក​ពី​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ គឺ​កែលំអ​ស្ថានការ​ការងារ​សម្រាប់​គិលានុបដ្ឋាក​នៅ​ឯប្រទេស​កំណើត​របស់​ពួកគេ។ អ្នកស្រី Mary Watkins ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«វាមិន​មែន​ទាក់ទង​តែ​នឹង​ប្រាក់ខែ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ វា​ក៏​ទាក់ទង​នឹង​សុវត្ថិភាព និង​ការអនុវត្ត ដោយ​រាប់​ចាប់​ពី​អំពើ​ហិង្សា​នៅ​កន្លែង​ធ្វើការ ហើយនឹង​អ្វី​ដែល​គួរ​សង្កត់ធ្ងន់​នៅ​ពេល​នេះ គឺ​ឧបករណ៍​ការពារ​ផ្ទាល់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​ថា គិលានុបដ្ឋាក នឹង​មិន​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ពេល​ដែល​ពួកគេ​បំពេញ​ការងារ​របស់​ពួកគេ​ក្នុងពេល​នេះ»។

មិនមាន​តួលេខ​ច្បាស់លាស់​អំពី​អត្រា​នៃ​ការឆ្លង​ជំងឺ​នៅ​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​ទេ។ ប៉ុន្តែ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា បើ​តាម​ទិន្នន័យ​ដែល​មាន​នោះ បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការកើនឡើង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​ចំនួន​គិលានុបដ្ឋាក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

ឧទាហរណ៍​នៅ​ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​ថា ក្នុង​រយៈពេល ២ សប្តាហ៍​កន្លង​មក​នេះ ក្នុង​ចំណោម​អត្រា​អ្នកឆ្លង មាន​៩ ភាគរយ គឺ​បុគ្គលិក​ថែទាំ​សុខភាព ហើយ​ថ្មីៗ​នេះ នៅ​ប្រទេស​អេស្ប៉ាញ​វិញ មាន​១៤ ភាគរយ។ ពួកគេ​កត់សម្គាល់​ថា មាន​គិលានុបដ្ឋាក និង​បុគ្គលិក​ថែទាំ​សុខភាព​ផ្សេង​ទៀត រហូត​ដល់ ១០០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ដោយសារតែ​ពួកគេ​ខ្វះ​ឧបករណ៍​ការពារ​ខ្លួន និង​ឧបករណ៍​ចាំបាច់​ផ្សេងៗ​ទៀត​សម្រាប់​ការពារ​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG