ក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួង ក្រោយរកឃើញថាមានករណីជំងឺហ្ស៊ីកា(Zika)ដែលចម្លងដោយសត្វមូស ដែលកើតឡើងលើក្មេងស្រីម្នាក់ អាយុ៧ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងគ្រាដែលមានកំណើនភ្លៀង និងសំណើម ដែលជាស្ថានការណ៍នាំឱ្យមូសកើតច្រើនជាងមុន ក្រសួងសុខាភិបាលបានរាយការណ៍ករណីជំងឺហ្ស៊ីកា ដែលកើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែក ស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។ កុមារីមានរោគសញ្ញាក្តៅខ្លួនខ្លាំង មានក្អួត និងរាគ។ បន្ទាប់ពីគ្រូពេទ្យព្យាបាល កុមារីបានធូរស្បើយ លែងមានក្អួតទៀត ហើយគ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ក្រុមគ្រូពេទ្យបន្តយកវត្ថុវិភាគនិងបានផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មកលទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «វីរុសហ្ស៊ីកាឆ្លងមកមនុស្សតាមរយៈមូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លង តាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវ រាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្តាយទៅកូន ក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល»។
លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា កុមារីមានផ្ទុកជំងឺហ្ស៊ីកាដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកបារាយណ៍-សន្ទុក មកដល់ពេលនេះ មានស្ថានភាពធូរស្បើយច្រើន។
លោកថ្លែងថា៖«បាទក្មេងស្រីដែលគាត់សម្រាកនៅពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ស្ថានភាពគាត់ប្រសើរឡើងហើយ នៅសម្រាកនៅមន្ទីរពេទ្យហ្នឹងធូរស្រាលច្រើនហើយ អត់មានបញ្ហាសុខភាពអីធំដុំព្រួយបារម្ភអីទៀតទេបាទ»។
លោកក៏ជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបគួរតែចូលរួមទប់ស្កាត់និងការពារឱ្យបានទៅតាមវិធានការណែនាំរបស់ក្រសួង ដើម្បីកុំឱ្យមានឆ្លងនូវជំងឺថ្មីនេះ។
លោកថ្លែងថា៖ «ក្រុមការងារសុខាភិបាលយើងបានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក។ ដូច្នេះវិធានការសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាគឺសម្អាតបរិស្ថាន ការពារកុំឱ្យមូសខាំ។ យើងអន្តរាគមន៍ដូចជំងឺគ្រុនឈាមអ៊ីចឹងបាទ។ អ៊ីចឹងយើងការពារទៅវាបានទាំងការពារជំងឺគ្រុនឈាមផង យើងកុំឱ្យក្មេងៗទៅលេងកន្លែងងងឹត»។
វីរុសជំងឺZika ចម្លងដោយមូសខ្លា ដែលភាគច្រើនខាំមនុស្សតែក្នុងពេលថ្ងៃ។ ជំងឺ Zika ក៏អាចឆ្លងបានតាមរយៈការរួមភេទរវាងមនុស្សនិងមនុស្ស អាចឆ្លងពីម្តាយទៅកូននៅពេលម្តាយមានផ្ទៃពោះ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាលើកឡើងថារោគសញ្ញាទូទៅនៃជំងឺហ្ស៊ីកាមានដូចជាគ្រុនក្ដៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀត អាចនឹងមានភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំង ជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី២ទៅ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា៨០%នៃមនុស្សដែលបានឆ្លងវីរុសនេះ មិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួចបំផុត ដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្រ្តីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាចតូចជាងធម្មតា។
ក្រសួងសុខាភិបាលបានលើកឡើងថាជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រ និងថែទាំទៅតាមរោគសញ្ញអ្នកជំងឺ ហើយគួរសម្រាកនិងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់ និងគ្រុនក្តៅ ដោយប្រើថ្នាំបញ្ចុះកម្តៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។ បើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក្រសួងសុខាភិបាលណែនាំឱ្យស្វែងរកការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិត។ បច្ចុប្បន្នមិនមានវ៉ាក់សាំង ដែលអាចប្រើសម្រាប់បង្ការជំងឺហ្ស៊ីកានេះនៅឡើយទេ។
ក្រសួងសុខាភិបាលបន្ថែមថាគូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច ៦ខែ មុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅទារកដែលនឹងបង្កកំណើត។
គួរបញ្ជាក់ថាជំងឺហ្ស៊ីកាបានកើតមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦ មានចំនួន៨ករណីហើយត្រូវបានជាសះស្បើយ។ នេះបើតាមក្រសួងសុខាភិបាល៕