ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​រវាង​មេដឹកនាំ​ស.រ.អា​និង​កូរ៉េ​ខាង​ជើង​ធ្វើ​ឲ្យ​មាន​សុទិដ្ឋិនិយម​ដោយ​ការ​ប្រុង​ប្រយ័ត្ន


លោក Chung Eui-yong (កណ្ដាល) នាយក​ផ្នែក​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​សេត​វិមាន​។ ប្រធានា​ធិបតី​ស.រ.អា​ ដូណាល់ ត្រាំ នឹង​ជួប​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រឹម​ខែ​ឧសភា។
លោក Chung Eui-yong (កណ្ដាល) នាយក​ផ្នែក​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​សេត​វិមាន​។ ប្រធានា​ធិបតី​ស.រ.អា​ ដូណាល់ ត្រាំ នឹង​ជួប​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រឹម​ខែ​ឧសភា។

ការ​យល់​ព្រម​មួយ​ដែលនាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដោយ​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹក​នាំ​កូរ៉េខាង​ជើង គីម ជុង​អ៊ុន​ ដែល​នឹង​មាន​ឡើង​«មិន​ហួស​ពី​ខែ​ឧសភា»។ ជំនួប​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បញ្ចប់​កម្មវិធី​បរមាណូ​ដ៏​គំរាមរបស់​កូរ៉េខាង​ជើង​នេះ​ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ចម្រុះ​ដោយ​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន​និង​ការ​សង្ស័យ។​

លោក ​Chung Eui-yong ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ប្រកាស​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។​ លោក​បាន​ឋិត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​និយាយ​ត្រួសៗ​ប្រាប់​ប្រធានាធិបតី​ ត្រាំ​ និង​ពួក​មន្ត្រី​សេតវិមាន​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក ​H. R. McMaster ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​ផង​ដែរ​ អំពី​ការ​ជឿន​លឿន​ខាង​ការទូត​ដែល​បាន​ត្រូវ​ធ្វើ​ឱ្យ​មាន​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ក្នុង​ក្រុង​ព្យុងយ៉ាង​ កាលពី​ដើម​សប្តាហ៍​នេះ។​ លោក​ក៏​បាន​ពាំ​នាំ​សេចក្តី​អញ្ជើញ​ផ្ទាល់​មាត់​ពី​លោក​ គីម ជុងអ៊ុន​ មក​ប្រាប់​ប្រធានាធិបតី​ស.រ.អា.​ផង​ដែរ។​

លោក​ Chung ​បាន​មាន​ប្រសាសន៍​ថា៖ «ប្រធានាធិបតី​ ត្រាំ​ បាន​អរគុណ​ដល់​ការ​និយាយ​ត្រួសៗ​ប្រាប់​លោក​ហើយ​បាន​ថ្លែង​ថា​ លោក​នឹង​ជួប​ជាមួយ​លោក គីម ជុងអ៊ុន​ មិន​ហួស​ពី​ខែ​ឧសភា​ទេ​ដើម្បី​ធ្វើឱ្យ​បាន​សម្រេច​ការ​គ្មាន​អាវុធ​បរមាណូ​ជា​អចិន្ត្រៃយ៍។"

លោក ​Chung បាន​ដឹកនាំ​គណៈប្រតិភូ​ការ​ទូត​កូរ៉េខាង​ត្បូង​មួយ​ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​នៅ​ក្នុងក្រុង​ព្យុងយ៉ាង​ កាល​ពី​ថ្ងៃ​ចន្ទ។​ បន្ទាប់​មក​លោក​បាន​និយាយ​អំពី​ចំណង់​របស់​លោក​ គីម ជុងអ៊ុន ក្នុង​ការ​ធ្វើ​កិច្ច​ចរចា​ជាមួយ​ស.រ.អា.​អំពី​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​បរមាណូ​និង​អំពី​ការ​សន្យា​របស់​លោក​ថា​នឹង​ផ្អាក​ការ​ពិសោធន៍​បរមាណូ​និង​ការ​ពិសោធន៍​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ នៅ​ពេល​មានកិច្ច​ចរចា​នេះ។​

គោល​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ ដូច​ដែល​បាន​ថ្លែងដោយ​លោក Chung គឺ​ថា​«គ្មាន​ហេតុ​ផល​អ្វីត្រូវ​មាន​អាវុធ​បរមាណូ​ទេ​បើ​សុវត្ថិភាព​នៃ​របប​គ្រប់​គ្រង​កូរ៉េខាង​ជើង​បាន​ត្រូវ​ធានា​ហើយ​ការ​គំរាម​កំហែង​យោធា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​បាន​ត្រូវ​ដក​ចេញ​ហើយ​នោះ»៕

XS
SM
MD
LG