ការផ្អាកសិទ្ធិសុំជ្រកកោនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងព្យាយាមចូលក្នុងសហរដ្ឋអាមេរិកបានចូលជាធរមានកាលពីថ្ងៃសៅរ៍ ក៏ប៉ុន្តែ ជនចំណាកស្រុកមកពីតំបន់អាមេរិកកណ្តាលប្រហែល៤ពាន់នាក់នៅតែបន្តមានះ ដោយបន្តដំណើរថ្មើជើងរបស់ខ្លួនឆ្ពោះមកកាន់ព្រំដែនសហរដ្ឋអាមេរិក។
ប្រធានាធិបតីត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រដើម្បីរឹតបន្តឹងព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិចស៊ិច ដោយនិយាយថាការចូលដោយខុសច្បាប់របស់ជនអន្តោប្រវេសន៍នៅព្រំដែនភាគខាងត្បូងជាការគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងនោះក៏ដោយ ជនអន្តោប្រវេសន៍ជិត៤ពាន់នាក់មកពីតំបន់អាមេរិកកណ្តាល បានចាកចេញពីពហុកីឡាដ្ឋានមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុង Mexico City កាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីធ្វើដំណើរប្រកបដោយគ្រោះថ្នាក់បំផុតនិងយ៉ាងឆ្ងាយបំផុត។ ហ្វូងមនុស្សនោះធ្វើដំណើរតាមជនចំណាកស្រុកប្រហែល៩០០នាក់ដែលបានចាកចេញពីទីក្រុង Mexico City កាលពីថ្ងៃសុក្រ។
គណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសម៉ិចស៊ិច បានប្រាប់ឲ្យដឹងថា ជនចំណាកស្រុកមានគម្រោងធ្វើដំណើរទៅកាន់ទិសពាយព្យ កាត់តាមទីក្រុងនានារបស់ប្រទេសម៉ិចស៊ិច រហូតទាល់តែពួកគេទៅដល់ទីក្រុង Tijuana នៅភាគខាងត្បូងនៃព្រំដែនរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក៕