ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ថា​មាន​ការ «វិវត្ត​ជា​វិជ្ជមាន» ចំពោះ​បញ្ហា​កូរ៉េ​ខាងជើង​ប៉ុន្តែ​អាច​ជា​«ក្តីសង្ឃឹម​ក្លែងក្លាយ»


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត Stefan Lofven នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត Stefan Lofven នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា «អាច​មាន​ការ​វិវត្ត​ជា​វិជ្ជមាន» នៃ​ចំណាត់ការ​ដែល​បាន​ធ្វើ​ចំពោះ​ប្រទេស​កូរ៉េ​ខាងជើង​ ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​សញ្ញា​វិជ្ជមាន​ទាំងនោះ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ ដែល​អាច​នឹង​ប្រែក្លាយ​ជា​ក្តី «សង្ឃឹម​ក្លែងក្លាយ»។

សេចក្តី​ថ្លែងការណ៍​របស់​លោក ត្រាំ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេសកូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃអង្គារ​ថា​ កូរ៉េ​ខាង​ជើង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចាប់ផ្តើម​ចរចា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ អំពី​ការ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក​ប្រធានាធិបតី ត្រាំ បាន​បង្ហោះសារ​នៅក្នុង​ប្រព័ន្ធ Twitter កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា «នេះ​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ ដែល​មាន​កិច្ចប្រឹងប្រែង​ម៉ឺងម៉ាត់​បាន​ធ្វើ​ឡើង​ដោយ​ភាគី​ពាក់ព័ន្ធ​នានា»។ លោក​ក៏​បាន​បង្ហាញ​ពីភាព​មន្ទិល​សង្ស័យ​លើ​គោលបំណង​របស់​កូរ៉េខាងជើង​ ដោយ​បាន​បន្ថែម​ថា «ពិភពលោក​កំពុង​រងចាំ​មើល​ និង​កំពុង​រងចាំ​មើល​លទ្ធផល។ ប្រហែល​ជាក្តី​សង្ឃឹម​ក្លែងក្លាយ​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​បន្ថែម​សំពាធ​ខ្លាំង​ជាង​មុន​ទៅលើ​កូរ៉េ​ខាងជើង»។

លោក Chung Eui​-yong ទីប្រឹក្សា​សន្តិសុខ​កំពូល​របស់​ប្រទេសកូរ៉េ​ខាងត្បូង​បាន​ប្រាប់ ក្រុម​អ្នកសារពត៌មាន​កាល​ពី​ថ្ងៃអង្គារ​ថា​ ទីក្រុង​ព្យុងយ៉ាង​បាន​បង្ហាញ​ពី​ភាព​មិន​ចាំ បាច់​ក្នុង​ការ​រក្សា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​ ប្រសិន​បើ​មាន​ការ​លុបចោល​ការគំរាម​កំហែង​យោធា​ប្រឆាំង​នឹង​ប្រទេស​នេះ។ លោក Chung បាន​ថ្លែង​បន្ថែម​ថា​កូរ៉េ ខាងជើង​ចង់​ពិភាក្សា​អំពី​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ និង​ផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក។ លោក Chung គឺ​ជា​អ្នក​ដឹកនាំ​ប្រតិភូ​កូរ៉េ​ខាងត្បូង​ ដែល​ទើប​តែ​ត្រឡប់​ពី​ការ​ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃនៅក្នុង​ប្រទេស​កូរ៉េខាងជើង​ ជា​ទីកន្លែង​ដែល​ក្រុមប្រតិភូ​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ដែល​ជា​ព្រឹត្តការណ៍​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក៕

XS
SM
MD
LG