អង្គការសុខភាពពិភពលោកបានអំពាវនាវដល់សាលារៀននានា ត្រូវការពារដល់កុមារឱ្យចៀសផុតពីការប្រើប្រាស់ថ្នាំជក់ដែលប៉ះពាល់ដល់សុខភាព ហើយធ្វើឱ្យបរិវេណសាលារៀនក្លាយជាកន្លែងដែលគ្មានការប្រើប្រាស់ថ្នាំជក់ឬសារធាតុញៀននីកូទីន។
ថ្នាំជក់បានសម្លាប់មនុស្សជាង៨លាននាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើនក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម គឺមានចំនួនប្រមាណ៨០ភាគរយ នៃអ្នកប្រើប្រាស់ថ្នាំជក់ចំនួន១ពាន់៣រយលាននាក់នៅលើពិភពលោក។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានរាយការណ៍ថា ចំនួនកុមារជិតពាក់កណ្តាលនៅជុំវិញពិភពលោក បានដកដង្ហើមពីខ្យល់ដែលបំពុលដោយផ្សែងបារី ហើយកុមារប្រមាណ៥ម៉ឺន១ពាន់នាក់ បានស្លាប់ជារៀងរាល់ឆ្នាំពីជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងផ្សែងបារី។
មន្ត្រីពេទ្យនៃអង្គការសុខភាពពិភពលោក អ្នកស្រី Kerstin Schotte និយាយថា៖
«ក្រុមមនុស្សវ័យក្មេងមិនគ្រាន់តែត្រូវបានគំរាមកំហែងដោយផ្សែងបារីនោះទេ ប៉ុន្តែក៏ត្រូវបានយកធ្វើជាគោលដៅដ៏សំខាន់សម្រាប់ឧស្សាហកម្មថ្នាំជក់និងការពាក់ព័ន្ធមួយចំនួន ក៏ដូចជាផលិតផលរបស់វាដែលអាចធ្វើឱ្យមនុស្សស្លាប់បាន»។
ខណៈពេលដែលអ្នកជក់បារីចំនួនជាងពាក់កណ្តាលស្លាប់នៅអាយុក្មេង ហើយដើម្បីបានចំណេញច្រើន អ្នកស្រីនិយាយថា ឧស្សាហកម្មថ្នាំជក់បានព្យាយាមរកអតិថិជនថ្មីៗ ជំនួសអតិថនដែលពួកគេបាត់បង់ក្នុងពេលកន្លងទៅ។ អ្នកស្រីថ្លែងដូចនេះទៀតថា៖
ដោយសារអ្នកជក់បារីចំនួន៩០ភាគរយ បានបង្កើតទម្លាប់ជក់របស់ខ្លួនមុនអាយុ១៨ឆ្នាំនោះ ក្មេងជំទង់ៗបានក្លាយជាគោលដៅដ៏សំខាន់»នេះ។
អ្នកស្រីនិយាយថា មានយុទ្ធសាស្ត្រមួយ ដែលឧស្សាហកម្មថ្នាំជក់ព្យាយាមលួងលោមមនុស្សវ័យក្មេង ដើម្បីក្លាយជាអ្នកប្រើប្រាស់ថ្នាំជក់ថ្មីនោះ គឺតាមរយៈទីផ្សារផលិតផលដែលមានសារធាតុញៀននីកូទីន ដែលលាយជាមួយរសជាតិផ្អែមឬរសជាតិផ្លែឈើជាដើម។
អ្នកស្រីកត់សម្គាល់ថា៖
«ផលិតផលទាំងនេះ ត្រូវបានដាក់លក់នូវក្បែរសាលារៀន តាមអនឡាញ និងតាមម៉ាស៊ីនលក់ ដែលមិនបានសួរនាំលើអាយុរបស់អ្នកប្រើប្រាស់នោះឡើយ»។
អ្នកស្រីថ្លែងថា ឧស្សាហកម្មថ្នាំជក់ បានបង្កើតផលិតផលរបស់ខ្លួន ដែលមានតម្លៃសមរម្យដល់មនុស្សវ័យក្មេង តាមរយៈការលក់បំពង់ជក់ (Vape Sticks) រាងដូចប៊ិច ដែលប្រើបានតែមួយដង។ បំពង់ជក់ទាំងនេះមិនបានដាក់អក្សរព្រមានស្តីពីការប៉ះពាល់សុខភាពនោះទេ ហើយក្មេងៗជាច្រើនជាញឹកញាប់មិនបានដឹងថា បំពង់ជក់នោះមានដាក់សារធាតុញៀននីកូទីន និងគ្រោះថ្នាក់នោះឡើយ»។
លោក Ruediger Krech នាយកផ្នែកលើកកម្ពស់សុខភាពរបស់អង្គការសុខភាពពិភពលោកនិយាយថា នេះជាបញ្ហាមួយនៅជុំវិញពិភពលោក ដែលកើតមានទាំងក្នុងប្រទេសអ្នកមាននិងប្រទេសអ្នកក្រផងដែរ។ លោកបានកត់សម្គាល់ថា កាលពីខែកន្លងទៅ ទីភ្នាក់ងារឱសថនិងម្ហូបអាហារអាមេរិកបានព្រមានដល់ក្រុមហ៊ុនលក់រាយតាមអនឡាញចំនួន១៥ ឱ្យបញ្ឈប់ការលក់បារីអេឡិចត្រូនិក ដែលត្រូវបានដាក់ក្នុងកញ្ចប់ដែលមានលក្ខណៈទាក់ទាញខ្លាំងដល់ក្រុមយុវជន។
លោកនិយាយថា ផលិតផលដ៏គ្រោះថ្នាក់ទាំងនេះត្រូវបានដាក់លក់នៅក្នុងថ្នាក់រៀន នៅស្ថានីយរថយន្តក្រុង និងនៅគ្រប់កន្លែងដែលមានយុវជនប្រមូលផ្តុំគ្នា។ លោកបន្ថែមដូចនេះទៀតថា៖
«យើងត្រូវការពារយុវជនរបស់យើងមិនឱ្យស្លាប់ដោយសារផ្សែងបារីឬផ្សែងបារីអេឡិចត្រូនិកដែលមានជាតិពុល ក៏ដូចជាការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ទាំងអស់នេះផងដែរ»។
បារីអេឡិចត្រូនិកត្រូវបានក្រុមហ៊ុនថ្នាំជក់ផ្សព្វផ្សាយលើទីផ្សារ ដោយថាជាផលិតផលដែលជួយដល់អ្នកជក់ឱ្យផ្តាច់ការជក់ជាទម្លាប់ដែលធ្លាប់កើតមាន។ បើទោះបីជាយ៉ាងនេះក្តី ក៏មន្ត្រីពេទ្យអ្នកស្រី Schotte និយាយថា ភស្តុតាងជុំវិញរឿងនេះមិនទាន់ច្បាស់នៅឡើយ។
អ្នកស្រីបន្ថែមទៀតថា៖ «យើងគិតថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីនិយាយឱ្យប្រាកដថា តើផលិតផលទាំងនេះ នឹងជួយអ្នកជក់ឱ្យឈប់ជក់ឬយ៉ាងណានោះទេ»។ ប្រសិនបើអ៊ីចឹងមែន យើងនឹងឃើញមានការប្រើទ្វេដង។ អ្នកជក់ភាគច្រើនដែលព្យាយាមឈប់ជក់ដោយប្រើឧបករណ៍ទាំងនេះ មិនបានឈប់ប្រើផលិតផលថ្នាំជក់ទាំងអស់ឡើយ។
អ្នកស្រីនិយាយទៀតថា «ការកំណត់និយមន័យលើការឈប់ជក់ គឺមិនមែនថា អ្នកឈប់ប្រើផលិតផលមួយ ហើយងាកទៅប្រើផលិតផលញៀនណាមួយទៀតនោះទេ»។
ដើម្បីដោះស្រាយបញ្ហានេះ អង្គការសុខភាពពិភពលោក បានដាក់ចេញនូវការណែនាំថ្មីមួយ និងផ្តល់សម្ភារសម្រាប់មន្ត្រីរដ្ឋបាលសាលារៀន និងគ្រូបង្រៀន អំពីរបៀបនៃការបង្កើតបរិវេណសាលារៀន ដែលគ្មានការប្រើប្រាស់បារីនិងសារធាតុញៀននីកូទីន។ ការណែនាំនេះផ្តល់ឧទាហរណ៍អនុវត្តជាក់ស្តែងល្អៗ ពីតាមបណ្តាប្រទេស ទីក្រុងនិងសាលារៀនមួយចំនួន អំពីអ្វីដែលគេបានធ្វើរួចហើយ ក្នុងការក្លាយទៅជាកន្លែងដែលគ្មានការប្រើប្រាស់ថ្នាំជក់ និងសារធាតុញៀននីកូទីន៕