ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​មើលឃើញ​ដំណើរ​ទស្សនកិច្ច​របស់​គីម ជុង​អ៊ុន​ទៅ​កាន់​ប្រទេស​ចិន​ជា​ជំហាន​វិជ្ជមាន


មេដឹកនាំ​កូរ៉េ​ខាងជើង​និង​ភរិយា និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ និង​ភរិយា ថតរូប​នៅ​ក្នុង​សាល​ប្រជាជន​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ២៨ មីនា ២០១៨។

សេតវិមាន​បាន​ស្វាគមន៍​ជំនួបសម្ងាត់​រវាងគីម ​ជុង​អ៊ុន​មេ ដឹកនាំ​ប្រទេស​កូរ៉េខាង​ជើងនិង​លោក​ ស៊ី ​ជីន​ពីង​ប្រធានា​ធិបតី​នៃ​ប្រទេស​ចិន​ថាជាសញ្ញា​វិជ្ជមាន​មួយ​ នៅមុនការ​ចរចា​ដ៏​ធំមួយ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ នឹងរក្សាការបន្តយុទ្ធនាការ​ការ​ដាក់​សម្ពាធ​ជា​អតិបរមា​ប្រឆាំង​នឹង​កូរ៉េខាង​ជើង។​

និយាយ​ជាមួយ VOA ផ្សាយ​ជា​ភាសា​កូរ៉េ ​អ្នក​ជំនាញ​ខាង​តំបន់​អាស៊ី​ខាង​កើត​ម្នាក់​និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏ជា​ការ​ខំ​ប្រឹងប្រែង​របស់​គីម ​ជុង​អ៊ុន​ដើម្បី​ពង្រឹង​តួនាទី​របស់​ខ្លួន​មុនពេល​ការចរចា​អន្តរកូរ៉េ​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មេសា​ខាងមុខ​នេះ។

ជំនួបដ៏​ភ្ញាក់​ផ្អើល​មួយ​រវាង​គីម ​ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាង​ជើង​និង​លោកស៊ី ​ជីន​ពីងប្រធានា​ធិបតី​នៃ​ប្រទេស​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជំហាន​វិជ្ជមានមួយ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំបាន​និយាយ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter ថា ​«ឥឡូវនេះ ​មាន​ឱកាស​ល្អ​ថា ​គីម ​ជុងអ៊ុន​នឹងធ្វើ​អ្វី​ដែល​ត្រូវ​សម្រាប់​ប្រជា​ពលរដ្ឋ​របស់​លោក​និង​សម្រាប់​មនុស្ស​ជាតិ‍»។

លោកស្រី Sarah Huckabee Sanders ​អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ ថា ភស្តុតាង​ច្រើនទៀតបញ្ជាក់​ថា ​ការ​ដាក់គំនាប​របស់​សហរដ្ឋ​អាមេរិកលើ​កូរ៉េខាង​ជើង​កំពុង​មាន​ដំណើរ​ការ។​ លោកស្រី​ Sanders បាន​ថ្លែងថា៖ «​យើង​នឹង​មាន​ សុទិដ្ឋិនិយម​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន ​ក៏ប៉ុន្តែ ​យើង​មាន​អារម្មណ៍​ថា ​បញ្ហា​នេះ​កំពុង​ធ្វើ​ចលនា​ក្នុង​ទិសដៅ​ត្រូវ‍»។

សហរដ្ឋ​អាមេរិក​បាន​បង្កើន​ដាក់​ការ​គាប​សង្កត់​លើ​កូរ៉េខាង​ជើង​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម ថែមទាំង​ដេញតាម​ក្រុម​ហ៊ុននានា​នៅទូទាំងសាកល​លោក​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ជាមួយ​កូរ៉េខាង​ជើង។

​សេតវិមាន​កំពុង​ចាប់​ផ្តើម​យុទ្ធសាស្រ្តរង់ចាំ​មើល​មុនពេល​ខ្លួន​តាំង​ចិត្ត​ធ្វើ​ការ​ចរចាជា​ផ្លូវការ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង ក៏ប៉ុន្តែ ​និយាយថា ការចាប់​ផ្តើម​ខាងការទូត​របស់គីម ​ជុង​អ៊ុន​នៅ​ក្នុង​ប្រទេស​ចិន​បង្ហាញ​ថា ​កូរ៉េខាង​ជើង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ចរចា។

លោកស្រី Sarah Huckabee Sanders បាន​ថ្លែង​ទៀត​ថា៖ «លោក ​អ្នក ​បាន​ឃើញ​គីម ​ជុងអ៊ុនចាក​ចេញ​ពី​ប្រទេស​ជាលើក​ដំបូង ​ចាប់​តាំង​ពីក្លាយ​ជា​មេដឹកនាំ​របស់​កូរ៉េខាង​ជើង​។​ ចំពោះ​ជំនួប​នេះ ​យើងចាត់​ទុក​ជាសញ្ញាវិជ្ជ​មាន​មួយ​ដែល​យុទ្ធនាការ​ដាក់​ការ​គាប​សង្កត់​អតិបរមា​កំពុង​បន្ត​ធ្វើ​ឡើងនោះ​មាន​ដំណើរ​ការ​ល្អ ​ហើយ​យើង​នឹង​បន្ត​ជំរុញ​ឲ្យ​ដំណើរ​ការ​ឆ្ពោះ​ទៅ​មុខ​ហើយ​សង្ឃឹម​ថា ​ជំនួប​នោះ​ចាប់​ផ្តើម​ចេញ​ដំណើរ​‍»។

ដំណើរ​ទៅកាន់​បរទេស​លើក​ដំបូងរបស់​គីមជុង​អ៊ុន ​ចាប់​តាំង​ពី​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១១​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មានការ​តាន​តឹង​កើន​ឡើង​ជាមួយ​ប្រ ទេស​ចិន​អំពី​មហិច្ឆតា​អាវុធ​នុយក្លែអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​ទើប​តែ​ប៉ុន្មាន​សប្តាហ៍​មុនពេល​ជំនួបគ្រោង​ទុក​មួយ​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង។

លោក Douglas Paal ​នៃ​អង្គការ Carnegie Endowment for Peace បាន​ថ្លែងថា៖​ «​វា​ជាការ​ធម្មតា​ដែលនៅពេល​ណាអស់​លោក ​អ្នក​មាន​ជំនួប​ធំៗ​កើត​មាន​ឡើង ​អស់​លោក ​អ្នក​ចង់​បង្ហាញ​ថា អស់​លោក ​អ្នក ​មាន​កលល្បិច​ខាង​ការទូត​និង​ការគាំទ្រដើម្បី​បង្ហាញកូរ៉េខាងត្បូង។ ចិន​ជា​សម្ព័ន្ធ​មិត្ត​មួយ​ជាមួយ​កូរ៉េខាង​ជើង ​ហើយ​ទោះបី សម្ព័ន្ធ​ភាព​នោះ​មានការ​តាន​តឹង​ក៏ដោយ​នៅពេល​ឥឡូវនេះ ​វា​ក៏ជា​វិធី​មួយ​បង្ហាញ​ថា គីម ​ជុង​អ៊ុនមិន​មែនឯការ​ទេ​នៅ​ពេល​ទៅ​ចូលរួម​ជំនួប​នោះ‍»។

​បណ្តាញ​ព័ត៌មាន​ចិន​រាយការណ៍​ថា ​គីម ​ជុងអ៊ុន​បើក​ចំហរ​សម្រាប់​ការចរចា​លុប​ចោល​អាវុធ​នុយក្លែអ៊ែរ ក៏ប៉ុន្តែ​ក្នុង​ករណី​ដែល​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ឆ្លើយ​តប​ទៅ​នឹង​ការ​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​ដោយ​សុឆន្ទៈ។

លោក Richard Bush ជា​អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ស្តីពី​កិច្ចការតំបន់​អាស៊ី​ខាង​កើតនៅឯ​វិទ្យាស្ថាន Brookings Institution។

លោក Richard Bush បានថ្លែង​ថា៖ «ដោយ​ផ្អែកលើ​ថាតើកូរ៉េខាង​ជើង​បាន​ដាក់​លក្ខខណ្ឌ​យ៉ាង​ដូចម្តេច​កាល​ពី​អតីតកាល​នោះ ​ការណ៍​នេះ​ប្រហែល​មាន​ន័យថា ការ​បញ្ចប់​សម្ព័ន្ធ​ភាព​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង ​ការ​ដក​កងទ័ព​អាមេ រិក​ចេញ​ពី​ឧបទ្វីប​កូរ៉េ ​ការ​បញ្ចប់ការរៀប​ចំអាវុធ​នុយក្លែអ៊ែ ចំណុច​ទាំងអស់​នេះ​មិនមែន​ជាអ្វី​ដែលរដ្ឋាភិបាល​អាមេរិក​ឬ​រដ្ឋាភិបាល​កូរ៉េខាង​ត្បូងសម្លឹង​ឃើញ​បញ្ហា​ទាំង​អស់​នេះ​ទេ‍»។

ការ​ចរចា​អន្តរកូរ៉េដែលបាន​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា ​អាច​កើត​មាន​ឡើង​បន្ទាប់​ទៀត​គឺ​ជំនួប​ទល់មុខ​គ្នា​រវាង​គីម ​ជុង​អ៊ុន​និង​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ។​រហូត​មក​ទល់​ពេល​នេះ ​ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ថា ​«យុទ្ធនាការ​នៃការដាក់​គំនាប​ជាអតិបរមា​របស់​លោក‍»​នឹង​បន្ត៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG