ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយ​ប្រហារ​តាម​អាកាស​ចំ​ទីតាំង​ថាមពល​របស់​អ៊ុយក្រែន


រូបឯកសារ៖ អ្នកពន្លត់​អគ្គិភ័យ​ធ្វើកិច្ចការ​របស់ខ្លួន​បន្ទាប់ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​របស់​រុស្ស៊ីនៅ​ទីក្រុងកៀវ កាលពី​​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នកពន្លត់​អគ្គិភ័យ​ធ្វើកិច្ចការ​របស់ខ្លួន​បន្ទាប់ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​របស់​រុស្ស៊ីនៅ​ទីក្រុងកៀវ កាលពី​​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

កងទ័ព​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​អង្គារ​លើ​ទីតាំង​ជា​ច្រើន​កន្លែង​របស់​ប្រទេស​អ៊ុយក្រែន​ដោយ​ក្នុង​នោះ​មាន​គោលដៅ​សំដៅ​លើ​រោងចក្រ​ថាមពល​ផង​ដែរ។

លោក Kyrylo Tymoshenko អនុ​ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា រោងចក្រ​ផ្គត់ផ្គង់​ថាមពល​មួយ​កន្លែង​ក្នុង​រដ្ឋធានី​កៀវ​បាន​រង​ការ​វាយ​ប្រហារ​ចំនួន ៣ លើក។

អភិបាល​រដ្ឋធានី​កៀវ​លោក Vitali Klitschko បាន​បញ្ជាក់​ថា ការ​ផ្ទុះ​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​រដ្ឋធានី​កៀវ ដែល​នៅ​ទីនោះ «អគារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់» មួយ​បាន​រង​ការ​វាយ​ប្រហារ។

លោក Tymoshenkoបាន​លើកឡើង​ថា ការ​វាយប្រហារ​តាម​អាកាស ២ លើក​បាន​បណ្តាល​ឱ្យ​មាន «ការ​ខូចខាត​យ៉ាង​ដំណំ» ដល់​រោងចក្រ​ថាមពល​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Dnipro។

អភិបាល​ក្រុង Zhytomyr បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង Zhytomyr បាន​កាត់ ផ្ដាច់​សេវា​ទឹក​និង​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyបាន​និយាយ​ថា រុស្ស៊ី​បាន​ដៅ​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នេះ​ជា​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា «ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​រុស្ស៊ី»។

លោក Zelenskyy បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ចាប់តាំង​ពី​ថ្ងៃ​ទី ១០ ខែ​តុលា​មក ស្ថានីយ​ថាមពល​របស់​អ៊ុយក្រែន​ចំនួន ៣០% ត្រូវ​បាន​បំផ្លាញ ដោយ​ធ្វើ​ឱ្យ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។ [ឥឡូវ​នេះ] គ្មាន​លំហ​ណា​នៅ​សេសសល់​នោះ​ទេ​សម្រាប់​ការ​ចរចា​ជាមួយ​របប​ដឹកនាំ​របស់ [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin»។

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទាំង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​ដ៏​ប្រល័យ​ជា​បន្ត​បន្ទាប់​ដោយ​ប្រើ​ដ្រូន​ផ្ទុក​គ្រឿង​ផ្ទុះ​ជាច្រើន​លើ​រដ្ឋធានី​កៀវ​កាលពី​ថ្ងៃ​ចន្ទ ដែល​ករណី​នេះ​បាន​ជំរុញ​ឱ្យ​លោក Zelenskyy និង​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​ផ្សេង​ទៀត​អំពាវនាវ​សារ​ជា​ថ្មី​ដល់​សម្ព័ន្ធមិត្ត​ឱ្យ​ផ្តល់​សព្វាវុធ​ការពារ​ដែន​អាកាស​ដល់​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG