អង្គការសហប្រជាជាតិបានធ្វើការព្រមានកាន់តែខ្លាំងឡើង ពីទំហំសារធាតុគីមីដែលមិនមានចែងក្នុងបទបញ្ញតិ្តសម្រាប់ផលិតថ្នាំញៀន methamphetamine ដែលកំពុងហូរចូលកាន់តែច្រើនឡើងៗទៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាមជ្ឈមណ្ឌលនៃជំនួញគ្រឿងញៀនដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងតំបន់ ហើយអង្គការសហប្រជាជាតិកំពុងប្រឹងប្រែង ដើម្បីឲ្យប្រទេសក្បែរខាងមីយ៉ាន់ម៉ា ជួយទប់ស្កាត់បញ្ហានេះផងដែរ។
បុគ្គលិកអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយចំនួន និងបណ្តុះបណ្តាលដល់រដ្ឋាភិបាលផ្សេងៗក្នុងទូទាំងតំបន់ ដើម្បីទាក់ទាញនិងបង្រៀនពួកគេពីការស្វែងរកនិងរឹបអូសការដឹកជញ្ជូនសារធាតុគីមីបំបាត់ការឈឺចាប់ ដែលទំនងនឹងត្រូវនាំទៅកាន់កន្លែងផលិតថ្នាំញៀន methamphetamine ដែលកំពុងតែកើនឡើងខ្លាំងក្នុងប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូង។
ការធ្លាក់ចុះតម្លៃថ្នាំញៀន methamphetamine នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាការរឹបអូសថ្នាំញៀនប្រភេទនេះក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្ហាញថា កន្លែងផលិតថ្នាំញៀនត្រូវការផលិតថ្នាំញៀនឱ្យបានច្រើនជាងពេលណាៗទាំងអស់ ហើយដែលគ្រឿងញៀនទាំងនេះ ត្រូវបានគេនាំទៅលក់រហូតដល់ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុនជាដើម។
លោក Inshik Sim មន្ត្រីស្រាវជ្រាវនៃការិយាល័យអង្គការសហប្រជាជាតិ ស្តីពីឧក្រិដ្ឋកម្មនិងគ្រឿងញៀន (UNDC) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់វីអូអេ កាលពីពេលថ្មីៗនេះថា ក្នុងចំណោមសារធាតុគីមីជាច្រើន ដែលត្រូវប្រើសម្រាប់ផលិតថ្នាំញៀនmethamphetamine នោះ «មិនមានវិធានការបទបញ្ញត្តិណាមួយពិតប្រាកដឡើយ»។
លោកបន្តទៀតថា «វាមានសារៈសំខាន់ណាស់ដើម្បីដឹងថា តើអ្នកណាជាអ្នកប្រើប្រាស់ចុងក្រោយលើសារធាតុគីមីទាំងនេះ ប៉ុន្តែនេះជាអ្វីដែលបាត់ដានក្នុងតំបន់នេះទេ»។
មានសារធាតុគីមីមួយចំនួនទៀត កំពុងត្រូវបានតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ។
អនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ១៩៨៨ប្រឆាំងនឹងការធ្វើចរាចរណ៍ដោយខុសច្បាប់នៃសារធាតុញៀនNarcotic និងថ្នាំសម្រួលផ្លូវចិត្ត Psychotropic បានដាក់បញ្ចូលសារធាតុគីមីចំនួន៣៣ប្រភេទ ដែលជាទូទៅត្រូវបានប្រើប្រាស់សម្រាប់ផលិតថ្នាំញៀន methamphetamine និងសារធាតុញៀនnarcotic ផ្សេងៗទៀត។ នៅពេលដែលសារធាតុទាំងនោះត្រូវបាននាំឆ្លងកាត់ព្រំដែនអន្តរជាតិ ប្រទេសដែលនាំចេញ ត្រូវជូនដំណឹងដល់ប្រទេស ដែលសារធាតុញៀនទាំងនេះត្រូវដឹកទៅ ដើម្បីជួយពួកគេក្នុងការតាមដានការដឹកជញ្ជូននោះ និងធានាថា សារធាតុទាំងនេះនឹងទៅដល់ដៃអ្នកដែលត្រូវទទួល ដោយមិនត្រូវបានរុញឬបង្វែរទៅទិសផ្សេងនៅតាមផ្លូវដឹកជញ្ជូននោះឡើយ។
ខណៈពេលដែលសារធាតុគីមីកាន់តែពិបាករកទិញនោះ ក្រុមអ្នកជំនាញខាងសារធាតុគីមី ដែលមានភាពច្នៃប្រឌិត និងកំពុងធ្វើការនៅកន្លែងផលិតគ្រឿងញៀនក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងស្វែងយល់និងរៀនបង្កើតសារធាតុនេះដោយខ្លួនឯងនិងជាមួយអ្នកដទៃ ដើម្បីផលិតសារធាតុគីមីដែលមិនបានគ្រប់គ្រងនិងគ្មានឈ្មោះក្នុងបញ្ជីត្រួតពិនិត្យ។ លោក Sim បានថ្លែងប្រាប់វីអូអេទៀតថា ល្បឿនដែលក្រុមជនពាលក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងផលិតសារធាតុគីមីទាំងនេះ កំពុងមានសន្ទុះទៅមុខខ្លាំងក្នុងរយៈពេលពីបីឆ្នាំចុងក្រោយនេះ ដោយការវាយតម្លៃទៅលើចំនួនកើនឡើងនៃសារធាតុគីមី ដែលគ្មានការត្រួតពិនិត្យ ហើយត្រូវបានសង្ស័យថា កំពុងត្រូវបានដឹកជញ្ជូនទៅតាមកន្លែងពិសោធន៍នានា ដែលអាជ្ញាធរក្នុងតំបន់ចាប់បាន។
ហួសពីការគ្រប់គ្រង
លោក Sim លើកឡើងដូចនេះទៀតថា៖ «ក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង បានព្យាយាមធ្វើយ៉ាងណា ដើម្បីជៀសផុតពីក្របខណ្ឌបទបញ្ញត្តិដែលមានស្រាប់ មិនថានៅកម្រិតសាកលដូចជាអនុសញ្ញាស្តីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ ឬនៅកម្រិតថ្នាក់ជាតិឡើយ គឺពួកគេបន្តស្វះស្វែងរកសារធាតុគីមី តាមមធ្យោបាយផ្សេងៗដែលគេមាន។
លោកបន្ថែមដូចនេះទៀតថា៖ «ការស្វែងរកប្រភពគីមីដែលមានការត្រួតពិនិត្យ មិនមែនជារឿងងាយស្រួលទៀតឡើយ សម្រាប់ក្រុមឧក្រិដ្ឋជន ដែលមានចាត់តាំងនោះ។ អាស្រ័យដូចនេះហើយ គេបានព្យាយាមពឹងផ្អែកកាន់ខ្លាំងឡើងទៅលើការទទួលបានសារធាតុគីមី ដែលគ្មានការត្រួតពិនិត្យវិញ ពីព្រោះវាយងាយស្រួលដល់ពួកគេជាងក្នុងការទទួលបាននូវសារធាតុទាំងនេះ»។
យោងទៅលើទិន្នន័យដែលចងក្រងដោយការិយាល័យគ្រឿងញៀនអង្គការសហប្រជាជាតិ UNODC បានឱ្យដឹងថា ការរឹបអូសនូវសារធាតុគីមី ephedrine សារធាតុគីមី pseudoephedrine និងសារធាតុគីមីដែលគ្រប់គ្រងដទៃទៀត ដែលគេនិយមយកទៅប្រើដើម្បីផលិតថ្នាំញៀន methamphetamine មានលក្ខណៈកាន់តែតិចទៅៗ ក្នុងរយៈពេល២បីឆ្នាំចុងក្រោយនេះ នៅទូទាំងតំបន់។
