សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៀតទៅលើប្រទេសកូរ៉េខាងជើងចំពោះការប្រើប្រាស់ថ្នាំគីមីពុលដើម្បីសម្លាប់បងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំ គីម ជុងអ៊ុន ដែលទាស់ទែងគ្នា។
ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានកំណត់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រើប្រាស់ថ្នាំគីមីពុលប្រភេទ VX ដែលត្រូវបានគេហាមឃាត់ ដើម្បីសម្លាប់លោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលលោកកំពុងដើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ។
ស្ត្រីពីរនាក់ត្រូវបានគេមើលឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពនៅអាកាសយានដ្ឋាននោះថាបានបាញ់សារធាតុទឹកម៉្យាងទៅលើមុខរបស់លោក គីម ជុងណាំ។ លោកក៏បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបង្ហាញជាសាធារណៈចំពោះការប្រមាថទៅនឹងច្បាប់សកលលោកដែលប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី បង្ហាញពីធម្មជាតិដ៏ព្រហើនគ្មានកោតក្រែងរបស់កូរ៉េខាងជើងនិងគូសបញ្ជាក់ថា យើងមិនអាចអត់ឱនចំពោះកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើងណាមួយបានឡើយ»។
ក៏ប៉ុន្តែក្រសួងការបរទេសអាមេរិកមិនបានបញ្ជាក់បន្ថែមថាតើខ្លួនបានកំណត់សេចក្តីសន្និដ្ឋាននេះយ៉ាងដូចម្តេចនោះទេ។
សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗមួយចំនួនទៀតទៅលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងចំពោះការប្រព្រឹត្តទៅលើបងប្រុសលោក គីម ជុងអ៊ុន ប៉ុន្តែប្រសិនបើមានការដាក់ទណ្ឌកម្មបន្ថែមទៀតមែននោះ ក៏ទណ្ឌកម្មថ្មីៗទាំងនោះបង្កជាផលប៉ះពាល់តិចតួចណាស់ទៅលើកូរ៉េខាងជើង ដោយសារតែប្រទេសនេះកំពុងរងទណ្ឌកម្មធ្ងន់ធ្ងរជាច្រើនចំពោះកម្មវិធីផលិតអាវុធនុយក្លេអ៊ែរនិងកាំជ្រួចបាញ់ឆ្លងទ្វីបរបស់ខ្លួនរួចទៅហើយ។
ស្ត្រីពីរនាក់ដែលមានឈ្មោះ Siti Aisyah ជនជាតិឥណ្ឌូណេស៊ី អាយុ២៥ឆ្នាំ និងនាង Doan Thi Huong ជនជាតិវៀតណាម អាយុ២៨ឆ្នាំ កំពុងរង់ចាំការកាត់ក្តីចំពោះអំពើឃាតកម្មលើលោក គីម ជុងណាំ។ ស្ត្រីទាំងពីរនាក់នេះបានអះអាងថា ពួកគេត្រូវបានភ្នាក់ងារកូរ៉េខាងជើងបោកបញ្ឆោត ថាឲ្យពួកគេចូលលេងក្នុងកម្មវិធីពញ្ញាក់អារម្មណ៍មួយលើកញ្ចក់ទូរទស្សន៍៕