ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​មួយ​គ្រាប់​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ


មនុស្ស​ម្នា​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូបភាព​នៃ​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។
មនុស្ស​ម្នា​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូបភាព​នៃ​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ដែល​ហោះ​បាន​រយៈ​ចម្ងាយ​ខ្លី​មួយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ គឺ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​ប្រទេស G ៧ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​លះបង់​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ទី​បញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​ធ្វើ​ឡើង​នៅ​ជិត​ក្រុង Wonsan ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​ខាង​ជើង។ ទី​បញ្ជាការ​នេះ​បាន​តាមដាន​គ្រាប់​មីស៊ីល​នេះ​បាន ៦ នាទី មុន​ពេល​វា​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន ដែល​គេ​ស្គាល់​ថា​ជា​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​នោះ។

ទី​បញ្ជាការ​នេះ បាន​បន្ថែម​ទៀត​ថា គ្រាប់​មីស៊ីល​នេះ​មិន​មែន​ជា​ការ​គំរាមកំហែង​ដល់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ខឹង​សម្បារ និង​សច្ចា​ថា​នឹង​ឆ្លើយតប​ចំពោះ​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នេះ។

លោក Shinzo Abe បាន​ថ្លែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​របស់​ជប៉ុន​ថា៖ «ដោយ​ធ្វើ​ការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក យើង​នឹង​អាច​ចាត់​វិធានការ​ជាក់លាក់​ដើម្បី​រារាំង​កូរ៉េ​ខាង​ជើង​បាន»។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ទោះបីជា​ធ្លាប់​បាន​ព្រលយ​ពាក្យ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ក៏​ដោយ ក៏​មិន​ទាន់​បាន​បញ្ជាក់​អំពី​គោល​នយោបាយ​ច្បាស់លាស់​នៅ​ក្នុង​ការ​ឆ្លើយ​តប​យ៉ាង​ណា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ទេ។

ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ គឺ​ជា​ការ​សាកល្បង​លើក​ទី ២ នៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​ការ​សាកល្បង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ដល់​កូរ៉េ​ខាង​ជើង ហើយ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G ៧ បាន​ថ្កោលទោស​កូរ៉េ​ខាង​ជើង​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​កាល​ពី​លើក​មុន៕

XS
SM
MD
LG