ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​ពេទ្យ​​ចិត្ត​សាស្ដ្រ​​សម្រាប់​ជន​រងគ្រោះ​ដោយ​សម័យ​ខ្មែរក្រហម


គ្រូពេទ្យ​មួយក្រុម​មក​ពី​ប្រទេស​ចំនួន​បួន​នឹង​ធ្វើ​ការ​សិក្សា​បញ្ចប់​អំពី​តម្រូវ​ការ​នៃ​ការ​បង្កើត​មន្ទីរពេទ្យ​ចិត្ត​សាស្ដ្រ​មួយ​សម្រាប់​ជន​រងគ្រោះ​ដោយ​សម័យ​ខ្មែរក្រហម។​ គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត​កម្ពុជា​យល់​ថា ​មន្ទីរពេទ្យ​នេះ​មាន​សារៈ​សំខាន់​ ​ក៏​ប៉ុន្ដែ​មន្ដ្រី​ផ្លូវការ​របស់​រដ្ឋាភិបាល​គិត​ថា​ ​មិន​មាន​ការ​ចាំបាច់​សម្រាប់​បង្កើត​មន្ទីរ​ពេទ្យ​ដូច្នេះ​ទេ។

ប្រាំ​មួយ​ឆ្នាំ​បន្ទាប់ពី​ចាប់ផ្ដើម​សិក្សា​ទៅ​លើ​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ ​នៅ​ពេល​នេះ​ ក្រុម​វេជ្ជ​បណ្ឌិត​ផ្នែក​ចិត្ត​សាស្ដ្រ​មកពី​សហ​រដ្ឋ​អាមេរិក និង​មក​ពី​ប្រទេស​ពីរ​ផ្សេង​ទៀត​របស់​ទ្វីបអឺរ៉ុប​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែ​តុលា​ខាងមុខ​នេះ​ដើម្បី​ធ្វើ​ការ​សិក្សាបញ្ចប់​រួម​គ្នា​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​កម្ពុជា​ទៅ​លើ​តម្រូវ​ការ​សម្រាប់​ការ​សាងសង់​មន្ទីរពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត​មួយ​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម។​ ហើយ​ក្រុម​វេជ្ជ​បណ្ឌិត​ទាំង​នេះ​នឹង​ជូនយោបល់​ដល់​រដ្ឋាភិបាល​សម្រាប់​បង្កើត​មន្ទីរពេទ្យ​នេះ។

លោក​ឆាំង យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​បាន​រៀបចំ​ការ​សិក្សា​នេះ​ ​មាន​ប្រសាសន៍​ថា​ ការសិក្សា​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​បង្ហាញ​ថា​ ​សេវា​កម្ម​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ និង​ដល់​អ្នក​ជំងឺ​ផ្លូវចិត្ត​ជាទូទៅ​ ​មិន​គ្រប់​គ្រាន់​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​សាងសង់​មន្ទីរពេទ្យ​នេះ។

“យើង​ឈាន​ទៅ​ដល់​ដំណាក់​កាល​មួយ​ថា​ ​រដ្ឋាភិបាល​គួរតែ​សាង​សង់​មន្ទីរ​ពេទ្យ​មួយ​សម្រាប់​សេវា​កម្ម​សុខភាព​ផ្លូវចិត្ត​ ​ដោយសារ​យើង​បាន​រក​ឃើញ​ថា​ ​ទោះបីជា​នៅ​កន្លែង​ផ្សេងៗ​ទៀត​ ​ទោះបី​មាន​សេវា​កម្ម​ក៏ដោយ​ ​វា​មិន​គ្រប់គ្រាន់​ទេ​ ​ហើយវាទាក់ទង​នឹង​ការតព្វ​កិច្ច​របស់​រដ្ឋាភិបាល​ ​ហើយវាអាច​ជា​សំណង​សម្រាប់​ជន​រងគ្រោះ​ដែល​បាន​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ការ​កាត់​ទោស​ខ្មែរក្រហម។​ យើង​នឹង​ស្នើ​ជូន​រដ្ឋាភិបាល​សុំ​ឲ្យ​មាន​ការ​សាងសង់​មន្ទីរពេទ្យ​មួយ​ដែល​បម្រើ​សុខ​ភាព​ផ្លូវចិត្ត​ដល់​អ្នក​ណា​ដែល​ជា​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ"។

លោក​ឆាំង​ យុ ​បាន​បន្ថែម​ថា​ ​ក្រុម​វេជ្ជ​បណ្ឌិត​ផ្នែក​ចិត្ត​សាស្រ្ដ​ទាំង​បួន​ប្រទេស​ ​ដែល​មាន​គ្នា​សរុប​ចំនួន​១៦​នាក់​ ​នឹង​ត្រូវ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០១០​នេះ។​ ហើយ​ពួក​គេ​នឹង​ដាក់​របាយ​ការណ៍​សិក្សា​នេះ​ដែល​មាន​កម្រាស់​ជាង​៤០០​ទំព័រ​ជូន​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​នៅ​ក្នុង​របាយ​ការណ៍​នេះ​ ​ក្រុម​គ្រួពេទ្យ​ជូន​យោបល់​ថា​ ​ការ​សាង​សង់​មន្ទីរពេទ្យ​ផ្លូវ​ចិត្ត​ ​ដាច់​ដោយ​ឡែក​ពី​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ​ ​ពិសេស​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហមគឺ​ជា​ការ​ចាំបាច់។

លោក​ឆាំង​ យុ​ មាន​ប្រសាសន៍​ថា​ ​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដោយសារ​របប​ខ្មែរក្រហម​នេះ​នឹង​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មួយ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។

“សំណួរ​មួយ​ដែល​យើង​សួរ​ថា​ ​ចុះ​បើ​យើង​មាន​សព្វថ្ងៃ​នេះ​ អ្នក​ដែល​រស់រាន​មាន​ជីវិត​មាន​រហូតដល់​ប្រាំលាន​នាក់​ ​តើ​យើង​អាច​ដឹង​ថា​ ​ក្នុង​ចំណោមប្រាំ​លាន​នាក់​នេះ​មាន​ប៉ុន្មាន​នាក់​ដែល​ទទួល​រង​បញ្ហា​នេះ? ហើយ​មាន​សេវា​កម្ម​អ្វី​ខ្លះ​ដែល​ផ្ដល់​ជូន​គាត់​ប្រសិន​បើ​គាត់​ត្រូវការ?​ ហើយ​មន្ទីរពេទ្យ​នេះ​ជា​កន្លែង​ប្រជុំ​សិក្សា​ស្រាវជ្រាវ​អំពី​ផ្នែក​ចិត្ត​សាស្ដ្រ​ ​រក​វិធី​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរក្រហម ​ក៏​ដូចជា​ក្រោយ​ពេលដែល​តុលាការត្រូវ​បានបញ្ចប់​ទៅ"។

របប​កម្ពុជា​ប្រជាធិប​តេយ្យ​របស់​ពួកខ្មែរក្រហម​បាន​បង្អត់អាហារ​ ​បង្ខំ​ឲ្យ​ប្រជាជន​ខ្លួន​ឯងធ្វើ​ពល​កម្ម​យ៉ាង​ធ្ងន់​ធ្ងរ​ ​រួម​ទាំង​ធ្វើទារុណ​កម្ម​ និង​កាប់​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ដោយ​ពុំ​មាន​ការ​វិនិច្ឆ័យ​ទោស​ទៀត​ផង​ទេ។ ​ជន​រងគ្រោះ​យ៉ាង​តិច​១,៧​លាន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅក្នុង​ការ​គ្រប់គ្រង​អស់​រយៈ​ពេល​៣ឆ្នាំ៨​ខែ​២០ថ្ងៃ​របស់​របប​ខោអាវ​ខ្មៅ​នេះ។ ​ជន​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ឃុំ​ឃាំង​ទុក​ជា​បណ្ដោះ​អាសន្ន​ ​នៅ​ក្នុង​នោះ​មាន នួន ​ជា​ ​ខៀវ ​សំផន​ ​អៀង​ សារី​ ​អៀង ធារិទ្ធ​ និងឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង។ ​ក៏ប៉ុន្ដែ​ ​ឌុច​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣៥​ឆ្នាំ​ ​កាល​ពី​ចុងខែ​កក្កដា។​ រី​ឯ​ជន​ជាប់ចោទចំនួន​បួននាក់​ផ្សេង​ទៀត​ត្រូវ​រង់ចាំ​ការកាត់​ទោសជា​ប្រវត្តិ​សាស្រ្ដ​នៅ​ដើមឆ្នាំ​២០១១។

យោង​តាម​ឯកសារ​របស់​មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​បង្ហាញ​ថា​ ​មាន​កុមារ​កំព្រា​ប្រមាណ​ជា​២០០​ ០០០នាក់​ក្រោយ​ពី​របប​ខ្មែរក្រហមត្រូវ​បាន​ផ្តួល​រំលំ។ ​រី​ឯ​ក្នុង​ចំណោមជន​រងគ្រោះ​ដែលនៅ​សេស​សល់​ ​គេច​ផុត​ពី​ការ​កាប់​សម្លាប់នោះ​គឺ​ស្ទើរ​តែ​៧០​ភាគរយជាស្ដ្រី។ ​ជន​រងគ្រោះ​ដែលនៅ​សេស​សល់​ពី​របប​ខ្មែរក្រហម​នោះ​តែងតែ​ដក់ជាប់​នូវ​ការ​ឈឺ​ចាប់​ ​ភាព​តក់​ស្លុត​ ​និង​ការ​បាក់​ស្បាត​ជាដើម។ ​បញ្ហា​ទាំង​នេះ​ដែល​ជា​សញ្ញា​នៃ​ជំងឺ​ផ្លូវចិត្ត។

