រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យពួកទាហានតាំងទីនៅឯព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិចស៊ិក ធ្វើសកម្មភាពខ្លះខាងការពង្រឹងច្បាប់ ហើយបើចាំបាច់ពួកគេអាចប្រើកម្លាំងដែលបណ្តាលឱ្យមានមនុស្សស្លាប់បាន។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Jim Mattis បានបញ្ជាក់ប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃពុធថា លោកបានទទួលបទបញ្ជាគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក John Kelly នាយខុទ្ទកាល័យសេតវិមាន ហើយមិនមែនដោយប្រធានាធិបតី ដូណាល់ ត្រាំ ទេ ដែលបានធ្វើឱ្យសេចក្តីណែនាំខាងកិច្ចប្រតិបត្តិការមានការរឹតត្បិតតិចជាងមុន។
លោក Mattis បានមានប្រសាសន៍ថា៖ «លោកប្រធានាធិបតីបានឃើញសេចក្តីត្រូវការជួយបង្កើនកម្លាំងក្រុមអ្នកយាមល្បាតព្រំដែនហើយកាលពីយប់មិញយើងបានទទួលបញ្ជាបន្ថែមទៀតអនុញ្ញាតឱ្យយើងអនុវត្តវិធានការបន្ថែមទៀត។ យើងនឹងបង្កើនវិធានការទាំងនេះ។ យើងបាននិយាយអំពីវិធានការទាំងនេះជាមួយពួកបុគ្គលិកនៃក្រសួងសន្តិសុខមាតុភូមិរួចហើយ»។
លោក Mattis បាននិយាយបន្ថែមថា លោកនឹងមិនធ្វើសកម្មភាពអ្វីទេប្រសិនបើលោកមិនបានឮពីក្រសួងសន្តិសុខមាតុភូមិទេនោះ។
លោក Mattis បានមានប្រសាសន៍ថា៖ «លោកស្រីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបានសុំឱ្យខ្ញុំរៀបចំគម្រោងការ។ នៅពេលនេះខ្ញុំមានអំណាចធ្វើសកម្មភាពបានច្រើនជាងមុន។ នៅពេលនេះយើងនឹងឃើញអំពីអ្វីដែលលោកស្រីសុំឱ្យខ្ញុំធ្វើ»។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃពុធថា ឯកសារផ្ទៃក្នុងមួយរបស់ក្រសួងសន្តិសុខមាតុភូមិបានចែងថា ពួកឆ្មាំព្រំដែនស.រ.អា.ប្រឈមនឹងអំពើហិង្សា«តិចតួច»ក្នុងការជួបប្រទះពួកជនចំណាកស្រុកមកពីផ្នែកកណ្តាលនៃទ្វីបអាមេរិក៕