ការស្លាប់របស់លោក រីឆាដ គិរី គីម (Richard Kiri Kim) ជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅកម្ពុជា គឺជាហេតុផលជំងឺកូវីដ១៩ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ។ ប៉ុន្តែរដ្ឋាភិបាលនៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះចលនានានាដែលមានបំណងប៉ុនប៉ងផ្តួលរដ្ឋាភិបាលទីក្រុងភ្នំពេញ។ នេះជាការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន។
អតីតមេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជាគឺលោក រីឆាដ គិរី គីមអាយុ៧២ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០០១ក្នុងប្រទេសកម្ពុជា បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្នុងពន្ធនាគារ ដោយសារជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់វីអូអេកាលពីថ្ងៃអាទិត្យថាលោក រីឆាដ គិរី គីម ស្ថិតក្នុងចំណោមជនរងគ្រោះដោយសារជំងឺកូវីដ១៩ ខណៈលោកជាអ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងបានជាប់ឃុំក្នុងពន្ធនាគារកម្ពុជា ក្រោយបង្កើតចលនាផ្តួលរំលំមួយមិនបានសម្រេច។
លោកបន្តថារដ្ឋាភិបាលបច្ចុប្បន្ន មិនមានក្តីបារម្ភចំពោះចលនាយោធាដែលអាចកើតមាននៅពេលអនាគតនោះទេតែការប្រុងប្រយ័ត្នចំពោះចលនានេះ នៅតែមានជានិច្ចក្នុងពេលគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងប្រទេស។
លោក សុខ ឥសាន បញ្ជាក់ថា៖ «យើងមិនមានការព្រួយបារម្ភទេប៉ុន្តែការប្រុងប្រយ័ត្នតែងតែមានអាហ្នឹងពាក្យចាស់យើងថាគឺថាប្រុងប្រយ័ត្នអាហ្នឹងវាការល្អ។ បើយើងនិយាយពាក្យសាមញ្ញទៅគឺថាការការពារវាល្អជាងប្រសើរជាងព្យាបាលមិនឲ្យជំងឺនេះវាកើតឡើងបានទេ។ បើនិយាយពាក្យសាមញ្ញឲ្យស្រួលស្តាប់ទៀតយើងមិនអាចបណ្តែតបណ្តោយឲ្យរងើកភ្លើងមួយដុំ ពីរដុំតូចឬកន្ទុយបារីដែលឆេះហ្នឹងអាចបង្កើតបានជាអគ្គិភ័យបានទេ។ វាត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ចដើម្បីទប់ស្កាត់កុំឲ្យវាមានករណីអវិជ្ជមានហ្នឹងកើតឡើង»។
លោក រីឆាដ គិរី គីម ជាពលរដ្ឋខ្មែរអាមេរិកាំងដែលនៅរដ្ឋOregonកំពុងជាប់ទោសអស់មួយជីវិតនៅពន្ធនាគារព្រៃសក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីចុងឆ្នាំ២០០០។
ចលនាកងទ័ពសេរីជាតិកម្ពុជាឬ Cambodia Freedom Fighters (CFF) ដែលលោក រីឆាដ គិរី គីម ដឹកនាំជាមួយលោក ឈុន យ៉ាសិទ្ធដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀតបានបើកការប្រយុទ្ធនៅពេលព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០០០ នៅរាជធានីភ្នំពេញដោយសំដៅលើទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិនិងអង្គភាពអង្គរក្ស«ង៧០»។