លោក​ខៀវ​ កាញារិទ្ធ​ ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល ​មាន​ប្រសាសន៍​ថា​ ​រដ្ឋា​ភិបាល​បាន​និង​កំពុង​ព្យាបាល​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទាំងឡាយ​ ​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​ ​ដូច្នេះ​មិន​មាន​ការចាំបាច់​បង្កើត​មន្ទីរពេទ្យ​របៀប​នេះ​ដាច់​ដោយ​ឡែក​នោះ​ទេ។ ​ក៏​ប៉ុន្ដែ​លោក​មាន​ប្រសាសន៍​ថា​ ​រដ្ឋាភិបាល​ស្វាគមន៍​ការ​បង្កើត​មន្ទីរ​ពេទ្យ​នេះ​ជា​លក្ខណៈ​ឯកជន​ណា​មួយ​នោះ។

“នេះ​ជា​ការងារ​សុខាភិបាល​រួម​ ​ទោះបី​ជា​តុលាការ​នេះចប់​ក្ដី។​ ការងារពេទ្យ ​(នេះ) ​ត្រូវតែ​ធ្វើ​ជា​បន្ត​ទៀត ​គ្រាន់​តែ​ឥឡូវ​យើង​មិន​សូវ​មាន​អ្នក​ចិត្តវិទូ​ច្រើន។​ ឥឡូវ​បើសិន​ជា​ឯកជន​ណា​ចង់​សាងសង់​ (មន្ទីរពេទ្យ)​ ​ឲ្យ​គេ​ធ្វើ​ទៅ"។

ប្រទេស​កម្ពុជាមិន​សូវ​សម្បូរ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ។ ​យោង​តាម​លោក​វេជ្ជ​បណ្ឌិត​ មុនី​ សុថារ៉ា​ ​ប្រធាន​ផ្នែក​ជំងឺ​ផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ​ ​ក្រុង​ភ្នំពេញ​ ​និង​ជា​អ្នក​សម្រប​សម្រួល​កម្ម​វិធី​ជំងឺ​ផ្លូវ​ចិត្ត​របស់​អង្គការ​ចិត្ត​សង្គម​ ​អន្ដរ​វប្បធម៌​ (TPO)​ បាន​ឲ្យដឹង​ថា​ ​ប្រទេស​កម្ពុជា​ទើបតែ​បាន​បង្កើត​ឲ្យ​មាន​គ្រូពេទ្យ​ចិត្ត​សាស្រ្ដ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៤​ ​បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ។

លោក​វេជ្ជបណ្ឌិត​មុនី​ សុថារ៉ា​ មាន​ប្រសាសន៍​ថា​ ​បើ​តាម​គោល​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ ​គេ​មិន​គួរ​បង្កើត​មន្ទីរពេទ្យ​ចិត្ត​សាស្ដ្រ​មួយ​នៅ​ក្រៅ​មន្ទីរពេទ្យ​សាធារណៈ​ ​ឬក៏​មន្ទីរពេទ្យ​ពិគ្រោះ​ជំងឺ​ទូទៅ​នោះ​ទេ។​ ក៏​ប៉ុន្ដែ​សម្រាប់​រូបលោក​ ​លោក​យល់ឃើញ​ថា​ ​គួរ​តែ​មាន​មន្ទីរពេទ្យ​ឯក​ទេស​សម្រាប់​ការ​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត​ ​ជាពិសេស​សម្រាប់​ការព្យាបាល​ជំងឺ​បាក់ស្បាត​របស់​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរក្រហម​ ​ក៏ប៉ុន្ដែ​លោក​វេជ្ជ​បណ្ឌិត​មុនី​ សុថារ៉ា​មាន​ប្រសាសន៍​ថា​ ​ការបង្កើត​មន្ទីរ​ពេទ្យ​ដាច់​ដោយ​ឡែក​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​នេះ​ ​ត្រូវតែមាន​គ្រូពេទ្យ​ និង​ក្រុម​វេជ្ជ​បណ្ឌិត​មាន​គុណភាព​ជាក់លាក់៕

XS
SM
MD
LG