ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ជំទាស់​នឹង​ក្ដីកង្វល់​ដែល​ថា ការគាំទ្រ​អ៊ុយក្រែន​នឹង​ធ្លាក់​ចុះ​បើ​បក្ស​សាធារណរដ្ឋ​អាច​គ្រប់គ្រង​រដ្ឋសភា


អ្នកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
អ្នកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

អ្នកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ជំទាស់​ទៅ​នឹង​ក្ដី​កង្វល់​ដែល​ថា ​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នឹង​មិន​បន្ត​ផ្ដល់​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​គ្រប់គ្រង​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា​ខាង​មុខ។

អ្នកស្រី​បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ដល់​ប្រទេស​អ៊ុយក្រែន​នូវ​ការ​គាំទ្រ​ខ្លាំងក្លា​ពី​គណបក្ស​ទាំង​ពីរ។ យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​សភា​ដូច​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ​លើ​កិច្ច​ប្រឹងប្រែង​ទាំង​នេះ និង​គាំទ្រ​អ៊ុយក្រែន​រហូត​មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ»។

សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ដល់​ជំនួយ​ជាង ៦០ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន ដោយ​ក្នុង​នោះ​មាន​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន​ជាង ១៧ ពាន់​លាន​ដុល្លារ តាំងពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្ដើម​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក។

ប៉ុន្តែ លោក Kevin McCarthy មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​ជា​គណបក្ស​សំឡេង​ភាគ​តិច បាន​ផ្ដល់​សញ្ញា​ថា ជំនួយ​ទាំង​នេះ​អាច​ត្រូវ​កាត់​បន្ថយ ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​អាច​គ្រប់គ្រង​រដ្ឋសភា។

លោក McCarthy បាន​ប្រាប់​សារព័ត៌មាន​អនឡាញ Punchbowl News កាលពី​ថ្ងៃ​អង្គារ​ថា ដោយសារ​ជិត​មាន​បញ្ហា​សេដ្ឋកិច្ច​កើតឡើង សហរដ្ឋ​អាមេរិក​នឹង​មិន​សរសេរ «មូលប្បទានបត្រ​ទឹក​ប្រាក់» ដល់​ប្រទេស​អ៊ុយក្រែន​នោះ​ទេ ដោយ «ពួកគេ​មិន​អាច​ធ្វើ​ដូច្នេះ​នោះ​ឡើយ។ ...វា​មិន​មែន​ជា​មូលប្បទានបត្រ​ទឹក​ប្រាក់​ដែល​ផ្ដល់​ឱ្យ​ទទេៗ​នោះ​ទេ»។

ប្រជាពលរដ្ឋ​អ៊ុយក្រែន​កំពុង​តាមដាន​មើល​ដំណើរការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Olena Shuliak ប្រធាន​គណបក្ស «អ្នក​បម្រើ​ប្រជាពលរដ្ឋ» (Servant of the People Party) ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG