ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អភិវឌ្ឍ​ប្រទេស​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា


លោក​សាស្រ្តាចារ្យ​កា​ ស៊ុនបូណាត​ ជា​សាស្រ្តាចារ្យ ដែល​​បាន​ធ្វើការ​លើ​ផ្នែក​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​១៩៨០​មក នា​​ពេល​បច្ចុប្បន្ន​នេះ​ លោក​សាស្រ្តាចារ្យ​ជា​ប្រធាន​ផ្នែក​វិកលវិជ្ជា​ និង​ជា​នាយក​មហាវិទ្យាល័យ​ឱសថ​សាស្រ្ត​នៃ​សាក
លោក​សាស្រ្តាចារ្យ​កា​ ស៊ុនបូណាត​ ជា​សាស្រ្តាចារ្យ ដែល​​បាន​ធ្វើការ​លើ​ផ្នែក​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​១៩៨០​មក នា​​ពេល​បច្ចុប្បន្ន​នេះ​ លោក​សាស្រ្តាចារ្យ​ជា​ប្រធាន​ផ្នែក​វិកលវិជ្ជា​ និង​ជា​នាយក​មហាវិទ្យាល័យ​ឱសថ​សាស្រ្ត​នៃ​សាក

បញ្ហា​សុខភាព​ផ្លូវចិត្ត​ជា​បញ្ហា​ចំបង​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។​ បញ្ហា​នេះ​បណ្តាល​មកពី​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នៅក្នុង​របប​ខ្មែរក្រហម​ រួមទាំង​សង្រ្គាម​ និង​អំពើ​ហិង្សា​នៅ​មុន​ និង​ក្រោយ​របប​ខ្មែរក្រហម។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​រងគ្រោះ​បញ្ហា​ផ្លូវចិត្ត​នេះ។​ លោក​សាស្រ្តាចារ្យ​កា​ ស៊ុនបូណាត​ក៏​ជា​អ្នក​រងគ្រោះ​បញ្ហា​ផ្លូវចិត្ត​មួយ​រូប​ផងដែរ។​ លោក​សាស្រ្តាចារ្យ​បាន​ធ្វើការ​លើ​ផ្នែក​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​១៩៨០​មក។​ នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​សាស្រ្តាចារ្យ​ជា​ប្រធាន​ផ្នែក​វិកលវិជ្ជា​ និង​ជា​នាយក​មហាវិទ្យាល័យ​ឱសថ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ និង​ជា​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ត។

លោក​សាស្ត្រាចារ្យ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ និង​បទពិសោធន៍​របស់​លោក​ផ្ទាល់​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​ព្យាបាល​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត។

លោក​សាស្រ្តាចារ្យ​ពន្យល់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ដាច់ខាត​យើង​ត្រូវ​ដោះស្រាយ​កត្តា​ ៤​ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត​ គឺ​កត្តា​ជីវសាស្រ្ត​ កត្តា​ចិត្តសាស្រ្ត​ កត្តា​សង្គម​ និង​កត្តា​ជំនឿ។​ ចំពោះ​កត្តា​ជីវសាស្រ្ត​ យើង​ត្រូវ​ប្រើ​ឱសថ​ជួយ​អ្នកជំងឺ។​ ចំពោះ​កត្តា​ចិត្តសាស្រ្ត​ យើង​ត្រូវ​ប្រើ​ការ​អប់រំ​ ដូចជា​ការ​អប់រំ​តាម​បែប​ព្រះពុទ្ធសាសនា​ និង​ចលនា​អប់រំ​សុខភាព​ផ្លូវចិត្ត​ផ្សេងៗ​ទៀត។​ រីឯ​កត្តា​សង្គម​ យើង​ត្រូវ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​រីកចម្រើន។​ ចំណែកឯ​កត្តា​ជំនឿ​វិញ ​យើង​ត្រូវ​តម្រង់​ជំនឿ​របស់​អ្នក​មាន​វិបត្តិ​ផ្លូវចិត្ត​កុំឲ្យ​ជឿ​ជ្រុល​ ឬ​ជឿ​ខុស​ និង​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​សាសនា​ ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ»។

នេះ​ជា​សេចក្តីសង្ខេប​បទសម្ភាសន៍​រវាង​លោក​ភី​ សុភាដា​នៃ​វីអូអេ​ខ្មែរ​ ជាមួយ​លោក​សាស្រ្តាចារ្យ​កា​ ស៊ុនបូណាត។

វីអូអេ៖ ដូច​ដែល​យើង​ដឹង​ហើយ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​នៅក្នុង​របប​ខ្មែរ​ក្រហម​ អញ្ចឹង​តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ បញ្ហា​ហ្នឹង​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​ដូចជា​សង្គម​ទាំងមូល​ដែរ?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ ការណ៍ពិត​ ប្រទេស​កម្ពុជា​រងគ្រោះ​សង្រ្គាម​តាំងពី​ឆ្នាំ​១៩៧០​ រហូត​មក​ដល់​ឆ្នាំ​១៩៧៥។​ បន្ទាប់មក ​ពី​ឆ្នាំ​១៩៧៥​រហូត​ដល់​ឆ្នាំ​១៩៧៩​គឺជា​របប​ប៉ុល ពត។​ ហើយ​ក្រោយមក​ទៀត​ មួយ​ចំណែក​នៃ​ប្រទេស​កម្ពុជា​ ជាពិសេស​ផ្នែក​ខាងលិច​ នៅ​រងគ្រោះ​ដោយ​សង្គ្រាម​រហូត​ដល់​ក្រោយ​ឆ្នាំ​១៩៧៩​ ហើយ​មក​ទល់​នឹង​ឆ្នាំ​១៩៩៨​ ទើប​យើង​បាន​សន្តិភាព​ទាំងស្រុង។​ ទាំងអស់​នេះ​ជា​ផល​ប៉ះពាល់​ទៅលើ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្លាប់​ទទួល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ទាំងអស់​នេះ។​ វា​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ទៅជា​ជំងឺ​ផ្លូវចិត្ត​ជាច្រើន​ ជាពិសេស​ជំងឺ​ថប់​អារម្មណ៍​ ជំងឺ​ធ្លាក់​ទឹកចិត្ត​ និង​ជំងឺ​បាក់ស្បាត។​ ដោយសារ​ការ​ខ្វះខាត​ការ​ព្យាបាល​ដ៏​យូរ​ច្រើន​ឆ្នាំ​ ច្រើន​ទសវត្សរ៍​ បានជា​ធ្វើឲ្យ​ជំងឺ​បាក់ស្បាត​នេះ​ប្រែក្លាយ​ទៅជា​ជំងឺ​ម៉្យាង​ដែល​ហៅ​ថា​ «ពិបាក​ចិត្ត​ ធ្វើ​ទុក្ខ​កាយ»។​ វា​ទៅជា​ឈឺ​ពោះ​ ឈឺ​ក្បាល​ ឈឺ​ពេញ​ខ្លួន​ ណែន​ទ្រូង​ ថប់​ដង្ហើម​ លើស​ឈាម។​ ហើយ​សម្រាប់​អ្នក​ខ្លះ​ទៀត​ដែល​មាន​បញ្ហា​ថប់​អារម្មណ៍​ ដើម្បី​ដោះស្រាយ​ការ​ធ្វើ​ទុក្ខ​ម្តងៗ​ គាត់​បែរ​ទៅជា​ពិសារ​ស្រា​ ហើយ​ការ​ពិសារ​ស្រា​នេះ​ជា​ផល​វិបាក​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​យើង។

មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រងគ្រោះ​ផ្ទាល់​នោះ​ គាត់​ទទួល​រង​នូវ​បញ្ហា​អស់​ទាំងនេះ។​ តែ​ដោយសារតែ​ឪពុក​ម្តាយ​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​ទាំងអស់​ហ្នឹង​ គាត់​ពិបាក​នឹង​អត់ទ្រាំ​ឲ្យ​ស្ងប់​ក្នុង​ចិត្ត​ ដូច្នេះ​ហើយ​វា​ងាយ​ធ្វើ​ឲ្យ​គាត់​ហ្នឹង​មាន​ចរិត​កាច​ច្រឡោត​ ទប់​ចិត្ត​អត់​បាន​ បង្ក​ទៅជា​ធ្វើ​អំពើហិង្សា​ក្នុង​គ្រួសារ។​ ដូច្នេះ​យើង​សង្កេត​ឃើញ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ច្រើន​ណាស់​ជា​ផល​វិបាក​នៃ​ជំងឺ​ផ្លូវចិត្ត​ ហើយ​ជាពិសេស​គឺ​បណ្តាល​មកពី​ឪពុក​ម្តាយ​ដែល​រងគ្រោះ​ដោយសារ​សង្រ្គាម​ និង​របប​ប៉ុល ពត​ហ្នឹង​តែម្តង។​ ហើយ​អំពើ​ហិង្សា​នេះ​ជះ​ឥទ្ធិពល​ដល់​ក្មេង​ស្រករ​ក្រោយ​ ដែល​មិន​ដែល​រងគ្រោះ​ មិនដែល​ឃើញ​ មិនដែល​ស្គាល់​របប​ប៉ុល ពត​ ឬក៏​សង្រ្គាម​សោះ។​ អញ្ចឹង​ឃើញ​ថា​ សង្រ្គាម​ និង​របប​ប៉ុល ពត​បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ និង​ប្រយោល​ ទៅដល់​អ្នក​ដែល​ធ្លាប់​រស់នៅ​ក្នុង​ហ្នឹង​ផ្ទាល់​ និង​ប្រជាពលរដ្ឋ​ស្រករ​ក្រោយ​ ដែល​នេះ​ជា​បញ្ហា​មួយ​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ដែល​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ស្រុក​ទេ​ សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជីញ​ទៅ​រស់នៅ​ក្នុង​ប្រទេស​ទី​៣​ហើយ​នោះ​ ក៏​ទទួល​រងគ្រោះ​បែប​អញ្ចឹង​ដូចគ្នា​ដែរ។

វីអូអេ៖ លោក​សាស្រ្តាចារ្យ​បាន​មាន​ប្រសាសន៍​ថា​ របប​ប៉ុល ពត​ និង​សង្រ្គាម​ប៉ះពាល់​ផ្ទាល់​ផង​ និង​ប្រយោល​ផង​ ហើយ​ចំពោះ​ការ​ប៉ះពាល់​ផ្ទាល់​ គឺ​ធ្វើឲ្យ​គាត់​ហ្នឹង​ទៅជា​មាន​ជំងឺ​បាក់ស្បាត​ ដែល​មាន​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ទៅ​ពិសារ​ស្រា​ ទៅ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អី​ផ្សេងៗ​ជាដើម។​ តើ​មាន​អាការៈ​អ្វី​ផ្សេង​ពី​ហ្នឹង​ទេ​ ដែល​ស្តែង​ចេញ​មក​ចំពោះ​អ្នក​ដែល​បាន​រងគ្រោះ​ផ្ទាល់​ពី​អំពើ​ហិង្សា​បែប​ហ្នឹង​ ដែល​ធ្វើឲ្យ​យើង​ដឹង​ថា​ គាត់​ដោយសារ​បញ្ហា​ជំងឺ​ផ្លូវចិត្ត​ ធ្វើឲ្យ​គាត់​ស្តែង​ចេញ​អាកប្បកិរិយា​ ឬក៏​រោគសញ្ញា​ផ្សេងៗ​បែប​ហ្នឹង?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ ចង់​ជម្រាប​ជូន​ថា​ ការ​រងគ្រោះ​ទាំង​ប៉ុន្មាន​ហ្នឹង​ធ្វើឲ្យ​គាត់​កើត​ជំងឺ​ហៅ​ថា​ ជំងឺ​ថប់​អារម្មណ៍​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ anxiety​ disorder​ ជំងឺ​ទឹកចិត្ត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ mood​ disorder​ ដែល​មាន​ច្រើន​ជាង​គេ​ ហើយ​ជំងឺ​មួយ​ទៀត​ដែល​មាន​ច្រើន​ជាង​គេ​ដែរ​ គឺ​ជំងឺ​បាក់ស្បាត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Post-Traumatic Stress Disorder​ (PTSD)​ ដែល​ចេះតែ​ឃើញ​អី​ទៅ​ គាត់​ខ្លាច​ គាត់​ភ័យ​ គាត់​មិន​ហ៊ាន​ទៅ​ណា​មក​ណា។​ ដោយសារ​ឥរិយាបថ​ទាំងអស់​ហ្នឹង​ ធ្វើឲ្យ​គាត់​បាត់បង់​លទ្ធភាព​ការងារ​ ដោយសារ​ភ័យ​ពេក​ ដោយសារ​បារម្ភ​ពេក។​ អញ្ចឹង​ធ្វើឲ្យ​គាត់​ភ្លេចភ្លាំង។​ ការងារ​អី​ដែល​ត្រូវ​ធ្វើ​រហ័ស​ទៅជា​ធ្វើ​យឺត​ ឬ​បើ​មិន​អញ្ចឹង​ទេ​ គាត់​សម្រេចចិត្ត​នៅក្នុង​មុខរបរ​ខុស​ រក​ស៊ី​ចេះតែ​ខាត។​ ឯ​អ្នក​ខ្លះ​ទៀត​លែង​ចង់​ធ្វើ​ការងារ​ ទ្រាំ​សុំ​តែ​បាន​គ្រប់គ្រាន់​សម្រាប់​រស់​ ព្រោះ​គាត់​ខ្លាច​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​ ធ្វើឲ្យ​គាត់​នឹក​ឃើញ​ឡើង​វិញ​នូវ​ភាព​លំបាកលំបិន​និង​ស្មុគស្មាញ។​ ពេល​ខ្លះ​ ពេល​ដែល​គាត់​ធ្វើទុក្ខ​ខ្លាំង​ ដូចជា​គាត់​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ខ្លាំង​ជាដើម​ វា​ធ្វើឲ្យ​គាត់​មិនសូវ​បាយ​ មិនសូវ​ទឹក​ មិនសូវ​ថែខ្លួន​ មិនសូវ​រវល់​នឹង​ខ្លូនឯង។​ វា​ធ្វើឲ្យ​សរីរាង្គ​ចុះខ្សោយ​ វា​ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ​ ដូចជា​ផ្តាសាយ​ ក្តៅខ្លួន​ ឬក៏​គ្រុន​រាគរូស​ជាដើម។​ អញ្ចឹង​ឥរិយាបថ​មិន​រវល់​នឹង​ខ្លួនឯង​ក្នុង​ជំងឺ​ផ្លូវចិត្ត​ ដូចជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ហ្នឹង​ ជា​កត្តា​មួយ​ងាយ​ឲ្យ​កើត​ជំងឺ​រាងកាយ​ជា​ទូទៅ​គ្រប់​ផ្នែក​ដូច​បាន​ជម្រាប​អញ្ចឹង។​ ដូច្នេះ​ វា​មាន​ផល​ប៉ះពាល់​ច្រើន​ពី​សុខភាព​មិន​ប្រក្រតី​នេះ​ទៅលើ​ជីវភាព​រស់នៅ​ ទៅលើ​សុខភាព​ទូទៅ​ ទៅលើ​មុខរបរ​ ទៅលើ​អ្វីៗ​ផ្សេងទៀត។​ ជំងឺ​នេះ​មាន​តាំងពី​ប្រភេទ​ស្រាល​ មធ្យម​ និង​ធ្វើទុក្ខ​ខ្លាំង​ ហើយ​ជាទូទៅ​ វា​ជា​បញ្ហា​បង្ក​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ច្រើន​ដែរ។

វីអូអេ៖ ដូច​លោក​សាស្រ្តាចារ្យ​បាន​មាន​ប្រសាសន៍​អញ្ចឹង​ ប្រជាពលរដ្ឋ​ខ្មែរ​ប៉ះពាល់​ផ្លូវចិត្ត​តាំងពី​ស្រាល​រហូត​ដល់​ធ្ងន់។ អញ្ចឹង​តាម​ការ​សិក្សា​ ក៏​ដូចជា​ការ​ស្រាវជ្រាវ​របស់​លោក​សាស្រ្តាចារ្យ​ តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ បញ្ហា​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ច្រើន​ទេ?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ មក​ទល់​នឹង​ពេល​នេះ​ យើង​មិនទាន់​មាន​ការ​ស្រាវជ្រាវ​ស្តីពី​វិធីសាស្រ្ត​ ដែល​កំណត់ឲ្យ​ឃើញ​ច្បាស់​ថា​ ភាគរយ​ប៉ុន្មាន​ល្មម​ ភាគរយ​ប៉ុន្មាន​ធ្ងន់ធ្ងរ​ និង​ភាគរយ​ប៉ុន្មាន​មធ្យម​ទេ។​ គ្រាន់តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​ បើ​និយាយ​អំពី​ការ​ចងចាំ​ និង​ផ្លូវ​បញ្ញា​ ប្រជាពលរដ្ឋ​យើង​ដែល​ខ្ញុំ​បាន​ធ្លាប់​ជួប​ ធ្លាប់​ឃើញ​ ស្ថិត​នៅក្នុង​កម្រិត​មួយ​ដែល​មិនសូវ​ខ្ពស់​ប៉ុន្មាន​ទេ។​ គាត់​ឆាប់​ភ័យ​ គាត់​ឆាប់​តក់ស្លុត​ គាត់​ឆាប់​រន្ធត់​ ហើយ​គាត់​ឆាប់​បាត់​ម្ចាស់ការ។​ ត្រង់​ហ្នឹង​ហើយ​ ដែល​វា​ឆ្លុះ​បញ្ចាំង​ថា​ វា​មាន​ការ​ប៉ះពាល់​គួរសម​ដែរ​ទៅលើ​ផ្លូវចិត្ត​របស់​គាត់​ ហើយ​ថែមទាំង​ទៅលើ​ប្រសិទ្ធិភាព​នៃ​ការងារ​របស់​គាត់​ និង​ការ​ប្រឈម​ទៅនឹង​បញ្ហា​ដែល​គាត់​ជួបប្រទះ។

វីអូអេ៖ លោក​សាស្រ្តាចារ្យ​បាន​មាន​ប្រសាសន៍​អំពី​ឥទ្ធិពល​របស់​បញ្ហា​ផ្លូវចិត្ត​ហ្នឹង​ទៅដល់​អ្នក​ជំនាន់​ក្រោយ។​ អញ្ចឹង​តើ​អ្នក​ជំនាន់​ក្រោយ​ហ្នឹង​បង្ហាញ​អាការៈ​យ៉ាងណា​ដែរ​ ដែល​យើង​ដឹង​ថា​ពួកគាត់​ប៉ះពាល់​ ឬក៏​ទទួល​ឥទ្ធិពល​ផ្នែក​ផ្លូវចិត្ត​ដែរ?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ ខ្ញុំ​សូម​លើក​ឧទាហរណ៍​អំពី​គ្រួសារ​មួយ​ចំនួន​ ដូចជា​ក្រុម​គ្រួសារ​មួយ​នោះ​ ប្តី​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ប្រពន្ធ​ក៏​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែរ។​ ជំងឺ​ធ្លាក់​ទឹកចិត្ត​ហ្នឹង​ធ្វើឲ្យ​ចិត្ត​ ដែល​ទប់ស្កាត់​ ឬក៏​រំងាប់​ចិត្ត​កុំឲ្យ​គ្រេវគ្រោធ​នោះ​ វាចុះ​ខ្សោយ។​ អញ្ចឹង​រវាង​ប្តី​និង​ប្រពន្ធ​នេះ​ឆាប់​អន់​ចិត្ត​គ្នា​ ឆាប់​បន្ទោស​គ្នា​ ឆាប់​ឈ្លោះ​គ្នា។​ ធម្មតា​ទេ​ កូន​ដែល​កើត​មក​ត្រូវការ​ការ​កក់ក្តៅ​ ត្រូវការ​ការ​បីបាច់​ថែរក្សា​ឲ្យបាន​សមរម្យ​ពី​ឪពុក​ម្តាយ​ ទោះបីជា​មិនសូវ​ជា​មាន​លុយកាក់​អី​ក៏ដោយ។​ ប៉ុន្តែ​ដោយសារតែ​ឪពុក​ម្តាយ​ឧស្សាហ៍​តែ​ឈ្លោះគ្នា​ វ៉ៃតប់​គ្នា។​ កូន​នោះ​អត់​មាន​អី​នឹង​កក់ក្តៅ​ ងាក​ទៅ​ម្តាយ​ ម្តាយ​រវល់តែ​យំ​ ត្រូវ​ប្តី​វ៉ៃ​គំរាម​ ដល់​ងាក​ទៅ​ឪពុក​ ឪពុក​កាច។ ​ដូច្នេះ​បរិយាកាស​សម្រាប់​បីបាច់​ថែរក្សា​កូន​ឲ្យ​មាន​សុវត្ថិភាព​ឲ្យ​ត្រជាក់​ត្រជុំ​ វា​អត់មាន។​ អញ្ចឹង​វា​ធ្វើឲ្យ​កូន​ហ្នឹង​ភ័យ​ រងគ្រោះ។​ ករណី​មួយ​ ប្តី​ប្រពន្ធ​ក្មេងៗ​ ប្តី​ទើបតែ​អាយុ​៣០​ជាង​ ប្រពន្ធ​ទើបតែ​អាយុ​៣០​ ឯ​កូន​អាយុ​បាន​១០​ឆ្នាំ​ តែ​ដោយសារ​ប្តី​ធ្លាប់​រងគ្រោះ​ដែល​ធ្វើឲ្យ​គាត់​កាច​ មក​ដល់​ផ្ទះ​វិញ​ឈ្លោះ​ជាមួយ​ប្រពន្ធ​ ឡូឡា​ ក្តុងក្តាំង​ បោកប្រាស់។ កូន​នោះ​អាយុ​២​ ឬ​៣​ឆ្នាំ​ វា​នៅ​អត់​សុខ​ វា​ដូចជា​ខ្វះ​ភាព​កក់ក្តៅ។ ដល់​ឥឡូវ​ហ្នឹង​ទៅជា​រៀន​អត់​កើត​ ភ្លេចភ្លាំង​ ហើយ​បាក់ស្បាត។​ នេះ​ហើយ​ជា​ផលវិបាក​ជា​ប្រយោល​ពី​របប​សង្គ្រាម​ និង​របប​ប៉ុល ពត។

