ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នកឆ្លង​កូវីដ១៩​នៅ​​ជុំវិញ​ពិភពលោក​បាន​​កើន​ដល់​ជាង​៩,៦​លាន​នាក់​


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយ​នាទី ដើម្បីគោរព​ដល់​ប្រធាន​ផ្នែក​វះកាត់​លោក Joaquin Diaz ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​ពេទ្យ La Paz ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្បាញ។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយ​នាទី ដើម្បីគោរព​ដល់​ប្រធាន​ផ្នែក​វះកាត់​លោក Joaquin Diaz ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​ពេទ្យ La Paz ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្បាញ។

ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩សរុបរបស់​ពិភពលោក​បាន​បន្ត​កើន​ឡើង​ ដោយត្រឹម​ថ្ងៃ​សុក្រ នៅ​ជុំវិញ​ពិភពលោក​ ជំងឺ​ដ៏​ប្រល័យ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៩,៦​លាន​នាក់។

ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ច្រើន​ជាង​គេ​ ​ជាង​២,៤​លាន​នាក់ បន្ទាប់​មក​គឺ​ប្រទេស​ប្រេស៊ីល ​១,២ ​លាន​នាក់ និង​ទី​៣ ​រុស្ស៊ី​ដែល​មាន​អ្នក​ឆ្លង​ជាង​៦១៣.០០០​នាក់។​

សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​មាន​ចំនួន​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ច្រើន​ជាង​គេ​ដែរ ​ដោយ​មាន​អ្នក​ស្លាប់​រហូត​ដល់១២៤.០០០​នាក់ ខណៈ​ប្រទេស​លំដាប់​ទី​ពីរ​គឺ​ប្រេស៊ីល​ ៥៥.០០០​នាក់ និង​ទី​៣​គឺ ចក្រភព​អង់គ្លេស​មាន​អ្នក​ស្លាប់​ជាង​៤៣.០០០​នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ។

មន្ត្រី​អង្គការ​ WHO និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​៣០​ នៅ​ទ្វីបអឺរ៉ុប​រួម​ទាំង​ប្រទេស​ស៊ុយអែត​ផង​ដែរ កំពុង​មាន​ការ​កើន​ឡើង​ជា​ថ្មី​នៃចំនួន​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​នៃ​កូវីដ១៩ ក្នុង​រយៈ​ពីរ​សប្តាហ៍​ចុង​ក្រោយ។​

អង្គការ​សុខភាព​ពិភពលោក WHO ​និយាយ​ថា នៅ​ទ្វីប​អាហ្វ្រិក អត្រា​ឆ្លង​កូវីដ​១៩ក្នុង​ចំណោម​អ្នក​បម្រើ​ការ​ខាង​សុខភាព​ បាន​កើន​រហូត​ដល់​២០៣% ដោយ​កត្តា​ជា​ច្រើន​រួម​ទាំង​កង្វះ​ខាត​សម្ភារៈ​ការពារ​ខ្លួន។

នៅ​ពេល​នេះ អង្គការ​មូល​និធិ​កុមារ​របស់ ​អ.ស.ប.​ហៅ ​កាត់​ថា​ UNICEF និង​អង្គការ​សុខភាព​ពិភពលោក​បាន​ចាប់​ផ្តើម​គម្រោង​សាកលរួម​គ្នា​ថ្មី​មួយ​ហៅ​ថា គម្រោង​«អនាម័យ​ដៃ​សម្រាប់​ទាំង​អស់​គ្នា» Hand Hygiene For All ដែល​មាន​គោលដៅ​ដើម្បី​ជួយ​ជនក្រីក្រ​នៅ​ជុំវិញ​ពិភពលោក​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា។

អង្គការ​ទាំង​នេះ​ថា វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩​បាន​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​មិន​អាច​ឬ​មិន​មាន​លទ្ធភាព​លាង​សម្អាត​ដៃ​ឲ្យ​ស្អាត​បាន ដែល​នេះ​មានសារៈសំខាន់​សម្រាប់​បង្ការ​ជំងឺ​ឆ្លង​ទៅ​អនាគត​ទៀត៕

XS
SM
MD
LG