មន្រ្តីម្នាក់របស់សេតវិមានបានបញ្ជាក់ប្រាប់ VOA ថា ប្រធានាធិបតី ដូណាល់ ត្រាំ លោករដ្ឋមន្រ្តីការបរទេសនិងលោករដ្ឋមន្រ្តីការពារប្រទេស បានពិភាក្សាពីការផ្អាកការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច Ballistic របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងផ្អាកកម្មវិធីដែលគេស្គាល់ថាប្រព័ន្ធការពារកាំជ្រួច THAAD។
មន្រ្តីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងស្តីពីបញ្ហានេះ។ មន្រ្តីរូបនេះបាននិយាយទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់សហរដ្ឋអាមេរិកថា ខ្លួននឹងមិនងាកចេញពីការសន្យាកាលពីពេលមុនចំពោះប្រព័ន្ធការពារកាំជ្រួចនេះទេ ហើយបាននិយាយទៀតថា សហរដ្ឋអាមេរិកបានផ្តល់ការធានាដដែលនេះដល់កូរ៉េខាងត្បូង។
អនាគតនៃកម្មវិធីនេះមានភាពមិនប្រាកដប្រជាចាប់តាំងពីកូរ៉េខាងត្បូងបានប្រកាសពីការផ្អាកការដាក់ពង្រាយប្រព័ន្ធកាំជ្រួចនោះកាលពីថ្ងៃពុធ។
កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានរាយការណ៍ថា ខ្លួនការធ្វើសាកល្បងប្រកបដោយជោគជ័យនូវកាំជ្រួចបាញ់ពីដីទៅសមុទ្រដែលមានសមត្ថភាពវាយប្រហារនាវាចំបាំងរបស់សត្រូវ។
ទីភ្នាកងារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើងបានរាយការណ៍ថារដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចមីស៊ីលពីដីទៅសមុទ្រជាច្រើនគ្រាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្រោមការពិនិត្យមើលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un៕