ទោះបីយ៉ាងនេះក្តីក៏ក្នុងប្រទេសមីយ៉ាន់ម៉ាខ្លួនឯង ក្រុមអាជ្ញាធរបានរឹបអូសថ្នាំញៀនប្រភេទ pseudoephedrine ចំនួន៣លានគ្រាប់ ដែលត្រូវបានដឹកមកពីប្រទេសឥណ្ឌា។ បើទោះបីជាសារធាតុថ្នាំញៀន pseudoephedrine ក្នុងទម្រង់ជាវត្ថុធាតុដើម ជាសារធាតុដែលស្ថិតក្នុងបញ្ជីគ្រប់គ្រងក៏ដោយ ក៏បន្ទះថ្នាំញៀននេះ ដែលបានលាយចម្រុះជាមួយនឹងសារធាតុផ្សងទៀត នោះ មិនបានស្ថិតក្រោមការគ្រប់គ្រងនោះទេ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ខ្លួន ស្តីពីជំនួញគ្រឿងញៀនសំយោគក្នុងទ្វីបអាស៊ីនោះ ការិយាល័យគ្រឿងញៀនអង្គការសហប្រជាជាតិ UNODC បានហៅការកើនឡើងនៃការប្រើប្រាស់សារធាតុគីមីដែលមានគ្មានការត្រួតពិនិត្យថាជា «ការប្រឈមដ៏ខ្លាំងបំផុតមួយ» ទៅលើកិច្ចប្រឹងប្រែង ដើម្បីគ្រប់គ្រងលំហូរសារធាតុគីមីមេទៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងពេលជាមួយគ្នានេះដែរ ការិយាល័យ UNODC បានហៅការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងតំបន់ទៅលើបញ្ហានេះថា«មិនមានប្រសិទ្ធភាព» ដោយមានចន្លោះប្រហោងជាច្រើន នៅក្នុងបទបញ្ញតិ្តក៏ដូចជាការអនុវត្តច្បាប់ផងដែរ។
ដើម្បីបំពេញចន្លោះប្រហោងទាំងនេះ ការិយាល័យ UNODC បានបើកកិច្ចប្រជុំមួយចំនួន ជាមួយទីភ្នាក់ងារអនុវត្តច្បាប់ស្តីពីគ្រឿងញៀននិងឱសថ នៅក្នុងប្រទេសមួយចំនួន ដើម្បីលើកបញ្ជាក់ពីបញ្ហានិងផ្តល់ការណែនាំដល់ពួកគេ ក្នុងការសម្រេចបានដំណោះស្រាយ។
ការិយាល័យនេះបានជួបប្រជុំជាមួយមន្ត្រីវៀតណាមកាលពីឆ្នាំទៅស្តីពីគ្រឿងញៀនមេ ដែលគេបានរកឃើញ ហើយក៏បានជួបប្រជុំនៅក្នុងប្រទេសម៉ាឡេស៊ី និងហ្វីលីពីននៅខែកក្កដា ហើយក្នុងប្រទេសឡាវ កាលពីខែសីហាកន្លងទៅ។ លោក Sim និយាយថា ការរត់ពន្ធសារធាតុគីមីមេ ក៏ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយកាលពីសប្តាហ៍កន្លងទៅ ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំនួញគ្រឿងញៀនក្នុងតំបន់ នៅក្នុងប្រទេសចិន ជាមួយប្រទេសអនុតំបន់ទន្លេមេគង្គ ហើយក៏នឹងអាចលើកយកទៅនិយាយផងដែរ នៅក្នុងកិច្ចប្រជុំក្នុងតំបន់មួយស្តីពីជំនួញគ្រឿងញៀន ក្នុងប្រទេសឥណ្ឌានៅខែក្រោយ។
សារធាតុគីមីភាគច្រើនបំផុត ដែលនាំមកពីប្រទេសចិននិងឥណ្ឌា ត្រូវបានប្រើប្រាស់សម្រាប់ផលិតថ្នាំញៀន methamphetamine នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Sim និយាយថា ការប្រឈមមួយផ្នែកគឺថា មន្ត្រីមួយចំនួនផ្តោតតែទៅលើសារធាតុគីមី ដែលស្ថិតក្នុងបញ្ជីគ្រប់គ្រងតែប៉ុណ្ណោះ ដោយគិតថា សារធាតុគីមីដែលមិនមានចែងក្នុងបញ្ជីហាមឃាត់ ឬសារធាតុមេ មិនមានបញ្ហាអ្វីនោះឡើយ។
លោកបន្តទៀតថា «យើងបានឃើញរឿងនេះកើតឡើងជាច្រើនដងរួចមកហើយ។ ដូចនេះហើយ យើងចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់គេ ពីរបៀបមើលទៅលើបញ្ហាសារធាតុគីមីនេះ បើទោះបីជាវាមិនស្ថិតក្នុងបញ្ជីគ្រប់គ្រងក៏ដោយ គឺយើងត្រូវយកចិត្តទុកដាក់លើរឿងនេះឱ្យបានខ្លាំង។ នេះជាការងាររបស់យើង»។
ការធ្វើបញ្ជីឈ្មោះនៃសារធាតុគីមី
មួយផ្នែកទៀតនៃការងារនេះ គឺធ្វើឱ្យងាយស្រួលផងដែរដល់ប្រទេសនានា ដើម្បីប្រាប់គ្នាទៅវិញទៅមក នៅពេលដែលសារធាតុសម្រាប់ផលិតគ្រឿងញៀនទាំងនោះ បានឆ្លងកាត់ប្រទេសនិមួយៗរបស់គេនោះ។
ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន Narcotics អន្តរជាតិរបស់អង្គការសហប្រជាជាតិ បានដាក់ឱ្យដំណើរការស្តីពីការជូនដំណឹងមុនការនាំចេញ ឬPEN តាមប្រព័ន្ធអនឡាញ ដែលជាប្រព័ន្ធមួយ សម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលនានា ដើម្បីរាយការណ៍ ពីការនាំចេញនៃសារធាតុគីមីដែលមានការគ្រប់គ្រង កាលពីឆ្នាំ២០០៦ ក៏ដូចជាសារធាតុគីមីមិនត្រូវបានគ្រប់គ្រងមួយចំនួនតូចផងដែរ កាលពីឆ្នាំមុន។
លោក Antonio Mazzitelli ប្រធានផ្នែកត្រួតពិនិត្យសារធាតុគីមីមេ នៃលេខាធិការដ្ឋាននៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន INCB បានថ្លែងប្រាប់វីអូអេដូច្នេះថា៖ «ការវិវត្តជាបន្តនៃការផលិតគ្រឿងញៀនខុសច្បាប់ និងការកើនឡើងនៃសាធាតុគ្រឿងញៀនសំយោគដ៏សំខាន់ គឺជាចំនុចស្នូលដែលនាំទៅដល់ការបង្កើតប្រព័ន្ធ PEN Online Light» ។
លោកបន្ថែមថា ប្រព័ន្ធ «PEN Online Light នេះ ផ្តល់ឱកាសដល់ប្រទេសនានា ដើម្បីធ្វើសកម្មភាពឱ្យបានខ្លាំងជាងមុន និងជាវិធានការការពារផងដែរ»។
វិធានការមួយទៀតនោះគឺថា ត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញនូវសារធាតុគីមីដែលទើបរកឃើញជាលើកដំបូង ហើយដាក់វាទៅក្នុងបញ្ជីដែលត្រូវគ្រប់គ្រង។ គណៈកម្មការអង្គការសហប្រជាជាតិស្តីពីសារធាតុញៀន Narcotic បានជួបប្រជុំគ្នាជាប្រចាំឆ្នាំ ដើម្បីសម្រេចថាតើ ត្រូវបន្ថែមសារធាតុគីមីណាខ្លះទៀត ទៅក្នុងអនុសញ្ញាគ្រឿងញៀនឆ្នាំ១៩៨៨នោះ ដោយខ្លួនបានបញ្ចូលសារធាតុគីមីចំនួន១០ប្រភេទបន្ថែមទៀត ទៅក្នុងសន្ធិសញ្ញានេះ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅ។
លោកSim និយាយថា ក្រុមជើងកាងគ្រឿងញៀន បានស្វែងយល់ដើម្បីរកវិធីផ្សេងៗ និងបង្កើតសារធាតុគីមីមេ លឿនជាងគណៈកម្មការអាចបញ្ចូលវាទៅក្នុងបញ្ជីត្រួតពិនិត្យ ដូចនេះគណៈកម្មការនេះ ក៏បានលើកទឹកចិត្តដល់ប្រទេសនានា ឱ្យបញ្ចូលសារធាតុគីមីដែលគ្មានការត្រួតពិនិត្យ ទៅក្នុងបញ្ជីត្រួតពិនិត្យរបស់ប្រទេសនិមួយៗ។ លោកបានលើជាឧទាហរណ៍ដូចជាប្រទេសថៃ ដែលជាកន្លែងពេញនិយមមួយ ដែលនាំសារធាតុគីមីទៅទីតាំងផលិតគ្រឿងញៀន ក្នុងប្រទេសមីយ៉ាន់ម៉ា ថាជាឧទាហរណ៍ដ៏ល្អមួយ។
ប្រទេសថៃបានបន្ថែមសារធាតុគីមីសូដ្យូមស្យានីត ទៅក្នុងបញ្ជីគ្រប់គ្រងជាតិគីមីរបស់ខ្លួន កាលខែវិច្ឆិកាកន្លងទៅ។
លោក Prin Mekanandha នាយកការិយាល័យអនុវត្តច្បាប់នៃក្រុមប្រឹក្សាត្រួតពិនិត្យសារធាតុញៀន Narcotics របស់ប្រទេសថៃ បាននិយាយថា សារធាតុគីមីសូដ្យូមស្យានីត បានក្លាយជារឿងទូទៅនិងស្របច្បាប់ ដែលត្រូវបានប្រើប្រាស់ដោយអ្នកធ្វើមាសឬចម្រាញ់រ៉ែមាសរបស់ប្រទេសថៃ។ សារធាតុគីមីប្រភេទនេះ អាចត្រូវបានប្រើដើម្បីផលិតថ្នាំញៀន methamphetamine ប៉ុន្តែមិនត្រូវបានដាក់បញ្ចូលទៅក្នុងសន្ធិសញ្ញាគ្រឿងញៀនរបស់អង្គការសហប្រជាជាតិនោះឡើយ។
ជាច្រើនថ្ងៃក្រោយពីប្រទេសថៃ បានដាក់បញ្ចូលសារធាតុគីមីសូដ្យូមស្យានីត ទៅក្នុងបញ្ជីគ្រប់គ្រងសារធាតុគីមីរបស់ខ្លួននោះ ប្រទេសនេះបានរឹបអូសសារធាតុប្រភេទនេះចំនួន២២០តោន ដែលបានដឹកមកពីប្រទេសចិន ដែលទំនងជាមានទិសដៅឆ្ពោះទៅរកទីតាំងផលិតគ្រឿងញៀនផ្សេងៗ។ លោក Prin និយាយថា សារធាតុគីមីដែលត្រូវរឹបអូសបានក្នុងទំហំដ៏ច្រើននេះ អាចត្រូវបានយកទៅផលិតធ្វើជាថ្នាំញៀនmethamphetamine បានប្រមាណ៤លាន៨សែនគ្រាប់។
លោកបានយល់ស្រប់ថា ការប្រើប្រាស់សារធាតុគីមីដែលគ្មានការគ្រប់គ្រងរបស់ក្រុមជើងកាង គឺជាបញ្ហាដែលកំពុងកើនឡើងខ្លាំងមួយ។
លោក Prin បានប្រាប់វីអូអេកាលពីថ្ងៃទី៤ខែកញ្ញាកន្លងទៅនេះថា «កាលពីអតីតកាល គេពុំបានប្រើប្រាស់សារធាតុគីមីសូដ្យូមស្យានីត ដើម្បីផលិតថ្នាំញៀន methamphetamine នោះឡើយ ប៉ុន្តែនៅពេលនេះ យើងបានគ្រប់គ្រងសារធាតុគីមីប្រភេទនេះហើយ។
លោកបន្ថែមទៀតថា៖ «យើងត្រូវតាមដានពួកគេ ហើយរកភស្តុតាងបញ្ជាក់ថា ពួកគេបានប្រើប្រាស់សារធាតុគីមីដែលមិនបានត្រួតពិនិត្យ ហើយយើងនឹងព្យាយាមដើម្បីធ្វើការផ្លាស់ប្តូរ ដោយដាក់បន្ថែមសារធាតុគីមី ដែលមិនធ្លាប់ត្រូវបានគ្រប់គ្រង ទៅជាសារធាតុគីមី ដែលត្រូវគ្រប់គ្រងត្រួតពិនិត្យវិញ។ យើងត្រូវបត់បែនទៅតាមសភាពការណ៍»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