ការឯកភាពរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងការចូលរួមចរចាជាមួយនឹងសហរដ្ឋអាមេរិកអាចជាការបំបែកភាពជាប់គាំងផ្នែកការទូតមួយដើម្បីឈានទៅដល់ការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីមួយចំពោះវិបត្តិនុយក្លេអ៊ែរ ឬអាចជាឧបាយកលមួយដើម្បីបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ឬក៏អាចទាំងពីរក៏ថាបាន។
ឆន្ទៈរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងការចូលរួមចរចាជាមួយនឹងសហរដ្ឋអាមេរិកដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការសន្យារបស់លោកចំពោះការផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល នៅពេលដែលកំពុងដំណើរការចរចា ត្រូវបានរាយការណ៍ដោយលោក Chung Eui-Yong ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បន្ទាប់ពីលោកបានជួបជាមួយនឹងលោក Kim Jong Un នៅក្នុងទីក្រុងព្យុងយ៉ាងរួចមក។
រដ្ឋាភិបាលកូរ៉េខាងជើងមិនទាន់បានបញ្ជាក់អះអាងអំពីការលើកឡើងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងអំពីលទ្ធភាពនៃការបំបែកភាពជាប់គាំងផ្នែកការទូតនេះនៅឡើយទេ។
ប៉ុន្តែ សារព័ត៌មាន Rodong Sinmun ដែលជាសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានផ្សាយអត្ថបទច្បាស់លាស់ដែលផ្ទុយពីនេះមួយ ដែលបញ្ជាក់ពីហេតុផលត្រឹមត្រូវរបស់ខ្លួនដែលថា ការទប់ទល់គំរាមកំហែងដោយនុយក្លេអ៊ែរគឺជាការចាំបាច់ដើម្បីការពារ «ប្រឆាំងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក» និងបានបញ្ជាក់ថា រឿងនេះនឹងមិនបើកឲ្យមានការពិភាក្សាតវ៉ានោះទេ។
ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានជំទាស់ទៅនឹងជំហរមិនសម្របសម្រួលរបស់សារព័ត៌មាននេះ និងបានបញ្ជាក់ថា ជំហររបស់រដ្ឋាភិបាលកូរ៉េខាងជើង ដូចដែលបានបញ្ជាក់ប្រាប់គណៈប្រតិភូពិសេសរបស់កូរ៉េខាងត្បូង គឺបើកចំហឲ្យមានការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្រោមលក្ខខណ្ឌត្រឹមត្រូវ៕