សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសអ៊ីរ៉ង់បានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរយៈការផ្គត់ផ្គង់ដ្រូនដល់ប្រទេសរុស្ស៊ី។
អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Vedant Patel បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា៖ «កាលពីព្រឹកមិញនេះ សម្ព័ន្ធមិត្តបារាំងនិងសម្ព័ន្ធមិត្តចក្រភពអង់គ្លេសរបស់យើងបានផ្ដល់ការវាយតម្លៃថា ការផ្គត់ផ្គង់របស់ប្រទេសអ៊ីរ៉ង់នូវដ្រូនគ្មានមនុស្សបើក (UAV) ទាំងនេះដល់ប្រទេសរុស្ស៊ីគឺជាការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៣១ ហើយនេះជាអ្វីដែលសហរដ្ឋអាមេរិកយល់ស្របជាមួយ»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចនេះកាលពីឆ្នាំ ២០១៥ ដោយបង្កើតបានជាកិច្ចព្រមព្រៀងអន្តរជាតិមួយដែលរារាំងដល់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដើម្បីជាថ្នូរឱ្យអ៊ីរ៉ង់ទទួលបានការលើកលែងទណ្ឌកម្ម។
លោក Patel បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកជឿថា ដ្រូនគ្មានមនុស្សបើក (UAV) ទាំងនេះ ដែលត្រូវបានបញ្ជូនពីប្រទេសអ៊ីរ៉ង់ទៅប្រទេសរុស្ស៊ីនិងត្រូវបានរុស្ស៊ីប្រើនៅក្នុងប្រទេសអ៊ុយក្រែនគឺស្ថិតក្នុងចំណោមសព្វាវុធដែលត្រូវបានហាមឃាត់នៅក្រោមសេចក្ដីសម្រេចលេខ ២២៣១ នេះ»។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសអ៊ុយក្រែនបានរាយការណ៍ម្ដងហើយម្ដងទៀតថា រុស្ស៊ីបានប្រើដ្រូនប្រភេទ Shahed-136 របស់ប្រទេសអ៊ីរ៉ង់ដើម្បីវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន។ អ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានផ្គត់ផ្គង់ដ្រូនទាំងនេះដល់ប្រទេសរុស្ស៊ីទេ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ «មិនមានភាពទៀងត្រង់អំពីរឿងនេះទេ និងបានបដិសេធថាមិនបានផ្ដល់អាវុធទាំងនេះដល់រុស្ស៊ីសម្រាប់ប្រើនៅក្នុងប្រទេសអ៊ុយក្រែន»។
អ្នកស្រី Jean-Pierre បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើការធ្វើជំនួញសព្វាវុធរវាងរុស្ស៊ីនិងអ៊ីរ៉ង់ ហើយនឹង «ធ្វើឱ្យអ៊ីរ៉ង់មានការលំបាកខ្លាំងជាងមុននៅក្នុងការលក់អាវុធទាំងនេះដល់ប្រទេសរុស្ស៊ី»៕