ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ពី​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង


នៅ​ក្នុង​រូបភាព​ដែល​ផ្តល់​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង លោក Kim Yong Chol អនុប្រធាន​គណបក្ស​កាន់​អំណាច​ (រូប​​ស្តាំ​ទី២) និយាយ​ជាមួយ​នឹង​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី៥​ ខែមីនា ឆ្នាំ២០១៨។
នៅ​ក្នុង​រូបភាព​ដែល​ផ្តល់​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង លោក Kim Yong Chol អនុប្រធាន​គណបក្ស​កាន់​អំណាច​ (រូប​​ស្តាំ​ទី២) និយាយ​ជាមួយ​នឹង​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី៥​ ខែមីនា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង​អាច​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​រឿង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក​បាន។

លោក Moon Jae In បាន​ហៅ​ជំនួប​រវាង​ក្រុម​គណៈប្រតិភូ​ពិសេស​កូរ៉េ​ខាង​ត្បូង និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង ថា​ជា​ការ​ចាប់ផ្ដើម​នៃ​ដំណើរការ​ការទូត​ដ៏​ទូលំទូលាយ​មួយ។ ក្រុម​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង​ដឹកនាំ​ដោយ​លោក Chung Eui Yong ដែល​ជា​ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ។

លោក Moon Jae In បាន​បញ្ជាក់​នៅ​ពេល​លោក​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​នៃ​បណ្ឌិត​សភា​យោធា​កូរ៉េ​ខាង​ត្បូង​ថា៖ «យើង​បាន​ចាប់ផ្ដើម​ដំណើរ​របស់​យើង​ដើម្បី​សន្តិភាព និង​វិបុលភាព ជាមួយ​នឹង​ភាព​ជឿជាក់​ដែល​ថា យើង​អាច​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​បាន ហើយ​យើង​អាច​បង្កើត​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​បាន​ដោយសារ​កិច្ច​ប្រឹងប្រែង​របស់​យើង​ផ្ទាល់»។

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង បាន​រៀបរាប់​អំពី​ជំនួប​ទ្វេភាគី​នេះ​ថា​មាន​លក្ខណៈ​វិជ្ជមាន​ជាទី​បំផុត ដោយ​បាន​រាយការណ៍​ថា លោក Kim Jong Un បាន​បញ្ជាក់​អំពី​ឆន្ទៈ​របស់​លោក​នៅ​ក្នុង​ការ​បង្កើន​ឲ្យ​បាន​ខ្លាំងក្លា​នូវ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​រាយការណ៍​ទៀត​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី «ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​លើ​ឧបទ្វីប​កូរ៉េ» ហើយ​ភាគី​ទាំង​ពីរ «បាន​ឯកភាព​គ្នា​ដ៏​គួរ​ជាទី​ពេញចិត្ត»។

លោក Moon Jae In ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ឲ្យ​បន្ធូរបន្ថយ​នូវ​ការ​ដាក់​កំហិត​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG