សហរដ្ឋអាមេរិកកំពុងបញ្ជូនកងកម្លាំងនាវាផ្ទុកយន្តហោះទី៣ទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលទំនងធ្វើការព្រមានដល់ប្រទេសកូរ៉េខាងជើងឲ្យបញ្ឈប់កម្មវិធីកាំជ្រួចមីស៊ីលឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែ។ នេះបើតាមប្រភពពីរដែលបានប្រាប់ VOA។
ប្រភពទាំងនោះប្រាប់លោក Steve Herman អ្នកយកព័ត៌មាន VOAថា នាវាផ្ទុកយន្ត ហោះ USS Nimitz ដែលជានាវាចំបាំងដ៏ធំបង្អស់មួយរបស់ពិភពលោក នឹងចូលរួមជាមួយមហានាវាផ្ទុកយន្តហោះ២ទៀតគឺនាវាផ្ទុកយន្តហោះ USS Carl Vinson និងនាវាផ្ទុកយន្តហោះ USS Ronald Reagan នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។
យោធាសហរដ្ឋអាមេរិកកម្រដាក់ពង្រាយនាវាផ្ទុកយន្តហោះ៣គ្រឿងក្នុងតំបន់តែមួយណាស់។
ក៏ប៉ុន្តែ ការគំរាមកំហែងអាវុធនុយក្លេអ៊ែ និងកំជ្រួចមីស៊ីលកាន់តែកើនឡើងរបស់កូរ៉េខាងជើងត្រូវបានគេមើលឃើញថាជាបញ្ហាសន្តិសុខដ៏សំខាន់មួយសម្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានសន្យារារាំងកូរ៉េខាងជើងមិនឲ្យធ្វើការវាយប្រហារសហរដ្ឋអាមេរិកដោយកាំជ្រួចមីស៊ីល និងអាវុធនុយក្លេអ៊ែបាន ដែលពួកអ្នកជំនាញនិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចមានលទ្ធភាពបាញ់មកដល់សហរដ្ឋអាមេរិកក្រោយឆ្នាំ២០២០។
អង្គុយជិតលោកនាយករដ្ឋមន្រ្តី Shinzo Abe លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ មុនពេលចាប់ផ្តើមសន្និសីទកំពូលរបស់ប្រទេស៧ដែលមានឧស្សាហកម្មជឿនលឿនជាងគេនៅលើផែនដីហៅកាត់ថា G7 នៅលើកោះស៊ីស៊ីលីនៃប្រទេសអ៊ីតាលី។ លោក ត្រាំ និយាយថថា មេដឹកនាំ G-7 បានផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រទេសកូរ៉េខាងជើង៕