ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើការ​ខាង​សុខភាព​នៅ​​ហ្វីលីពីន​ប្រឆាំង​នឹង​វីរុស​និង​ការ​យាយី


រូ​បឯកសារ៖ បុគ្គលិកសុខាភិបាលពាក់ម៉ាស់លើកបដាអំឡុងពេលបាតុកម្មមួយខាងក្រៅមន្ទីរពេទ្យ នៅក្រុងម៉ានីល​ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូ​បឯកសារ៖ បុគ្គលិកសុខាភិបាលពាក់ម៉ាស់លើកបដាអំឡុងពេលបាតុកម្មមួយខាងក្រៅមន្ទីរពេទ្យ នៅក្រុងម៉ានីល​ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

​អ្នកធ្វើការ​ខាង​ថែទាំ​សុខភាព​នៅ​ប្រទេស​ហ្វីលីពីន​រាយ​ការណ៍​ថា​ ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ ត្រូវ​រារាំង​មិន​ឱ្យ​ជិះ​ឡាន​ក្រុង​ និង​ត្រូវបណ្តេញ​ចេញ​ពី​ភោជនីយដ្ឋាន​ ដោយសារ​ពលរដ្ឋ​ហ្វីលីពីន​ព្រួយ​បារម្ភ​អំពី​ការ​ទាក់ទង​ជា​មួយ​ពួក​គេ​ហើយ​ឆ្លង​ជំងឺ​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា។​

អ្នក​រិះ​គន់​និយាយ​ថា​ បញ្ហា​នេះ​មាន​ដល់​ថ្នាក់​កំពូល​ដែរ​ ដោយ​ប្រធានាធិបតី​ Rodrigo Duterte ​បាន​និយាយ​ថា ​អ្នក​ធ្វើការ​ខាង​សុខាភិបាល​ប្រចាំ​អាជីព​មាន​«សំណាង» ​ដែល​ស្លាប់​ដើម្បី​ជាតិ ​ ទោះ​ណា​ជា​លោក​បាន​ថ្កោល​ទោស​ការរើសអើង​នេះ​ក៏​ដោយ។​

ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​ថា​ ខ្លួន​នឹង​ស៊ើប​អង្កេត​អំពី​ការ​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ធ្វើការ​ខាង​ថែទាំសុខភាព​ហ្វីលីពីន។​ អាជ្ញាធរក្រុង​ម៉ានីល​បាន​អនុម័ត​បញ្ញត្តិ​មួយ​ចាត់ទុក​ថា ​ការរើសអើង​ប្រឆាំង​នឹង​ពួក​អ្នកធ្វើការ​ខាង​សុខាភិបាល​និង​ពួកអ្នក​ជំងឺ​ COVID-19 ​គឺ​ ខុស​ច្បាប់។​

បញ្ញត្តិ​ដែល​ទទួល​បាន​ការ​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះក៏​បាន​អំពាវ​នាវ​ឱ្យមាន​ការពិន័យ​ជិត​១០០​ដុល្លារ​និង​មាន​ទោស​ជាប់​គុក​៦​ខែ​ថែម​ទៀត​ផង។

ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖

«យើង​ទទួល​បាន​របាយ​ការណ៍​ថា​ ពួក​អ្នក​ធ្វើការ​ខាង​ថែទាំ​សុខភាព​របស់​យើង​នៅ​ទូទាំង​ប្រទេស​បាន​ត្រូវ​វាយ​ប្រហារ​លើ​រាង​កាយ​ដោយ​មាន​រួម​បញ្ចូលការ​ស្រោច​សារធាតុ​សម្រាប់​លាងសម្អាតនិង​ជះសារធាតុក្លរីនលើ​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ ក៏​មាន​របាយ​ការណ៍​អំពី​ពួក​អ្នក​ធ្វើការ​ខាង​ថែទាំ​សុខភាព​ត្រូវ​បាន​គេរារាំង​មិន​ឱ្យ​ទទួល​សេវា​ជា​មូលដ្ឋាន ​ ដូចជា​ សេវា​ដឹក​ជញ្ជូន​សាធារណៈ​និង​ការ​បោក​ខោអាវហើយ​ត្រូវ​ពិន័យ​នៅ​កន្លែង​ឆែកឆេរនិង​ត្រូវ​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង​ថែម​ទៀត​ផង»។​

កាលពី​ខែ​កុម្ភៈ ​ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​ទីមួយ​ដែល​បាន​រាយ​ការណ៍​អំពី​ការ​ស្លាប់​អ្នក​ជំងឺ ​COVID-19 ​ម្នាក់ ក្រៅពី​ប្រទេស​ចិន​ដែល​កើតជំងឺ​នេះ​មុន​គេ។​ ចាប់​តាំង​ពី​ពេល​នោះ​មក​វីរុស​នេះ​បាន​រាលដាល​ឆ្លង​ដល់​មនុស្ស​៣​ពាន់​៧​រយ​៦៤​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​អាស៊ី​អាគ្នេយ៍​បណ្តាល​ឱ្យ​មាន​មនុស្ស​១៨០​នាក់​បាត់​បង់ជីវិត​នៅ​ក្នុងរបាយ​ការណ៍​ថ្មី​បំផុត។​ ហើយ​វា​ធ្វើឱ្យ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​នេះ​មាន​បន្ទុក​ហួស​កម្រិត។​

ដូច​នៅ​ក្នុង​ប្រទេសហ្វីលីពីនដែរ ​ ពួក​អ្នក​ធ្វើការ​ខាង​សុខាភិបាល​បាន​ឆ្លង​ជំងឺ​នេះ​ឬ​បាន​ស្លាប់​នៅ​ពេល​ប្រយុទ្ធ​នឹង​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​នានាចាប់​តាំងពី​ប្រទេស​បារាំង​រហូត​ដល់​ប្រទេស​វៀតណាម​ រហូត​ដល់​ប្រទេស​ប៉ាគីស្ថាន។​ នៅ​ក្នុង​ស.រ.អា.​ ពួក​អ្នក​ធ្វើការ​ខាង​សុខាភិបាល​បានត្អូញ​ត្អែរ​ថា​ ពួក​គេ​បាន​ត្រូវ​បញ្ឈប់​លែង​ឱ្យ​ធ្វើការ​ដោយសារ​ពួក​គេ​បាន​តវ៉ា​អំពី ​«គោល​នយោបាយ​ខាង​អនាម័យ»​ នៅ​មន្ទីរពេទ្យ​ពួក​គេ ។ ​នៅ​ក្នុង​ប្រទេស​ចិន​ មនុស្ស​ម្នាក់ក្នុង​បណ្តាពួក​ជន​ដែល​បាន​ស្លាប់​មុន​គេ​គឺ​វេជ្ជបណ្ឌិត​ដែល​បានខិតខំ​ប្រឹង​ប្រែង​ព្រមាន​អំពី​ភាព​អាសន្ន​ដែល​នឹង​កើត​មាន។

ប្រទេស​ហ្វីលីពីន​ប្រឈម​នឹង​ការ​ខ្វះ​ស្រោម​ដៃម៉ាស់​ពេទ្យ​និង​សម្លៀក​បំពាក់​ការពារ​ខ្លួន​ហើយ​រដ្ឋាភិបាល​កំពុង​ចាត់​វិធាន​ការដើម្បី​ស្វែង​រក​សម្ភារៈ​ទាំង​នេះ​សម្រាប់​ពួក​អ្នក​ធ្វើការ​ខាង​សុខាភិបាល។​ អ្នក​ធ្វើការ​ខាង​សុខាភិបាល​ក្នុង​មូលដ្ឋាន​បាន​ប្រឹង​ប្រែង​ធ្វើ​ប្រដាប់ ​ពាក់​បាំង​មុខ​សម្រាប់​ពួក​គេ​ផ្ទាល់។​

អ្នក​ស្រី Imee Marcos ​សមាជិកា​ព្រឹទ្ធសភាហ្វីលីពីនបាននិយាយ​ថា៖

«យើង​នឹង​មិន​ទទួល​បាន​អ្វី​ទេ ​ប្រសិន​បើ​យើង​រង់​ចាំ​ការ​ផ្គត់​ផ្គង់​ប្រដាប់​ប្រដា​ ឬ​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ក្រៅ»។​

អ្នក​ស្រី​ Marcos ​បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​សុខាភិបាល​និង​ក្រសួង​ពាណិជ្ជ​កម្ម​និង​ឧស្សាហ​កម្មពន្លឿន​ដំណើរការ​ផ្តល់​ការ​យល់​ព្រម​ដល់​ក្រុម​ហ៊ុន​ដែល​បាន​ស្នើ​ផ្តល់ ​ប្រដាប់​ប្រដា​ការពារ​ខ្លួន។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី៦ ​ខែ​មេសា​ លោក​ Duterte ​បាន​ចេញ​បញ្ជា​មួយ​ដែល​ផ្តល់​ប្រាក់​បន្ថែម​២៥%​ឱ្យ​ដល់​ពួក​អ្នក​ធ្វើការ​ខាង​សុខាភិបាល​ ដោយរួម​បញ្ចូល​ពួក​អ្នក​ធ្វើការ​មិនគ្រប់​ម៉ោង​និង​ពួក​អ្នក​ធ្វើការ​ក្នុង​កាលៈទេសៈ​ត្រូវការ។​

ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ក៏បាន​ព្រមាន​ពលរដ្ឋ​កាលពី​សប្តាហ៍​ទី​មួយ​ខែ​មេសា​ថា ​ពួក​គេ​មិន​អាច​យាយីពួកអ្នក​ធ្វើការ​ខាង​ថែទាំ​សុខភាព​ទេហើយ​លោក​ក៏​បាន​និយាយ​ដែរ​ថា​ ​ប៉ូលិស​អាច​ធ្វើ​អន្តរាគមន៍​ ប្រសិន​បើ​ពួក​គេ​បាន​ឃើញ​ការ​រើស​អើង​បែប​នេះ។

ក្រសួង​សុខាភិបាល​បាន​និយាយ​ថា៖

«សកម្មភាព​ទាំង​នេះ​មិន​អាច​ត្រូវ​អន់​ឱន​ឱ្យ​បាន​ទេ»។​

ក្រសួង​នេះ​ក៏​បាន​ខិតខំ​ប្រឹង​ប្រែង​ធានា​នឹង​សាធារណជន​ថា​ ពួក​គេ​មិន​គួរ​បារម្ភ​អំពី​ការ​ឆ្លង​រោគ​នេះ​ពីពួក​អ្នក​ធ្វើការ​ខាង​សុខាភិបាល​ទេ ​ ដោយ​និយាយ​ថា៖

«ក្នុង​ឋានៈជា​អ្នក​មាន​អាជីព​ខាង​វេជ្ជសាស្ត្រ​ ​ពួក​អ្នក​ថែ​ទាំ​សុខភាព​មាន​ការ ប្រុង​ប្រយ័ត្ន​បន្ថែម​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថាមាន​ការ​បង្ការ​និង​ការ​គ្រប់គ្រង​ការឆ្លង​ជំងឺ​នេះ»៕​

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG