កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុមហ៊ុនចំនួន៩ហើយនឹងបុគ្គល៣នាក់ដែលសង្ស័យថាមានការទាក់ទិននឹងកម្មវិធីកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នេះតាមការបញ្ជាក់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
វិធានការដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នឹងរារាំងបុគ្គលនិងក្រុមហ៊ុន រួមមានក្រុមហ៊ុន២របស់រុស្ស៊ីមិនឲ្យធ្វើពាណិជ្ជកម្មជាមួយពលរដ្ឋសហរដ្ឋអាមេរិកហើយនឹងផ្អឹបទ្រព្យសម្បត្តិដែលពួកគេមាននៅក្នុងសហរដ្ឋអាមេរិក។
ចំណាត់ការណ៍នេះកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកខិតខំទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបន្ទាប់ពីប្រទេសនេះបានបាញ់បង្ហោះកាំជ្រួច Ballistic កាលពីសប្តាហ៍មុន។
ការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍រួមមានក្រុមហ៊ុន២របស់ប្រទេសរុស្ស៊ីគឺ ក្រុមហ៊ុន Ardis-Bearing LLC និងក្រុមហ៊ុនប្រេង Independent Petroleumដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅចំពោះការផ្តល់ប្រេងនិងឧបករណ៍ធ្វើមីស៊ីលទៅឲ្យប្រទេសកូរ៉េខាងជើង។
លោក John Smith នាយកការិយាល័យត្រួតត្រាទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកមានប្រសាសន៍ថា «ក្រសួងរតនាគារអាមេរិក កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើងដើម្បីទប់ទល់នឹងបណ្តាញដែលអាចជួយសកម្មភាពអស្ថិរភាពរបស់កូរ៉េខាងជើង ហើយយើងជំរុញឲ្យដៃគូរបស់យើងចាត់វិធានការស្របគ្នាដើម្បីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ថវិការបស់ពួកគេ»។
នៅរសៀលថ្ងៃព្រហស្បតិ៍ ពួកអ្នកការទូតសហរដ្ឋអាមេរិកនិងចិនត្រូវគេរំពឹងថា នឹងសុំឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើមនុស្សនិងក្រុមហ៊ុនកាន់តែច្រើនឡើងថែមទៀតដែលបានពាក់ព័ន្ធនឹងជាមួយកម្មវិធីកាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង៕