ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន៖ ប្រធានា​ធិបតី​ត្រាំ​ត្រូវ​ការ​វិធានការ​ប្រកប​ដោយ​សុក្រឹត​ភាព​​និង​អាច​ផ្ទៀងផ្ទាត់​បាន​មុន​ជួប​គីម​ជុង​អ៊ុន


រូបឯកសារ៖ កញ្ចក់ទូរទស្សន៍​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល បង្ហាញ​រូប​លោក ដូណាល់ ត្រាំ (ឆ្វេង) និង​រូប​លោក គីម ជុងអ៊ុន។ មេដឹកនាំ​ទាំង​ពីរ​មាន​គម្រោង​ជួប​គ្នា​យូរ​បំផុត​នៅ​ខែឧសភា។
រូបឯកសារ៖ កញ្ចក់ទូរទស្សន៍​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល បង្ហាញ​រូប​លោក ដូណាល់ ត្រាំ (ឆ្វេង) និង​រូប​លោក គីម ជុងអ៊ុន។ មេដឹកនាំ​ទាំង​ពីរ​មាន​គម្រោង​ជួប​គ្នា​យូរ​បំផុត​នៅ​ខែឧសភា។

សេតវិមាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​នឹង​មិន​ជួប​ជាមួយ​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​ គីម ​ជុង​អ៊ុន​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ចាត់​វិធានការ​ប្រកប​ដោយ​សុក្រឹតភាពនិង​ដែល​អាច​ផ្ទៀង​ផ្ទាត់​បាន​ជាមុន​ទេ​នោះ។

លោក​ស្រី Sarah Huckabee Sanders​ អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រថា៖ «លោក​ប្រធានា​ធិបតី​ត្រាំ​នឹង​មិន​មាន​ជំនួប​ដោយ​មិន​បាន​ឃើញ​វិធានការ​និង​ចំណាត់​ការ​ប្រកប​ដោយ​ភាពសុក្រឹត​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​នោះ​ទេ។​ លោក​ប្រធានា​ធិបតី​ប្រាកដ​នឹង​ត្រូវ​ឃើញ​អ្វី​ជា​មុន​សិន‍»។

លោកស្រី ​Sanders ​មិន​បាន​បញ្ជាក់​ពី​សកម្មភាព​អ្វី​ដែល​រដ្ឋបាល​របស់​លោក​ត្រាំ​កំពុង​ស្វះស្វែង​រកនោះ​ទេ។

​បណ្តា​ប្រទេស​ជិត​ខាង​របស់​កូរ៉េខាង​ជើង​បានស្វាគមន៍​កា​រសម្រេច​ដ៏​ភ្ញាក់​ផ្អើល​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ ដើម្បី​ជួប​ជាមួយគីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាង​ជើង​ដើម្បី​ពិភាក្សា​ការបញ្ចប់ការ​គំរាម​កំហែងកម្មវិធី​នុយក្លេ​អ៊ែរ​របស់​កូរ៉េខាង​ជើង។

​ចាប់​តាំងពី​ការ​ចរចា​បាន​ត្រូវ​ប្រកាសកាល​ពី​យប់​ថ្ងៃ​ព្រហស្បត៍នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​មក សមាជិក​សភា​សហរដ្ឋ​អាមេរិក ​ពួក​មន្រ្តី​ចិន ​ជប៉ុន​និង​កូរ៉េខាង​ត្បូង ​បានគាំទ្រ​ការ​អភិវឌ្ឍនេះ។ ​ក៏ប៉ុន្តែ ​ក៏មាន​ការ​ប្រយ័ត្ន​ប្រយែង​អំពី​លទ្ធផលចេញ​ពី​ការ​ចរចា​កម្រិត​ខ្ពស់​នេះ។

សេតវិមាន​បាន​បញ្ជាក់​ពី​របាយការណ៍​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិនថា ​លោក​ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី​ចិន លោកស៊ី ​ជីង​ពីង ​បាន​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ ក៏ប៉ុន្តែ​មិនបាន​និយាយ​លម្អិត​ពីការ​សន្ទនា​នោះ​ទេ។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មានស៊ីន​ហួ​ផ្លូវការ​នៃ​ប្រទេស​ចិន ប្រាប់​ឲ្យ​ដឹងថា៖ «​ប្រធានាធិបតី​ចិន​លោក​ ស៊ី ​បាន​ប្រាប់​ប្រធានា​ធិបតី​ ត្រាំ​ ថា ​លោក​សូម​ថ្លែង​អំណរ​គុណ​ដល់​សេចក្តី​ប្រាថ្នា​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​បញ្ហាឧបទ្វីប​កូរ៉េ‍​ក្នុង​ន័យ​នយោបាយ។ របាយការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា ​ប្រធានា​ធិបតី​ស៊ី​សង្ឃឹម​ថា ​គ្រប់​ភាគី​ទាំង​អស់​ដែល​ជាប់​ទាក់​ទង​នឹង​បង្ហាញ​ឆន្ទៈ​ល្អ​ហើយ​នឹង​បញ្ចៀស​បញ្ហា​នានា​ដែលអាច​មាន​ផល​ប៉ះពាល់​ដល់​ស្ថាន​ភាព​ប្រសើរ​ឡើង​នៅ​លើ​ឧបទ្វីប​នោះ‍»។

លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​Shinzo Abe ដែល​មាន​ការ​មន្ទិល​សង្ស័យ​ពី​គោល​បំណង​របស់​កូរ៉េខាង​ជើង​បាន​និយាយ​ជាមួយ​លោក​ត្រាំ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ហើយ​បាន​សរសើរ​ការដឹកនាំ​ដ៏​តឹង​តែង​របស់​លោក​ ត្រាំ ចំពោះ​ការ​បង្ខំ​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​នេះ។ លោក​នាយករដ្ឋ​មន្រ្តី​អាបេ ​បាន​និយាយ​ទៀត​ថា ​លោក​មាន​ផែន​ការ​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ជួ​ប​ប្រធា​នាធិបតី​ត្រាំនៅ​ខែ​ក្រោយ​ដើម្បី​ពិភាក្សា​ពី​សន្និសីទ​កំពូល​ជាមួយ​កូរ៉េខាង​ជើង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG