ប្រទេសបារាំងនិងអាល្លឺម៉ង់ បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា នឹងរួមវិភាគទានថវិកាកាន់តែច្រើនឡើងដល់អង្គការសុខភាពពិភពលោក (WHO) នៅពេលដែលអង្គការនេះប្រយុទ្ធប្រឆាំងការរាតត្បាតនៃមេរោគកូរ៉ូណា។
ការសន្យានេះកើតមានឡើងបន្ទាប់ពីលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានជួបជាមួយរដ្ឋមន្រ្តីសុខាភិបាលមកពីប្រទេសទាំង២នៅក្នុងទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាពីការរាតត្បាតនិងការឆ្លើយតបសាកល។
ជំនួបកាលពីថ្ងៃព្រហស្បតិ៍ ជួនគ្នាជាមួយការប្រកាសដោយលោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោកពី«ការផ្ទុះឡើងវិញយ៉ាងខ្លាំងនូវមេរោគកូរ៉ូណានៅទូទាំងតំបន់អឺរ៉ុប»។
លោក Jens Spahn រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធអាល្លឺម៉ង់ បាននិយាយថា អាល្លឺម៉ង់ មានគោលបំណងផ្តល់ប្រាក់ជាង៥៦០លានដុល្លារនិងឧបករណ៍ដល់អង្គការសុខភាពពិភពលោកនៅឆ្នាំនេះ នៅពេលដែលអាល្លឺម៉ង់ធ្វើជាប្រធានសហភាពអឺរ៉ុប។ការគាំទ្រថ្មីដល់អង្គការសុខភាពពិភពលោក ត្រូវតែទទួលបានការយល់ព្រមជាមុនសិនពីសភា។ លោក Spahn និយាយបន្ថែមទៀតថា រដ្ឋាភិបាលមានសុទិដ្ឋិនិយមថា ការជួយនេះនឹងកើតមានឡើងនៅដើមខែកក្កដា។
ប្រទេសបារាំងបានប្រាប់ឲ្យដឹងថា ខ្លួន នឹងផ្តល់ថវិកាចំនួន១០០លានដុល្លារទៅឲ្យមជ្ឈមណ្ឌលស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកនៅក្នុងទីក្រុងលីយ៉ុង ហើយនឹងរួមវិភាគទានបន្ថែម៥៦លានដុល្លារទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសកាលពីខែមុនថា សហរដ្ឋអាមេរិក នឹងបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោកដែលលោកប្រធានាធិបតី បាននិយាយថា អង្គការនេះត្រូវបានត្រួតត្រាដោយប្រទេសចិន។ ករណីជំងឺកូវីដ១៩ ទី១ បានត្រូវរាយការណ៍នៅក្នុងទីក្រុងវូហាននៃប្រទេសចិនកាលពីចុងឆ្នាំ២០១៩៕