ខណៈកំពុងអំពាវនាវឲ្យមានការរួបរួមសាមគ្គីជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅមុនកិច្ចចរចាអំពីអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនោះ មេដឹកនាំជប៉ុនកំពុងស្នើឲ្យដាក់បញ្ជូលបញ្ហារបស់ពួកគេទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះ។
ក្នុងចំណោមបញ្ហាទាំងនោះ មានបញ្ហាសំខាន់មួយគឺការទាមទារជាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងតូក្យូឲ្យកូរ៉េខាងជើងដោះលែងជនជាតិជប៉ុនដែលត្រូវបានចាប់ពង្រត់កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ អ្នកវិភាគជនជាតិជប៉ុនក៏បង្ហាញក្តីបារម្ភផងដែរថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រហែលជាយល់ព្រមលុបចោលកាំជ្រួញម៉ីស៊ីលវង់ប្រតិបត្តិការឆ្ងាយរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក ប៉ុន្តែនៅបន្តអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាងផលិតកាំជ្រួញម៉ីស៊ីលវង់ប្រតិបត្តិការជិតដែលអាចបាញ់ដល់ប្រទេសជប៉ុន។
ក្នុងពិធីបញ្ចប់វគ្គបណ្តុះបណ្តាលនៅឯក្រសួងការពារជាតិកាលពីថ្ងៃអាទិត្យកន្លងទៅនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានមានប្រសាសន៍ថា «ការរួបរួមគ្នាពីសហគមន៍អន្តរជាតិដើម្បីទប់ទល់ជាមួយនឹងកូរ៉េខាងជើងដើម្បីឲ្យប្រទេសនេះបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួញមីស៊ីលរបស់ពួកគេនោះ គឺជាការងារដ៏សំខាន់។ ជាមួយគ្នានេះដែរ យើងនឹងដាក់សម្ពាធឲ្យខ្លាំងទៅលើកូរ៉េខាងជើងរហូតទាល់តែពួកគេចាត់វិធានការជាក់លាក់»៕