ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានផ្សាយឲ្យដឹងនៅថ្ងៃអង្គារនេះថា ការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ទទួលបានជោគជ័យ និងបានប្រើប្រព័ន្ធតម្រង់ទិសដ៏ត្រឹមត្រូវថ្មីមួយ។
នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្ថាប័នយោធាបានបញ្ជាក់ថា ការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃច័ន្ទម្សិលមិញ គឺជាការសាកល្បងគ្រាប់មីស៊ីល ដែលហោះត្រង់ស្មើមួយ ដែលបានធ្លាក់នៅក្នុងសមុទ្រជប៉ុន ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង។
ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថា ខ្លួនបានតាមដានគ្រាប់ផ្លោងមីស៊ីល ដែលហោះបានរយៈចម្ងាយខ្លីនេះបាន ៦ នាទី និងបានកំណត់ថា គ្រាប់មីស៊ីលនេះមិនមែនជាការគំរាមកំហែងដល់ទ្វីបអាមេរិកខាងជើងនោះទេ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់តាមប្រព័ន្ធ Twitter ថា៖ «កូរ៉េខាងជើងមិនបានបង្ហាញការគោរពចំពោះប្រទេសចិន ដែលជាប្រទេសជិតខាងខ្លួននោះទេ ដោយសារតែខ្លួនបានបាញ់គ្រាប់ផ្លោងមីស៊ីលមួយគ្រាប់ទៀត»។ ប៉ុន្តែ លោក Trump បានសរសើរប្រទេសចិន សម្រាប់ការព្យាយាមខ្លាំងក្លានៅក្នុងការរារាំងមហិច្ឆតាយោធារបស់ប្រទេសកូរ៉េខាងជើង។
ប្រទេសចិនបានបញ្ជាក់ម្ដងហើយម្ដងទៀតថា មានតែកិច្ចចរចាទេ ជាវិធីដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាន។
ការសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃច័ន្ទម្សិលមិញ បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមេដឹកនាំនានាដែលចូលរួមកិច្ចប្រជុំសេដ្ឋកិច្ច G ៧ បានទាមទារឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងលះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន៕