វីអូអេ៖តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​គិត​ថា​ ពួកគាត់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែរ​ឬទេ?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ជា​ទូទៅ​ គាត់​មិន​ទទួលស្គាល់​ថា​ គាត់​កើត​បញ្ហា​ផ្លូវចិត្ត​ទេ​ ព្រោះ​ការ​យល់ដឹង​អំពី​បញ្ហា​ចិត្តសាស្រ្ត​ និង​ជំងឺ​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ភាព​ច្បាស់លាស់​ព្រោះ​ថា​ យើង​ច្រើនតែ​យល់​ថា​ បើ​មាន​ជំងឺ​ផ្លូវចិត្ត​ ទាល់តែ​ឆ្កួត​ និយាយ​ស្តាប់​គ្នា​លែង​បាន​ មាន​អាការៈ​ដែល​ខុសប្លែក​ពីគេ​ ដើរ​តាម​ចិញ្ចើម​ថ្នល់​ស្រែក​អាឡេអាឡូ​ ឬក៏​សើច​តែ​ឯង​ ឬក៏​យំ​តែ​ឯង។​ ភាគច្រើន​ គាត់​មិន​ទទួលស្គាល់​ថា​ ខ្លួន​មាន​ជំងឺ​ផ្លូវចិត្ត​ទេ​ ដោយសារតែ​ទស្សនៈ​យល់ដឹង​អំពី​ជំងឺ​ផ្លូវចិត្ត​ វា​មិន​ច្បាស់លាស់​ ហើយ​វា​មិន​ត្រូវបាន​យល់ដឹង​ជា​ទូទៅ។​ ​នៅ​ប្រទេស​គេ​ ប្រជាពលរដ្ឋ​គេ​មាន​ការ​ចេះដឹង​ រៀន​បាន​ជ្រៅជ្រះ ​យ៉ាងហោចណាស់​ក៏​ចប់​វិទ្យាល័យ​ដែរ។​ ហើយ​លើស​ពី​នេះ​ទៀត​ ការ​ផ្សព្វផ្សាយ​បែប​អស់​ហ្នឹង​ គេ​មាន​នៅ​តាម​ទូរទស្សន៍​ គេ​មាន​នៅ​តាម​សៀវភៅ​ គេ​មាន​នៅ​តាម​វិទ្យុ​ ហើយ​ប្រជាពលរដ្ឋ​គេ​ជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ។​ អញ្ចឹង​ផ្អែក​ទៅលើ​កម្រិត​ចេះដឹង​របស់​គេ​ និង​ការ​ផ្សព្វផ្សាយ​នេះ​ធ្វើឲ្យ​គេ​មាន​ការ​យល់ដឹង​ច្រើន។​ នៅ​ប្រទេស​កម្ពុជា​យើង​ ការ​អភិវឌ្ឍ​សេវា​សុខភាព​ផ្លូវចិត្ត​ហ្នឹង​បានតែ​មួយ​គន្លាក់​ មក​ដល់​ឆ្នាំ​១៩៧៥​ ក៏​ត្រូវ​បាត់បង់​។ ហើយយើង​ក៏​ចាប់ផ្តើម​តិចៗ​មក​វិញ​ ចាប់ពី​ឆ្នាំ​១៩៩៤។​ អញ្ចឹង​ឃើញ​ថា​ ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​យើង​អំពី​បញ្ហា​ចិត្តសាស្រ្ត​ និង​ពី​ជំងឺ​ផ្លូវចិត្ត​នេះ​ នៅ​មាន​កម្រិត​នៅ​ទាប​នៅឡើយ។​ លើស​ពី​នេះ​ បើ​តាម​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​១៩៩៩​ ឃើញ​ថា​ ប្រជាពលរដ្ឋ​ប្រហែល​ជា​៤០​ភាគរយ​មិនទាន់​បាន​ចប់​ថ្នាក់​ទី​៣​នៃ​បឋម​សិក្សា​ទេ​ អញ្ចឹង​កម្រិត​ចេះដឹង​ហ្នឹង​ហើយ​ធ្វើឲ្យ​គាត់​មិនសូវ​យល់​អំពី​លក្ខណៈ​វិទ្យាសាស្រ្ត​ ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព​ ជាពិសេស​បញ្ហា​ចិត្តសាស្រ្ត​ទេ។​ តែ​ផ្ទុយ​ទៅវិញ​ យើង​នាំគ្នា​យល់​ទៅលើ​បញ្ហា​អបិ្បយ​ជំនឿ​ទៅលើ​ការ​ធ្វើ​អំពើ​អ្វី​ឯណោះ​ទៅវិញ​ទេ​ តែ​កាលណា​មាន​ជំងឺ​ផ្លូវចិត្ត​អី​ប្លែក​ខុសគេ​ គឺ​គាត់​ទៅ​រក​គ្រូ​ ទៅ​រក​លោកសង្ឃ​ស្រោច​ទឹក​ ឬក៏​ធ្វើ​ខ្សែ​គាថា​ដេញ​ខ្មោច​ ដេញ​ព្រាយ​បិសាច​ទៅវិញ។​ ហេតុ​ដូច្នេះ​ ដោយសារ​ការ​យល់ដឹង​តិចតួច​នេះ​ ហើយនិង​ការ​យល់ច្រឡំ​អំពី​ជំងឺ​ផ្លូវចិត្ត​នេះ​ បានជា​យើង​សព្វថ្ងៃ​នេះ​មាន​អ្នក​មក​រក​ការ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ហ្នឹង​តិច។​ ប៉ុន្តែ​បើសិនជា​ប្រៀបធៀប​នៅ​មុន​ឆ្នាំ​១៩៩៤​ ឃើញ​ថា​ ការ​យល់ដឹង​នេះ​ច្រើន។​ តែ​បើ​ប្រៀបធៀប​នៅ​ក្នុង​ប្រទេស​យើង​ តាំងពី​យើង​ធ្វើ​ការ​អភិវឌ្ឍ​សុខភាព​ផ្លូវចិត្ត​ហ្នឹង​ ការ​យល់ដឹង​កាន់តែ​ច្រើន​ ហើយ​មាន​ការ​បោះបង់​សេវា​តាម​បែប​បុរាណ​ ឬ​ក៏​អប្បិយ​ជំនឿ​ និង​ងាក​មក​រក​សេវា​នៅ​តាម​មន្ទីរពេទ្យ​របស់​យើង​ក៏​កាន់តែ​ច្រើន។​ តែ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​ យើង​នៅ​ទាប​នៅឡើយ។

វីអូអេ៖ តើ​លោក​សាស្រ្តាចារ្យ​គិត​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​អាច​ដោះស្រាយ​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ ឬក៏​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ហ្នឹង​យ៉ាងម៉េច​ដែរ​ចំពោះ​ខ្លួន​ពួក​គាត់​ផ្ទាល់?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ក្រៅពី​សេវា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​វិស័យ​សុខាភិបាល​ ប្រជាពលរដ្ឋ​អាច​មាន​មធ្យោបាយ​ ដោយ​ខ្លួន​ឯង​ផ្ទាល់​ គឺ​កាលណា​គាត់​ធ្លាប់​មាន​ទុក្ខ​លំបាក​ គាត់​តែងតែ​ជៀសវាង​ ដែល​នៅក្នុង​លោក​ខាង​លិច​តែងតែ​និយាយ​ថា​ «តទល់​ ឬក៏​គេចចេញ»។​ ខ្មែរ​យើង​តែងតែ​យក​ការ​គេចចេញ​ហើយ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ សន្សំ​សុខ។​ ការណ៍​ដែល​ធ្វើ​យ៉ាង​នេះ​ មកពី​យើង​យល់​ទៅតាម​ព្រះពុទ្ធ​សាសនា។​ ការ​អប់រំ​តាម​ព្រះពុទ្ធ​សាសនា​ធ្វើឲ្យ​យើង​ចេះ​អត់ទ្រាំ​ និង​ចេះ​ទទួល​យក​ហេតុផល។​ ខ្មែរ​យើង​មិនសូវ​គិត​រឿង​បច្ចុប្បន្ន​ប៉ុន្មាន​ទេ។​ គាត់​គិត​ថា ​ជាតិ​ក្រោយ​ គាត់​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​បាន​សុខ។​ អញ្ចឹង​ជាតិ​នេះ​គាត់​កើត​ទុក្ខ​ វា​ជា​កម្មផល។​ ប៉ុន្តែ​គាត់​ក៏​ត្រូវការ​ឲ្យ​ខ្លួន​គាត់​បាន​ស្ងប់​ចិត្ត​ រំងាប់​ចិត្ត​ដែរ។​ ហេតុ​ដូច្នេះ​បានជា​ការ​ស្ងប់​រំងាប់​ចិត្ត​របស់​គាត់​ហ្នឹង​ច្រើន​ជាងគេ​ គឺ​គាត់​ធ្វើ​តាម​បែប​ដក​ខ្លួន​ថយ​ មិន​ប្រឈម​ទៅ​នឹង​បញ្ហា​ មាន​ប៉ុន្មាន​គាត់​ធ្វើឲ្យ​ក្លាយ​ទៅជា​សេចក្តីសុខ​ប៉ុណ្ណឹង។​ គាត់​មិន​លោភ​មិន​អី​ទេ។​ អញ្ចឹង​ឃើញ​ថា​ នៅក្នុង​ព្រះពុទ្ធ​សាសនា​មាន​ក្បួនខ្នាត​ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ ដោយឡែក​ទៅតាម​ការ​យល់ដឹង​របស់​គាត់​ ជំនឿ​របស់​គាត់។​ អ្វី​ដែល​គាត់​ផ្តោត​ផ្សាភ្ជាប់​នឹង​សាសនា​ហ្នឹង​ខ្លាំង​បាន​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ ឲ្យ​គាត់​អាច​ទទួលយក​កម្មផល​ហ្នឹង​បាន។​ ប៉ុន្តែ​ការ​ទទួល​កម្មផល​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ​ ដូច​ថា​ គេ​ធ្វើ​អី​ក៏​បាន​ដែរ​ ចេះតែ​ទទួល​យក​ក៏​មិន​ត្រឹមត្រូវ​ដែរ។​ គាត់​ទទួល​យក​ល្មម​ដែល​ធ្វើឲ្យ​ចិត្ត​គាត់​ត្រជាក់​ គាត់​ស្ងប់។ អញ្ចឹង​អាការៈ​ទុក្ខ​លំបាក​ហ្នឹង​បាន​ថយ​ទៅតាម​ការ​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​សាសនា​ហ្នឹង។​ ទាំងអស់​ហ្នឹង​ហើយ​ដែល​គាត់​ដោះស្រាយ​ដោយ​ខ្លួន​គាត់។​ លើស​ពី​នេះ​ មាន​ព្រះសង្ឃ​ មាន​ពុទ្ធ​បរិស័ទ​បាន​ចេះដឹង​ដោយសារ​គាត់​ធ្លាប់​រងគ្រោះ​ ធ្វើ​ទេសនា​ ធ្វើ​សម្មាធិ​ ធ្វើ​វិបស្សនា​ ដើម្បី​ជួយ​រំលែក​គ្នា​ ឲ្យ​អារម្មណ៍​មូល​ កាត់ផ្តាច់​ចេញ​ពី​បរិយាកាស​ខាងក្រៅ​ដែល​តែងតែ​នាំមក​ទុក្ខ​លំបាក​ប៉ះពាល់​អារម្មណ៍។​ គាត់ធ្វើ​យ៉ាង​នេះ​ឲ្យ​អារម្មណ៍​គាត់​មិនសូវ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​អ្វី​ដែល​ជា​ការ​ប៉ះទង្គិច។​ លើស​ពី​នេះ​ទៀត​ នៅក្នុង​ព្រះពុទ្ធសាសនា​ហ្នឹង​ដែរ​ យើង​ឃើញ​ថា​ នៅ​ថ្ងៃ​សីល​ ចាស់ៗ​នាំ​គ្នា​ទៅ​វត្ត​ ទៅ​សុំ​សីល​ ដល់​គាត់​សុំ​សីល​ហើយ​ ពេល​ថ្ងៃ​ត្រង់​ គាត់​ពិសារ​បាយ​ជុំ​គ្នា។​ រួច​ពី​ពិសារ​បាយ​ គាត់​និយាយ​រឿងរ៉ាវ​ពីនេះ​ពីនោះ​អំពី​ទុក្ខ​លំបាក​របស់​គាត់។ ​ឱកាស​នេះ​ហើយ​ជា​ឱកាស​ដែល​ គាត់​ចែក​រំលែក​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​គាត់​ដែល​មាន​រៀងៗ​ខ្លួន។

វីអូអេ៖ បើ​តាម​បទពិសោធន៍​របស់​លោក​សាស្រ្តាចារ្យ​ផ្ទាល់​ក្នុង​ការ​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​សុខភាព​ផ្លូវចិត្ត​ តើ​លោក​សាស្រ្តាចារ្យ​បាន​ជួយ​ពួកគាត់​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​តាម​វិធីសាស្រ្ត​ណា​ខ្លះ?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ជា​ទូទៅ​គ្រួសារ​ ឬក៏​សង្គម​តែងតែ​មិន​សូវ​យល់ថា អ្នក​កើត​ជំងឺ​ផ្លូវចិត្ត​មាន​ជំងឺ​ទេ​ ឬក៏​មិន​យល់​ពី​ជំងឺ​ដែរ។​ គេក៏​មិនបាន​យល់​ពី​ស្ថានភាព​ពិត​ថា​ ហេតុអ្វី​បានជា​គាត់​មាន​អាកប្បកិរិយា​ ឬ​ឥរិយាបថ​អញ្ចឹង។​ ដល់​ពេល​គាត់​មក​ជួប​យើង​ យើង​សម្តែង​ទឹកចិត្ត​ កាយវិការ​ និង​ពាក្យ​សំដី​ ដែល​យើង​ហៅ​ថា​ «ព្រហ្មវិហារធម៌»។​ ទាំងអស់​នេះ​គឺជា​អ្វី​ដែល​គាត់​រងចាំ​យូរ​ណាស់​មកហើយ​ថា​ នៅពេលណា​មួយបាន​គេ​ជឿ​គាត់​ បាន​គេ​ជួយ​ឈឺឆ្អាល​គាត់​ គេ​ប្រាកដជា​ដឹង​ថា​ គាត់​ឈឺ។​ ដល់​យើង​សម្តែង​អញ្ចឹង​ទៅ គាត់​មាន​ការ​រំភើប​ គាត់​សប្បាយ​ចិត្ត​ គាត់​ទុកចិត្ត​យើង​ គាត់​ហ៊ាន​និយាយ​អ្វីៗ​ ទាំងអស់។​ លើសពី​នេះ​ទៀត​ ចំពោះ​អ្នក​ខ្លះ​ដែល​កាច​ អ្នក​ខ្លះ​ដែល​ខ្លាច​ ជួនកាល​គាត់​មាន​អារម្មណ៍​ ដែល​គេ​ហៅ​ថា​ Hallucination​ ចេះតែ​ឃើញ​ ឬ​ចេះតែ​ឮ​អ្វី​ ដែល​អ្នកដទៃ​មិន​ឃើញ​ មិន​ឮ​ តែ​មាន​តែខ្លួនគាត់​ទេ​ដែលឮ​ ដែល​ចេះតែ​ស្រមៃ​គិត​រឿង​អី​អាក្រក់ៗ​ ដល់​អ្នក​នៅក្នុង​ក្រុម​គ្រួសារ​ជាមួយ​គាត់​រក​យល់​អត់​បាន​ អញ្ចឹង​គាត់​ធ្វើ​អ្វី​ទៅ​អត់​ស៊ី​ជាមួយនឹង​អ្វី​ដែល​អារម្មណ៍​អ្នក​ជំងឺ​កំពុងតែ​ទទួល​ទេ។​ យើង​ជា​គ្រូពេទ្យ​ យើង​ធ្លាប់​មើល​ជំងឺ​ យើង​សង្កេត​មើល​ឥរិយាបថ​ និង​ភិនភាគ​ហ្នឹង​ យើង​ដឹង​ថា​ គាត់​មាន​សម្តី​ណាមួយ​ដែល​ឮ​ក្នុង​ត្រចៀក​គាត់​ គេ​គំរាមកំហែង​ គេ​សំឡុត​គាត់​ ឬ​គាត់​ឃើញ​អាការៈ​ ឬក៏​រូបភាព​អី​មួយ​អាក្រក់​ ហើយ​ធ្វើឲ្យ​ខ្លាច។​ អញ្ចឹង​ដោយសារ​ឃើញ​អញ្ចឹង​ យើង​បាន​ជួយ​លើក​ទឹកចិត្ត​គាត់​ និង​ជួយ​ការពារ​គាត់​ថា​ អត់​មាន​អ្នកណា​គំរាមកំហែង​គាត់​បាន​ទេ។​ ឥឡូវ​នេះ​គេ​នៅ​ជុំវិញ​ដើម្បី​ជួយ​គាត់​ រូបភាព​ដែល​ឃើញ​ហ្នឹង​ជា​រូបភាព​មែន​ តែ​មិនមែន​ជា​រូបភាព​ពិត​ទេ។​ រូប​ហ្នឹង​ គាត់​ឃើញ​តែ​ម្នាក់ឯង​ទេ​ តែ​យើង​អត់​ឃើញ​ទេ​ ហើយ​រូបភាព​ទាំងអស់​ហ្នឹង​មិន​អាច​ធ្វើ​អ្វី​គាត់​បាន​ទេ​ ព្រោះ​គាត់​ឃើញ​យូរ​ហើយ។​ មក​ទល់​នឹង​ពេល​នេះ​ រាងកាយ​គាត់​មិនបាន​ប៉ះពាល់​របួស​អ្វី​ទេ។

ករណី​ណា​ដែល​គាត់​បាត់​ម្ចាស់ការ​ ករណី​ណា​ដែល​មិន​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ និយាយ​គ្នា​ស្តាប់​មិន​បាន​ ឬក៏​ក្នុង​ករណី​ណា​ដែល​គាត់​និយាយ​ស្តាប់​គ្នា​បាន​ក៏ដោយ​ តែ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាការៈ​ហ្នឹង​អាច​មាន​គ្រោះថ្នាក់​ដល់​គាត់​ ឬក៏​ដល់​អ្នកដទៃ​ ដូច្នេះ​ចាំបាច់​បំផុត​យើង​ត្រូវ​ប្រើ​ថ្នាំ​ដើម្បីឲ្យ​គាត់​ស្ងប់​ និង​ធានា​បាន​សុវត្ថិភាព​សម្រាប់​គាត់​ និង​អ្នកដទៃ។​ នៅ​ពេលណា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ដែល​យើង​ប្រាស្រ័យ​ទាក់ទង​និយាយ​គ្នា​ទៅ​បាន​ ពេលនោះ​ហើយ​បន្ថែម​ទៅលើ​ការ​ប្រើប្រាស់​ថ្នាំ​ យើង​ត្រូវ​ធ្វើការ​ប្រឹក្សា​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Counseling​ និង​ការ​ព្យាបាល​ដោយ​ចិត្តសាស្រ្ត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Psychotherapy​ ទៅតាម​បែបបទ​នានា​ដែល​វា​តម្រូវឲ្យ​ធ្វើ។​ បន្ថែម​ពី​លើ​នេះ​ទៀត​ យើង​ត្រូវ​ធ្វើ​ការ​អប់រំ​អ្នកជំងឺ​ឲ្យ​យល់​ពី​ជំងឺ​ កុំឲ្យ​ភ័យ​តក់ស្លុត​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Psycho-education​ ព្រមទាំង​អប់រំ​ក្រុម​គ្រួសារ​ឲ្យយល់​ពី​អ្នកជំងឺ​ហ្នឹង​ និង​ថែមទាំង​ដោះស្រាយ​រាល់​វិបត្តិ​ និង​ទំនាស់​ដែល​មាន​រវាង​អ្នកជំងឺ​ជាមួយ​ក្រុម​គ្រួសារ​ ព្រោះតែ​ក្រុម​គ្រួសារ​មិន​យល់​ពី​អ្នកជំងឺ​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Family therapy​ និង​មួយ​ទៀត​គឺ​ការ​ដោះស្រាយ​បញ្ហា​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Problem solving។​ អញ្ចឹង​ក្នុង​ករណី​ដែល​មាន​អ្នកជំងឺ​ម្នាក់​មាន​ជំងឺ​ផ្លូវចិត្ត​ វា​មិនមែន​ដូចជា​ជំងឺ​ផ្លូវកាយ​ទេ។​ ជំងឺ​ផ្លូវចិត្ត​វា​ជំពាក់ជំពិន​ច្រើន​ណាស់។ ជួន​វា​ជំពាក់ជំពិន​រវាង​អ្នក​ជំងឺ​ជាមួយ​នឹង​នរណា​ម្នាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ។​ អញ្ចឹង​ត្រូវ​រក​មនុស្ស​គន្លឹះ​ដែល​ជា​អ្នក​មាន​ការ​ជំពាក់​ជំពិន​មក​រួមគ្នា​ទាំងអស់​ ដើម្បី​ដោះស្រាយ​ឲ្យ​យល់គ្នា​ទៅវិញ​ទៅមក​ ដើម្បី​រៀបចំ​កសាង​បរិយាកាស​សង្គម​ ដែល​គាត់​នឹង​ត្រឡប់​ទៅ​នៅ​វិញ​ឲ្យ​ល្អ។ បើ​យើង​មិន​ធ្វើ​អញ្ចឹង​ទេ​ គាត់​ជា​តែ​នៅក្នុង​មន្ទីរពេទ្យ​ទេ​ ដល់​គាត់​ត្រឡប់​ទៅវិញ​ វា​កើត​រឿង​ដដែល​ ឈឺ​វិញ​ដដែល។

វីអូអេ៖ តើ​លោក​សាស្រ្តាចារ្យ​មាន​អនុសាសន៍​ ឬ​ដំណោះស្រាយ​ណាមួយ​ទេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធិភាព​ទេ?

សាស្រ្តាចារ្យ ​កា​ ស៊ុនបូណាត៖ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សង្រ្គាម​ក្តី​ ដោយ​របប​ប៉ុល ពត​ក្តី​ ឬក៏​ក្រោយ​មក​ទៀត​ ដោយសារតែ​ក្រោយ​សង្រ្គាម​ ស្ថានភាព​មិនបាន​ល្អ​ទេ។​ គ្រប់​ប្រទេស​ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ តែ​ក្រោយ​សង្រ្គាម​ជួប​ការ​លំបាកលំបិន​ដូចគ្នា។​ វា​មិន​ខុសពី​ប្រទេស​ខ្មែរ​យើង​ក្រោយ​ពី​សង្រ្គាម​លោក​លើក​ទី​២​បាន​រលត់​ទៅ​ទេ​គឺ​រស់​ដោយ​លំបាក។ អញ្ចឹង​ទុក្ខ​លំបាក​ថ្មី​របស់​ប្រជាពលរដ្ឋ​យើង​ដែល​រងគ្រោះ​ទល់នឹង​របប​ប្រល័យ​ពូជសាសន៍​ក្តី​ ដោយសារ​សង្រ្គាម​ក្តី​ និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​កើត​ស្រករ​ក្រោយ​ក្តី​ ធំ​ជាង​គេ​គឺ​ភាព​ក្រីក្រ​នេះ​ឯង។​ ដូច្នេះ​ការ​អភិវឌ្ឍ​ប្រទេស​ជា​ការ​មួយ​ ជួយ​មួយ​ចំណែក​ធំ​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​សង្ឃឹម​ និង​ជួយ​គាត់​បន្ថយ​ការ​លំបាក​ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ភាព​តោកយ៉ាក​នេះ​ វិបត្តិ​ទាំង​ប៉ុន្មាន​ហ្នឹង​ ដែល​ជា​កត្តា​ធ្វើឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់។ អញ្ចឹង​ការ​អភិវឌ្ឍ​ប្រទេស​ជា​រឿង​មួយ​ធំ​ណាស់​ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​យើង​ធូរស្រាល​ពី​កត្តា​ដែល​នាំឲ្យ​កើត​ជំងឺ​ផ្លូវចិត្ត​ និង​កត្តា​ធ្វើឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ។​ កាលណា​ធូរស្រាល​ជីវភាព​ទៅ​ គេ​មាន​ឱកាស​នឹង​ទៅ​ព្យាបាល​បាន។​ កាលណា​តែ​រក​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​ គឺ​គ្មាន​ឱកាស​នឹង​ទៅ​ព្យាបាល​ទេ។​ ហេតុ​ដូច្នេះ​ហើយ​ សូម​ឲ្យ​ ពិភពលោក​ទាំងមូល​មើល​ឃើញ​នូវ​ទុក្ខសោក​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​សង្រ្គាម​ ដោយសារ​គ្រោះ​មហន្តរាយ​នា​ពេល​បច្ចុប្បន្ន​ មេត្តា​មើល​ឃើញ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ប្រទេស​ដោយ​ទូលាយ​ ដើម្បី​ជួយ​អ្នកក្រីក្រ​ផង​ និង​អ្នករងគ្រោះ​ដោយសារ​ជំងឺ​ផ្លូវចិត្ត​ផង​ ដែល​ជា​មធ្យោបាយ​ល្អ​ប្រសើរ​ណាស់។​ មានតែ​ប៉ុណ្ណឹង​ទេ​ ដែល​ជា​គន្លឹះ​ធំ​ជួយ​អ្នកក្រីក្រ​ឲ្យបាន​ធូរស្រាល។​ ជីវភាព​តានតឹង​ជា​កត្តា​មួយ​ធ្វើឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ តែ​បើ​យើង​អភិវឌ្ឍ​ប្រទេស​បាន​ល្អ​ទៅ​ ជីវភាព​របស់​គេ​នឹង​បាន​ធូរស្រាល។​ អញ្ចឹង​បញ្ហា​ផ្លូវចិត្ត​គាបសង្កត់​ហ្នឹង​ក៏​ថយ។​ គ្នា​អាច​មាន​ឱកាស​រក​ប្រាក់កាស​ដើម្បី​រស់នៅ​ ហើយ​ក៏​មាន​ប្រាក់​កាស​ខ្លះៗ​ដើម្បី​ព្យាបាល​ជំងឺ​ដែរ។​ វា​ជា​រឿង​មួយ​ក្នុង​សម័យ​ឥឡូវ​នេះ​ សម្រាប់​ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រទេស​ដទៃ​ដែរ។​ ការ​បើក​ទូលាយ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ពី​គ្រប់​មជ្ឈដ្ឋាន​ វា​ជា​មធ្យោបាយ​ដ៏​ធំ​ ដ៏​សំខាន់​សម្រាប់​ដោះស្រាយ​រាល់​ការ​លំបាក​ទាំង​ប៉ុន្មាន​ដែល​នាំឲ្យ​កើត​ជំងឺ​ផ្លូវចិត្ត​ ឬក៏​រាល់​កត្តា​ទាំង​ប៉ុន្មាន​ដែល​ជំរុញឲ្យ​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់។

មួយវិញទៀត​ យើង​ត្រូវ​គិត​ថា​ ជំងឺ​ផ្លូវចិត្ត​នេះ​ទាក់ទង​នឹង​កត្តា​៣​ គឺ​កត្តា​ជីវសាស្ត្រ​ កត្តា​ចិត្តសាស្រ្ត​ និង​កត្តា​សង្គម​ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​ យើង​ត្រូវ​ថែម​មួយ​ទៀត​គឺ​កត្តា​ជំនឿ។​ អញ្ចឹង​បើ​កត្តា​៤​ ហ្នឹង​ជា​កត្តា​នាំឲ្យ​កើត​ជំងឺ។ យើង​ដោះស្រាយ​វិញ។​ យើង​ត្រូវ​ដោះស្រាយ​មូលហេតុ​របស់​វា។​ កត្តា​ជីវសាស្រ្ត​ យើង​ត្រូវ​ប្រើ​ឱសថ​ដើម្បី​កែ​អ្វី​ដែល​ដំណើរការ​មិន​ប្រក្រតី​ ដែល​វា​បាត់​លំនឹង​នៅក្នុង​ប្រព័ន្ធ​ខួរក្បាល​ដែល​គ្រប់គ្រង​អារម្មណ៍។​ កត្តា​ចិត្តសាស្រ្ត​ គឺ​យើង​ធ្វើការ​អប់រំ​ មាន​ព្រះពុទ្ធសាសនា​ មាន​ចលនា​អប់រំ​សុខភាព​ផ្លូវចិត្ត​ និង​មាន​អ្នក​ជំងឺ​ជាច្រើន​ដែល​បាន​ធូរស្បើយ​បាន​អប់រំ​អ្នកដទៃ​ផងដែរ​ ហើយ​ប្រជាពល​រដ្ឋ​ឥឡូវ​ ដោយ​គាត់​បាន​យល់ដឹង​ ភ្លឺស្វាង​ គាត់​ក៏​មាន​ឥរិយាបថ​ ទស្សនៈ​ល្អ។ គាត់​យល់​អធ្យាស្រ័យ​រវាង​គ្នា​និង​គ្នា​ ដែល​បង្កើត​ជា​បរិយាកាស​ល្អ​ ឲ្យ​ម្នាក់ៗ​មាន​ផ្លូវចិត្ត​បាន​ស្រឡះ។​ កត្តា​សង្គម​ បើ​យើង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​ល្អ​ទៅ​ វា​ជា​រឿង​មួយ​ជួយ​ហើយ ​ដូចជា​រាជ​រដ្ឋាភិបាល​ខំ​ប្រឹង​សព្វ​យ៉ាង​ទាំងអស់។​ ក្រៅពី​នេះ​ កត្តា​ជំនឿ​ គឺ​យើង​តម្រង់​ជំនឿ​ហ្នឹង ​កុំឲ្យ​ជឿ​ជ្រុល​ ជឿ​ខុស​ ដូចជា​នៅពេល​ដែល​ឪពុក​ម្តាយ​ស្លាប់​បាត់​ទៅ​ ជិត​ពេល​ភ្ជុំ​ ជិត​ពេល​ចូលឆ្នាំ​ ឬ​ពេលខ្លះ​យល់​សប្តិ​ឃើញ​ឪពុក​ម្តាយ​ក្រ​រហេមរហាម​ ធ្វើឲ្យ​ស្រណោះ​នឹក​ដល់​គាត់​ ហើយ​ចេះតែ​យល់សប្តិ​ពីរបី​ថ្ងៃ​ជាប់ៗ​គ្នា​ទៀត​។ អារម្មណ៍​ហ្នឹង​ធ្វើឲ្យ​គាត់​សោកសៅ​ជាច្រើន​អាទិត្យ​ទៅ​ ទៅជា​ធ្លាក់​ទឹកចិត្ត។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ យើង​ធ្វើ​ទៅតាម​សទ្ធា​ដែល​យើង​មាន​ លុយ​តិច​ក៏ដោយ​ យើង​ធ្វើ​ម្ហូប​មួយ​ស្រាក់​អី​ ទៅ​បង្សុកូល​ជូន​ដល់​ព្រលឹង​ម៉ែ​ឪ​ ជីដូន​ជីតា​ទៅ​ អារម្មណ៍​គាត់​ស្រឡះ​ហើយ។​ ការ​ធ្វើ​បែប​នេះ​ វា​ធ្វើឲ្យ​មនុស្ស​នោះ​បាន​ជ្រះស្រឡះ​ថា ​ជីដូន​ជីតា​ហ្នឹង​បាន​ស្ងប់ចិត្ត ​ហើយ​គាត់​បាន​ទទួល​ផល​អី​អស់​ហើយ​ ដល់​ហើយ​គាត់​មិនសូវ​យល់សប្តិ​អាក្រក់​ពី​ជីដូនជីតា​ដែល​បាន​ស្លាប់​បាត់ទៅ។​ អារម្មណ៍​គាត់​ហ្នឹង​ ហើយ​នឹង​ការ​លំបាក​ ធ្លាក់​ទឹកចិត្ត​អី​ក៏​ធូរស្រាល​ដែរ។​ ដូច្នេះ​ យើង​មាន​វិធី​ ៤​ ធំៗ​ដូច​ខ្ញុំ​បាន​ជម្រាប​ដើម្បី​ដោះស្រាយ​ទៅតាម​ស្ថានភាព​របស់​អ្នក​ជំងឺ​ម្នាក់ៗ៕

XS
SM
MD
LG