ប្រទេសហ្វ៊ីជីនឹងចូលរួមក្នុងគម្រោងសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឬ IPEF របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែនកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមុនដំបូងគេដែលបានចូលរួមនៅក្នុងផែនការនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រកាសនេះកើតមានឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចដ៏ធំមួយទៅកាន់ប្រទេសនានាដែលជាដែនកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងប្រទេសហ្វ៊ីជីផងដែរ។ តំបន់នោះកំពុងក្លាយជាជួរមុខនៃការតានតឹងកាន់តែខ្លាំងឡើងនៅក្នុងការប្រកួតប្រជែងបញ្ចេញឥទ្ធិពលរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Wang បានទៅដល់តំបន់នោះនៅសប្តាហ៍នេះដើម្បីស្វះស្វែងរកកិច្ចព្រមព្រៀង១០ប្រទេសជាមួយបណ្តាប្រទេសដែនកោះនៅទីនោះ អំពីសន្តិសុខនិងពាណិជ្ជកម្មដែលបានធ្វើឱ្យសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួនមានការព្រួយកង្វល់។
សេតវិមានបានស្វាគមន៍ប្រទេសហ្វ៊ីជីថា ជាសមាជិកស្ថាបនិកមួយរបស់គម្រោងសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឬ IPEF ដែលខ្លួនបាននិយាយថា ឥឡូវនេះ រួមមានប្រទេសមកពីតំបន់អាស៊ីភាគឦសាន្តនិងអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អូសេអានីនិងប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទូទាំងភូមិសាស្ត្រ យើងបានបង្រួបបង្រួមការតាំងចិត្តរបស់យើងធ្វើឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហនិងមានវិបុលភាព»។ លោកបានសង្កត់ពីសារៈសំខាន់របស់ប្រទេសហ្វ៊ីជីនៅក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា ដោយបន្ថែមប្រទេសហ្វ៊ីជីមួយទៀតនោះ គម្រោងសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឬIPEFឥឡូវនេះតំណាងឱ្យភាពចម្រុះគ្រប់ប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកប្រធានាធិបតី Biden បានចាប់ផ្តើមជាផ្លូវការនៃគម្រោងសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឬ IPEF នៅដើមសប្តាហ៍នេះក្នុងអំឡុងនៃដំណើរទស្សនកិច្ចលើកទី១របស់លោកក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ី ដែលបានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបន្ថែមទៀត។
ហ្វ៊ីជីជាប្រទេសទី១៤ដែលចូលរួមក្នុងការចរចារបស់គម្រោងសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឬ IPEF ដោយមិនមានប្រទេសចិននោះទេ៕
សេតវិមានស្វាគមន៍ប្រទេសហ្វ៊ីជីដែលចូលរួមផែនការសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
- Reuters
វ៉ាស៊ីនតោន —