ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​មនុស្ស​ ៩ នាក់​ថ្មី​ផ្ទុក​វីរុស​កូរ៉ូណា​ ធ្វើ​ដំណើរ​ពី​ឥណ្ឌូណេស៊ី


រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។
រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។

អ្នក​ធ្វើ​ដំណើរ​៩នាក់​ដែល​មាន​ខ្មែរ​៨នាក់ ត្រូវបាន​ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​វីរុស​កូរ៉ូណា​ ក្រោយពួក​គេ​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។

អ្នក​ធ្វើ​ដំណើរ​សរុប​៤០នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​២៤​នាក់​ ឥណ្ឌូណេស៊ី​១៥​នាក់ និង​វៀតណាម​១នាក់។

នៅពេល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ពួកគេ​៩នាក់​ត្រូវបាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា។ ពួកគេ​មាន​អាយុ​ចន្លោះ​ពី​២២​ទៅ​២៦ឆ្នាំ។ បច្ចុប្បន្ន​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ដោយ​ឡែក​អ្នក​ដែល​បាន​រួម​ដំណើរ​ផ្សេ​ង​ទៀតដែលធ្វើ​តេស្ត​មិន​មាន​ជំងឺ​កូវីដ​១៩​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល។

នៅ​សប្តាហ៍​នេះ ប្រទេស​កម្ពុជា ​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​លើ​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​អាមេរិកាំង ​ដែល​បាន​មក​ដល់​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២១ ​ខែ​មិថុនា។​

​រហូត​មក​ដល់​ពេល​នេះ ករណី​ឆ្លង​សរុប​នៅ​កម្ពុជា​មាន​ចំនួន​១៣៩នាក់ ក្នុង​នោះ​១២៩​នាក់​បាន​ជា​សះស្បើយ។

តាម​គោល​ការណ៍​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ១៩ ​ ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​ជំងឺ​កូវីដ​ ហើយ​ប្រសិន​បើ​នៅ​លើ​យន្ត​ហោះ ​មាន​នរណា​ម្នាក់​មាន​វីរុស​កូរ៉ូណា​ អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​កន្លែង​ដែល​រដ្ឋាភិបាល​រៀបចំ​ឲ្យ​រយៈ​ពេល​១៤​ថ្ងៃ ​ហើយ​ការ​ធ្វើ​តេស្ត​យក​សំណាក​ អាច​មាន​យ៉ាង​តិច​៣​ដង​ទៀត៕

XS
SM
MD
LG