ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ជំរុញ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ខណៈ​មេដឹកនាំ​កោះ Solomons លើក​ឡើង​ពី​ការ​គំរាមកំហែង​នៃ​​ការឈ្លានពាន


នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ទស្សនា​ការដ្ឋាន​អាកាសយានដ្ឋាន​ថ្មី​មួយ​របស់​ក្រុង Sydney កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២។
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ទស្សនា​ការដ្ឋាន​អាកាសយានដ្ឋាន​ថ្មី​មួយ​របស់​ក្រុង Sydney កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ជំរុញឱ្យ​មាន​ការឆ្លើយតប​ដោយ​ស្ងប់ស្ងៀម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​បន្ទាប់​ពី​មេដឹកនាំ​នៃ​ប្រទេស Solomon Islands បាន​លើក​ឡើង​ពី​ការគំរាមកំហែង​ពី​ការឈ្លានពាន​ហើយ​បាន​និយាយ​ថា ប្រទេស​របស់​លោកកំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា​កូន​ក្មេង​កំពុង​កាន់​អាវុធ​គ្រវី​លេង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Morrison ដែល​ត្រូវ​ប្រកួត​ប្រជែងការបោះឆ្នោតសហព័ន្ធ​ក្នុង​ប្រទេសអូស្ត្រាលីនៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​ខាង​មុខ​នេះកំពុង​ទប់​ទល់​នឹង​ការរិះគន់​លើ​គោលនយោបាយ​ការបរទេសនៃ​រដ្ឋាភិបាល​របស់​លោក​បន្ទាប់ពី​ប្រទេស​ជា​កោះក្នុង​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ​បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយជាមួយ​ប្រទេស​ចិន​កាល​ពី​ខែ​មុន។

កិច្ចព្រម​ព្រៀង​សន្តិសុខ​ជា​មួយ​ចិន​បានធ្វើ​ឱ្យ​អូស្ត្រាលី​និង​សហរដ្ឋ​អាមេរិក​មាន​ក្តីបារម្ភ​និង​ភ័យខ្លាច​ថា​វា​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងដាក់​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នៃ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​មួយ​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយមិន​ដល់​២ពាន់គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​របស់អូស្ត្រាលី។

លោក Morrison បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​«យើង​ចាំបាច់​រក្សា​ភាព​ស្ងប់ស្ងៀម​និង​សម្រួល​អារម្មណ៍​នៅ​ពេល​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ»។

មេដឹកនាំអូស្ត្រាលី​រូប​នេះ​បាន​និយាយ​ថា លោក​មាន​ការ​បារម្ភ​អំពី​សន្តិសុខរបស់​ប្រទេស​ Solomons និង​តំបន់​ប៉ាស៊ីហ្វិក​ក្រោយពេល​ដែលលោក​នាយករដ្ឋមន្ត្រី Manasseh Sogavareបាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ។

លោក Morrison បាន​ទទូច​ថា រដ្ឋាភិបាល​របស់​លោក​ចាត់​ទុក​ប្រទេស Solomonsជា​គ្រួសារ​មួយ​ដែល​មាន​លក្ខណៈ​ស្មើភាពគ្នា។

ប៉ុន្តែ​លោក Sogavare ហាក់​ដូចជា​ខឹង​ច្រឡោត​ទាក់ទិន​នឹង​ការរិះគន់របស់​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី​លើ​កិច្ចព្រមព្រៀង​នេះ។

លោក​បាន​ថ្លែង​ប្រាប់សភា​ក្នុង​ប្រទេស​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា៖ «យើង​សោកស្តាយ​ចំពោះការបង្ហាញ​ការ​ខ្វះ​ទំនុកចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធទាំង​ឡាយ»។ លោក​បន្ថែម​ទៀត​ថា៖ «វា​គ្មាន​រឿង​អ្វី​ដែល​ត្រូវ​បារម្ភ​ពី​កិច្ចព្រមព្រៀង​នោះ​ឡើយ»។

ដោយ​លើកឡើង​មិន​ចំ​ឈ្មោះ​ពី​ប្រទេស​ណា​មួយ​នោះ​ លោក Sogavare និយាយ​ថា៖ «មាន​ការ​ព្រមាន​ពី​ការ​ធ្វើ​អន្តរាគមន៍​យោធា​មួយ»ប្រសិន​បើ​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​នេះ ត្រូវ​បាន​បំផ្លាញនៅ​លើ​កោះ Solomons។

លោក​ថ្លែង​បន្ត​ទៀត​ថា«លោក​ប្រធានសភា​បាន​និយាយ​ចំៗ យើង​កំពុង​ត្រូវ​បាន​គេ​បាន​គំរាម​កំហែងពី​ការ​ឈ្លានពាន។ នេះ​ជា​រឿង​ធ្ងន់ធ្ងរ​មួយ»។

យើង​កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា​សិស្ស​សាលា​មតេ្តយ្យ​ម្នាក់​ដែល​កំពុងមាន​អាវុធក្នុងដៃ​ ដូច​នេះ​យើង​ត្រូវ​តែ​ពិនិត្យ​មើល​ទៅ​លើ​បញ្ហានេះ»៕

XS
SM
MD
LG