ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ព្រមាន​ឆ្លើយតប​ចំពោះ​វត្តមាន​យោធា​អចិន្ត្រៃយ៍​ណា​មួយ​របស់​ចិន​នៅ​ប្រទេស Solomon Islands


លោក Kurt Campbell អ្នក​សម្របសម្រួល​នៃ​ក្រុម​ប្រឹក្សា​​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ទៅ​ដល់​ក្រុង​ Honiara ប្រទេស Solomon Islands ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។ (Australia Broadcasting Corporation via AP)

គណៈប្រតិភូ​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស Solomon Islands កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា និង​បាន​ព្រមាន​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​នឹង​មាន «ក្ដី​បារម្ភ​គួរសម​ហើយនឹង​ឆ្លើយតប​ស្រប​ទៅ​តាម​នោះ‍» ចំពោះ​ជំហាន​ណា​មួយ​នៅ​ក្នុង​ការ​បង្កើត​វត្តមាន​យោធា​ចិន​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​ដី​កោះ​មួយ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ប្រទេស Solomon Islands លោក Manasseh Sogavare បាន​បញ្ជាក់​ជា​ថ្មី​ចំពោះ​គណៈប្រតិភូ​របស់​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​អ្នក​សម្របសម្រួល​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ប្រចាំ​សេតវិមាន​លោក Kurt Campbell ថា​នឹង​គ្មាន​មូលដ្ឋាន​យោធា​ណា​មួយ គ្មាន​វត្តមាន​រយៈពេល​យូរ​ណា​មួយ និង​គ្មាន​សមត្ថភាព​ពង្រាយ​កម្លាំង​ទ័ព​ណា​មួយ​នៅ​ក្រោម​កិច្ចព្រមព្រៀង​សន្តិសុខ​ដែល​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ប្រទេស​ចិន​នោះ​ទេ។

សេតវិមាន​មិន​បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​អាច​នឹង​ឆ្លើយតប​បែប​ណា​ចំពោះ​ស្ថានការណ៍​ដែល​អាច​នឹង​កើតឡើង​ដូច​នេះ​ទេ ប៉ុន្តែ​ការ​លើកឡើង​ត្រង់ៗ​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​អំពី​កម្រិត​នៃ​ការ​ព្រួយ​បារម្ភ​ដែល​ឈាន​ទៅ​ដល់​ការ​បញ្ជូន​បេសកកម្ម​របស់​លោក Campbell ទៅកាន់​ប្រទេស Solomon Islands នេះ។

សេតវិមាន​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​មាន​ការ​ចាត់​វិធានការ​បង្កើត​វត្តមាន​យោធា​ជា​អចិន្ត្រៃយ៍​ជាក់ស្ដែង ការ​ពង្រាយ​កម្លាំង​ទ័ព ឬ​ក៏​ការ​បង្កើត​មូលដ្ឋាន​យោធា​ណា​មួយ គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​អាមេរិក​នឹង​មាន​ក្ដី​បារម្ភ​គួរសម​ហើយ​នឹង​ឆ្លើយតប​ស្រប​ទៅ​តាម​នោះ‍»។

សេតវិមាន​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​បាន​សង្កត់ធ្ងន់​ថា ខ្លួន​នឹង​តាមដាន​ស្ថានការណ៍​វិវត្តន៍​នេះ​ឲ្យ​បាន​ដិតដល់​ដោយ​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​នឹង​ដៃគូ​ក្នុង​តំបន់​នានា‍»។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​នេះ​បាន​លើកឡើង​ថា គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ជំហាន​ជាក់លាក់​នានា​ដែល​រដ្ឋាភិបាល​អាមេរិក​នឹង​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស Solomons Islands មាន​ភាព​ប្រសើរ​ឡើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បើក​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីនោះ​ឲ្យ​បាន​ឆាប់ ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​បញ្ជូន​នាវា​មន្ទីរពេទ្យ Mercy ទៅ​ដោះស្រាយ​បញ្ហា​សុខភាព​នានា​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ត​ថា រដ្ឋាភិបាល​អាមេរិក​ក៏​នឹង​ផ្ដល់​វ៉ាក់សាំង​បន្ថែម​ផងដែរ ហើយ​នឹង​ធ្វើ​ឲ្យ​គម្រោង​ផ្ដួចផ្ដើម​នានា​ផ្នែក​អាកាសធាតុ​និង​ផ្នែក​សុខភាព​មាន​ការ​វិវឌ្ឍ​ទៅ​មុខ។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា ភាគី​ទាំងពីរ​មាន «ការ​ពិភាក្សា​គ្នា​ដ៏​មាន​សារៈសំខាន់» អំពី​កិច្ច​ព្រមព្រៀង​ផ្នែក​សន្តិសុខ​របស់​ប្រទេស Solomon Islands ជាមួយ​នឹង​ប្រទេស​ចិន។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «អ្នក​តំណាង​របស់​ប្រទេស Solomon Islands បាន​បង្ហាញ​ថា កិច្ចព្រមព្រៀង​នេះ​មាន​ការ​អនុវត្ត​តែ​ក្នុង​ប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​តំណាង​សហរដ្ឋ​អាមេរិក​បាន​កត់សម្គាល់​ថា កិច្ចព្រមព្រៀង​នេះ​អាច​មាន​ការ​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ​ក្នុង​តំបន់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សម្រាប់​សហរដ្ឋ​អាមេរិក​និង​សម្រាប់​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ‍»។

គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​បាន​ជួប​ជាមួយ​នឹង​លោក Sogavare នៅក្នុង​រដ្ឋធានី Honiara នៃ​ប្រទេស Solomon Islands ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រទេស Solomon Islands និង​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ពួកគេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ បើ​ទោះបីជា​មាន​ការ​អំពាវនាវ​ពី​រដ្ឋាភិបាល​អាមេរិក​និង​ពី​សម្ព័ន្ធមិត្ត​របស់​អាមេរិក​មិន​ឲ្យ​ប្រទេស Solomon Islands ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ។ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​តំបន់។

ប្រទេស Solomon Islands ស្ថិត​នៅ​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ជា​កន្លែង​នៃ​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​ខ្លាំង​បំផុត​មួយ​ចំនួន​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។

កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា លោក Sogavare បាន​ច្រានចោល​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ ដោយ​លោក​បាន​ថ្លែង​ប្រាប់​សភា​ប្រទេស Solomon Islands ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សន្តិភាព​នោះទេ។

លោក Campbell បាន​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​សន្តិសុខ​ជាមួយ​នឹង​ប្រទេស​ហ្វីជី​និង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​រដ្ឋធានី Honiara។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ។

មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Campbell ទំនងជា​នឹង​ជំរុញ​ឱ្យ​ប្រទេស​ចិន​និង​ប្រទេស Solomon Islands ប្រកាស​ថា​កិច្ច​ព្រមព្រៀង​នេះ​គឺជា​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​រួចរាល់​ហើយ។

បើ​ទោះបីជា​លោក Sogavare មិន​បាន​លើកឡើង​អំពី​ការណ៍​ដែល​អាច​មាន​ការ​បង្កើត​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​ក្នុង​ប្រទេស Solomon Islands ក៏ដោយ ក៏​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​នូវែលសេឡង់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា កិច្ច​ព្រមព្រៀង​នេះ​អាច​បង្អាក់​ដល់​សន្តិសុខ​ក្នុង​តំបន់ ដោយ​អនុញ្ញាត​ឱ្យ​នាវា​ទាហាន​ជើងទឹក​របស់​ចិន​អាច​ត្រឡប់​ទៅកាន់​ប្រទេស Solomon Islands ឡើងវិញ​បាន។

សេចក្ដី​លំអិត​នៃ​កិច្ច​ព្រមព្រៀង​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​ប៉ូលិស​ចិន​អាច​ការពារ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្ដល់​ថវិកា​ដោយ​ចិន​បាន។ ប្រទេស Solomon Islands ប្រឈម​នឹង​កុបកម្ម​កាលពី​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​មនុស្ស ៤ នាក់​ត្រូវ​បាន​សម្លាប់។

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស Solomon Islands លោក Manasseh Sogavare (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ចិន​ លោក Li Keqiang ចូលរួម​ក្នុងពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។ (Thomas Peter/Pool Photo via AP)
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស Solomon Islands លោក Manasseh Sogavare (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ចិន​ លោក Li Keqiang ចូលរួម​ក្នុងពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។ (Thomas Peter/Pool Photo via AP)

«ជ្រុង​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ»

កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា លោក Sogavare បាន​ចូលរួម​ជាមួយ​លោក Li Ming ដែល​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស Solomon Islands នៅ​ក្នុង​ការ​ប្រគល់​កីឡដ្ឋាន​មួយ​ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន​ដែល​មាន​ទឹកប្រាក់​សរុប​តម្លៃ ១២០ លាន​ដុល្លារ សម្រាប់​ជួយ​ប្រទេស Solomon Islands នៅ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ប៉ាស៊ីហ្វិក​ឆ្នាំ ២០២៣។

ប្រទេស Solomon Islands បាន​ប្ដូរ​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ជាមួយ​នឹង​កោះ​តៃវ៉ាន់​ទៅ​រក​ប្រទេស​ចិន​កាលពី​ឆ្នាំ ២០១៩ ហើយ​លោក Sogavare បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​ពិធី​កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា​នោះ​ថា ការ​សម្រេច​នេះ​បាន «ធ្វើ​ឱ្យ​ប្រទេស Solomon Islands ស្ថិត​នៅ​លើ​ជ្រុង​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ»។

លោក Li Ming បាន​ការពារ​កិច្ចព្រមព្រៀង​សន្តិសុខ​នេះ ដោយ​លោក​បាន​បញ្ជាក់​នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា​ថា៖ «បញ្ហា​អភិវឌ្ឍ​និង​បញ្ហា​សន្តិសុខ​គឺជា​បញ្ហា​ពីរ​ផ្សេង​គ្នា ប៉ុន្តែ​ពាក់ព័ន្ធ​គ្នា។ ប្រសិនបើ​គ្មាន​សុវត្ថិភាព​និង​សន្តិសុខ​ទេ បណ្ដា​ប្រទេស​នានា​មិន​អាច​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នោះ​ឡើយ។ ករណី​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​ដោយ​ការ​ធ្វើ​កុបកម្ម​កាលពី​ឆ្នាំ​មុន»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG