ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ប្រុង​ប្រយ័ត្ន ខណៈ​មនុស្ស​ជិត​១០០​នាក់​ឆ្លង​ជំងឺ​ភ្នែក​ក្រហម


គ្រូពេទ្យម្នាក់កំពុងយកសំណាកដើម្បីពិនិត្យមើលការឆ្លងរាលដាលនៃជំងឺភ្នែកក្រហម នៅឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ (Facebook/នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)
គ្រូពេទ្យម្នាក់កំពុងយកសំណាកដើម្បីពិនិត្យមើលការឆ្លងរាលដាលនៃជំងឺភ្នែកក្រហម នៅឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ (Facebook/នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា​ មាន​ករណីផ្ទុះ​ករណី​ជំងឺ​ភ្នែក​ក្រហម​ដែល​ឆ្លង​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ ១០០ ​នាក់ នៅ​ភូមិ​ប៉ក់តូច ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​វៀតណាម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ CDC ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

នាយកដ្ឋាន CDC ​បាន​ឱ្យ​ដឹង​ថា​ ការ​ឆ្លង​រាលដាល​នេះ​ផ្តើម​ចេញ​ពី​អ្នក​ភូមិ​ ៨ នាក់​ បាន​ទៅ​បុណ្យ​សព​បង​ប្អូន​នៅ​ភូមិ​មួយ​លើ​ទឹក​ដី​ប្រទេស​វៀតណាម​ ដែល​ជា​ភូមិ​មាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​របស់​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ​ ២០២៣។ បន្ទាប់​ពី​មាន​អាការៈ​សង្ស័យ នៅ​យប់​ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា ឆ្នាំ​ ២០២៣ មន្ត្រី​ជំនាញ​សុខាភិបាល​បាន​ចុះ​ទៅ​ពិនិត្យ​ស្រាវ​ជ្រាវ ផ្តល់​ការ​ព្យាបាល​ថែ​ទាំ​អ្នក​ជំងឺ និង​ផ្ដល់​ការ​អប់រំ​ភ្លាមៗ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បញ្ជាក់​ទៀត​ថា​ ករណី​ភាគ​ច្រើន​នៃ​ជំងឺ​ភ្នែក​ក្រហម​ស្ថិត​ក្នុង​កម្រិត​ស្រាល​តែ​ប៉ុណ្ណោះ​ ដែល​ជា​ធម្មតា​ការ​ឆ្លង​ជំងឺ​នេះ​នឹង​ជា​សះ​ស្បើយ​ក្នុង​រយៈពេល​ពី ៧ ទៅ ១៤ ថ្ងៃ។

ការ​ព្យាបាល​ជំងឺ​ភ្នែក​ក្រហម ​រួម​មាន​ការ​ថ្នាំ​បន្តក់​ភ្នែក​ ឬ​ថ្នាំ​ក្រែម​ដាក់​ភ្នែក​ ដើម្បី​ជួយ​បន្ថយ​រយៈពេល​នៃ​ការឆ្លង​កាត់​បន្ថយ​ផល​វិបាក និង​កាត់​បន្ថយ​ការ​រីក​រាល​ដាល​ដល់​អ្នក​ដទៃ។ នេះ​បើ​តាម​នាយកដ្ឋាន CDC។

ជំងឺ​ភ្នែក​ក្រហម​នេះឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ការប៉ះពាល់​ផ្ទាល់ ​ឬ​ចាប់​ដៃ​គ្នា​ជាមួយ​អ្នក​ជំងឺ​ភ្នែក​ក្រហម ខ្យល់​ដង្ហើម​នៅ​ពេល​ក្អក​ឬ​កណ្តាស់ និង​ការប៉ះ​ពាល់​របស់​ឬ​ផ្ទៃ​វត្ថុ​ដែល​មាន​ផ្ទុក​មេរោគ​ហើយ​យក​មក​ប៉ះ​ភ្នែក​ជាដើម។ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ CDC លើក​ឡើង​ថា ​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​លាង​ដៃ​ឱ្យបាន​ញឹក​ញាប់​ជា​មួយ​សាប៊ូ ចៀស​វាង​ប៉ះ​ឬ​ញី​ភ្នែក ការ​ប្រើ​ប្រាស់​របស់​របរ​រួម​គ្នា ការ​ប៉ះ​ឬ​ប្រើ​ថ្នាំ​ភ្នែក​ខាង​ភ្នែក​ដែល​ឈឺ​ទៅ​ប្រើ​ភ្នែក​ដែល​មិន​ឈឺ​ ឬ​ប្រើ​ថ្នាំ​ភ្នែក​រួម​គ្នា។

ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​រតនគិរី លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មក​ដល់​ពេល​នេះ​ ស្ថាន​ភាព​របស់​អ្នក​ដែល​បាន​កើត​ជំងឺ​ភ្នែក​ក្រហម​បាន​ធូរ​ស្រាល​មក​វិញ​ហើយ។

លោក​ថ្លែង​ថា៖ «អូ! ធូរ​ស្រាល​ហើយ​ប្អូន បាន​ធូរ​ហើយ។ ល្ងាច​បន្តិច​ខ្ញុំ​ចុះ​ទៅ​មើល​ទៀត ហើយ​អត់​មាន​រីករាល​ដាល​ទៅ​ភូមិ​ណា​ផ្សេង​ទៀត​ទេ ដោយ​សារ​គាត់អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរ​សុខាភិបាល។ ថ្ងៃ​នេះ​គឺក្រុម​ក្រសួង​បាន​យក​សំណាក​ទៅ​វិភាគ​នៅ​ប៉ាស្ទ័រ​ លទ្ធផល​មេរោគ​របៀប​ណា​ គឺ​ទាល់​តែ​បាន​លទ្ធផល​នៅ​ប៉ាស្ទ័រ»។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា​ ជំងឺ​ភ្នែក​ក្រហម​នេះ​កើត​ឡើង​គ្រប់​វ័យ​ទាំង​អស់ ដែល​ភាគ​ច្រើនតែង​តែ​កើត​មាន​ឡើង​នៅ​ពេល​រដូវ​រំហើយ ប៉ុន្តែ​វា​ចម្លែក​ឆ្នាំ​នេះ​កើត​ឡើង​នៅ​ក្នុង​រដូវ​វស្សា។

លោក​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​ជានិច្ច និង​ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​មក​កាន់​មណ្ឌល​សុខភាព​ នៅ​ពេល​មាន​ការ​សង្ស័យ​ថា​មាន​អាការៈ​មិន​ស្រួល​ដោយ​ប្រការ​ណា​មួយ៕

XS
SM
MD
LG