ទីភ្នាក់ងារសារព័ត៌មានAP បានរាយការណ៍ថាការវាយប្រហារនោះ បានបណ្តាលឲ្យមនុស្សស្លាប់៧នាក់ក្នុងនោះ៦នាក់ជាអ្នកវាយប្រហារនិង១នាក់ជាជនស៊ីវិលនិងរងរបួសយ៉ាងហោចណាស់១២នាក់។
អាជ្ញាធរកម្ពុជាបានបង្ក្រាបភ្លាមៗនិងចាប់ខ្លួនអ្នកវាយប្រហារបានជាច្រើននាក់នៅពេលយប់នោះ។លោក រីឆាដ គិរី គីមត្រូវបានអាជ្ញាធរចាប់ខ្លួននៅខេត្តសៀមរាបក្នុងពេលត្រៀមឡើងយន្តហោះទៅប្រទេសថៃ។
តុលាការកម្ពុជាបានចោទប្រកាន់មនុស្សចំនួន៣២នាក់ពីបទភេរវកម្ម ចារកម្ម ពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធនិងចូលរួមពាក់ព័ន្ធក្នុងការវាយប្រហារនោះ។ នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០០១ តុលាការរាជធានីភ្នំពេញបានកាត់ទោសលោក រីឆាដ គិរី គីមនិងមេដឹកនាំ៤នាក់ទៀត ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ មនុស្សចំនួន២៥នាក់ទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី៣ឆ្នាំដល់២០ឆ្នាំនិង២នាក់ទៀតត្រូវបានទម្លាក់ចោលការចោទប្រកាន់។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថានៅពេលជាប់ពន្ធនាគារលោក រីឆាដ គិរី គីមមានឥរិយាបថទន់ភ្លន់និងតែងតែអប់រំអ្នកស្ថិតក្នុងពន្ធនាគារឲ្យសាងសេចក្តីល្អ។
លោកថ្លែងថា៖ «ខ្ញុំសូមជម្រាបអីចេះលោក រីឆាដ កាលគាត់មិនទាន់ស្លាប់គាត់នៅរស់គាត់មានទំនាក់ទំនងល្អជាមួយមន្ត្រីយើងណាស់។ និយាយទៅទាំងប្រធានមណ្ឌលទាំងមន្ត្រីយើងមានការស្រឡាញ់ចូលចិត្តគាត់ដោយសារគាត់ជាមនុស្សស្លូតបូតហើយគាត់ចាស់ទុំ។ គាត់តែងតែជួយប្រដៅក្មេងៗនៅហ្នឹងជំនួសយើង។ អីចឹងយើងយកចិត្តទុកដាក់ជាមួយគាត់ណាស់តាមពិតទៅហើយមុននឹងគាត់ស្លាប់ហ្នឹងក៏និយាយទៅយើងព្យាបាលខ្លាំងណាស់ដែរព្យាយាមជួយសង្គ្រោះគាត់ហ្នឹងហើយដល់ពេលគាត់មានសភាពធ្ងន់ធ្ងរហ្នឹង ក៏យើងបញ្ជូនគាត់ទៅពេទ្យរុស្សីទៅពេទ្យខ្មែរសូវៀតហ្នឹង»។
កូនស្រីបង្កើតលោក រីឆាដ គិរី គីម គឺអ្នកស្រី គីម សេរីលក្ខិណាសុំមិនផ្តល់ការអធិប្បាយជុំវិញការស្លាប់របស់ឪពុក ក្នុងពេលកំពុងកាន់ទុក្ខហើយថាក្រុមគ្រួសារកំពុងរង់ចាំទទួលធាតុរបស់រីឆាដគិរី គីមដែលទទួលបានការរៀបចំបូជាដោយក្រុមបុគ្គលិកសុខាភិបាល។
នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាតបង្ហាញការបារម្ភចំពោះសុវត្ថិភាពនៃសុខភាពអ្នកជាប់ក្នុងពន្ធនាគារក្រោយការស្លាប់លោក រីឆាដគិរី គីម។
បើតាមលោក អំ សំអាតរដ្ឋាភិបាល គួរពិចារណាដោះលែងអ្នកជាប់ឃុំដោយមានលក្ខខណ្ឌចំពោះអ្នកជាប់ឃុំរូបណាដែលរងការចោទប្រកាន់ស្រាលៗ ឬអ្នកដែលជិតរួចពីការអនុវត្តទោសក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
លោកបញ្ជាក់ថា៖ «សុំឲ្យមានការដោះលែងដោយមានលក្ខខណ្ឌចំពោះអ្នកជាប់ឃុំមួយចំនួនដូចជាអ្នកជាប់ឃុំបណ្តោះអាសន្នអ្នកដែលជិតរួចផុតទោសជាដើម ហើយនិងជំរុញនីតិវិធីក្នុងការជំនុំជម្រះរឿងក្តីឲ្យបានឆាប់ ពីព្រោះអាចនឹងជួយដោះស្រាយភាពចង្អៀតណែននៃពន្ធនាគារព្រោះភាពចង្អៀតណែននេះវាជាហានិភ័យខ្ពស់ណាស់សម្រាប់ការរីករាលដាលនៃកូវីដ១៩នៅតាមពន្ធនាគារហ្នឹង»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបដិសេធមិនផ្តល់ការអធិប្បាយចំពោះការស្លាប់លោក រីឆាដ គិរី គីម។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យOccidentalទីក្រុង Los Angeles នៅសហរដ្ឋអាមេរិក ប្រាប់វីអូអេក្នុងសារអ៊ីមែលមួយថាក្រុមចលនាកងទ័ពសេរីជាតិកម្ពុជាបានចាត់ទុកក្រុមចលនារបស់លោក រីឆាត ជាអ្នកប្រយុទ្ធដើម្បីសេរីភាព នៅពេលអាជ្ញាធរមើលឃើញពួកគេថាជាក្រុមភេរវករ។
លោកបន្ថែមថា ការវាយប្រហារយោធាណាមួយ ដើម្បីដណ្តើមអំណាច មិនគួរស្ថិតក្នុងជម្រើសរបស់ក្រុមអ្នកនយោបាយខ្មែរ បន្ទាប់ពីកម្ពុជាបានឃើញភ្លើងសង្គ្រាមកាលពីអតីតកាល។
លោកអធិប្បាយថា៖ «កម្ពុជាបានឃើញការបង្ហូរឈាមច្រើនមកហើយហើយសង្គ្រាមក៏មានច្រើនណាស់ដែរ។ យើងមិនត្រូវវិលត្រឡប់ទៅរកសង្គ្រាមវិញទេដូច្នេះយើងមិនត្រូវបង្ក្រាបប្រជាជនទៀតទេ។ការបង្ក្រាបប្រជាជននាំទៅរកសង្គ្រាមហើយការបង្ក្រាបប្រជាជនគឺជាអ្វីដែលកំពុងកើតឡើងនៅកម្ពុជាសព្វថ្ងៃនេះ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជាលោក ឯម សុវណ្ណារ៉ាប្រាប់វីអូអេថាការបង្ក្រាបចលនា CFF របស់លោក រីឆាត ជាមេរៀនមួយរបស់អ្នកនយោបាយខ្មែរដែលត្រូវយកមកពិចារណាថាតើការប្រើយន្តការយោធាមកដណ្តើមអំណាចអាចទទួលការគាំទ្រពីមហាជនឬក៏ត្រូវមហាជនឆ្លើយតបមកវិញជាមួយចលនាប្រឆាំងតវ៉ាដូចអ្វីដែលបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ដែលក្រុមយោធាបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលឈ្នះឆ្នោត ហើយប្រជាជនចេញមកប្រឆាំងនឹងការដណ្តើមអំណាចនេះ។
លោកថ្លែងថា៖ «បើយើងនិយាយអំពីចលនានៃនៃការបង្ក្រាបCFFនេះចលនាសេរីមួយដែលដណ្តើមអំណាចនេះវាមិនបង្រៀនតែមហាជនទេវាបង្រៀនអ្នកកាន់អំណាចដែរ។ កាលណាប្រាសចាកនឹងគោលការណ៍ច្បាប់ក៏ពិបាកដែរបានន័យថាមហាជនអត់គាំទ្រដដែលទេបានន័យថា ឧទាហរណ៍ថាមានយន្តការណាមួយដូចនៅភូមាអីចឹងចុះពេលដែលបោះឆ្នោតចាញ់ហើយដណ្តើមអំណាចហ្នឹងគឺចលនាភូមាឃើញពលរដ្ឋភូមាមិនគាំទ្រដូចគ្នាទេ។ គ្រាន់តែពលរដ្ឋកម្ពុជាពុំមានចិត្តរួបរួមគ្នាហ្នឹងពុំមានចិត្តរួបរួមគ្នានិងក្លាហានដូចពលរដ្ឋភូមាទេខ្ញុំចាប់អារម្មណ៍»។
បើតាមលោក ឯម សុវណ្ណារ៉ា ការស្លាប់លោករីឆាដ គិរី គីមបានបន្សល់ទុកមន្ទិលពាក់ព័ន្ធនឹងប្រភពនៃអ្នកដែលផ្តួចផ្តើមឲ្យមានចលនា CFF នេះព្រោះសាធារណជនទូទៅមិនទាន់ដឹងនៅឡើយថាក្រុមចលនា CFF ពិតជាអង្គការចាត់តាំងយោធាច្បាស់លាស់មួយឬក៏គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ដោយក្រុមណាមួយនោះ។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសានព្រមានថាអ្នកដែលចង់ឡើងកាន់អំណាចជំនួសគណបក្សប្រជាជនកម្ពុជាត្រូវតែគោរពទៅច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបញ្ជាក់ថា៖ «ស្ថិតនៅក្នុងបរិបទនៃប្រជាធិបតេយ្យសេរីវាចៀសមិនរួចអំពីមានក្រុមប្រឆាំងមានគណបក្សប្រឆាំងឬគណបក្សប្រកួតប្រជែងទេតែប្រកួតប្រជែងត្រូវឲ្យស្របទៅតាមច្បាប់ គោលការណ៍រដ្ឋធម្មនុញ្ញដែលមានចែងជាធរមាន។ក៏ប៉ុន្តែនៅក្នុងនេះ យើងយល់ថាទោះបីថាអតីតបក្សប្រឆាំងត្រូវបានរំលាយចោលជាស្ថាពរហើយក៏ពិតមែនក៏ប៉ុន្តែវានៅព្រលឹងខ្លះដែលមានមេខ្លោងដូចជាទណ្ឌិត សម រង្ស៊ីកំពុងរត់គេចខ្លួននៅក្រៅប្រទេសហ្នឹង មិនទាន់អស់ចិត្តក្នុងការដែលប្រឆាំងនឹងរាជរដ្ឋាភិបាល។ អាហ្នឹងក្នុងគំនិតមួយបើថាអញមិនបានកាន់អំណាចឯងនេះក៏មិនអាចកាន់អំណាចបានស្រួលដែរ។ អីចឹងទេ បានជារាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិភាពស្ថិរភាពនិងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋមិនឲ្យមហិច្ឆតារបស់កម្លាំងនយោបាយណាប្រឆាំងហ្នឹងអាចធ្វើអ្វីតាមអំពើចិត្តដែលល្មើសច្បាប់នឹងល្មើសរដ្ឋធម្មនុញ្ញបានជាដាច់ខាត»។
ការស្លាប់លោករីឆាដ គិរី គីមគឺជាករណីទីពីរនៃការស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ។ កន្លងមក មានករណីស្លាប់ស្ត្រីម្នាក់ដោយសារជំងឺកូវីដ១៩នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែងថាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារទូទាំងប្រទេស មានប្រមាណ២០%នៃអ្នកជាប់ឃុំទាំងអស់សរុបប្រមាណ៤ម៉ឺននាក់។ ប៉ុន្តែលោកថាវាស្ថិតក្នុងភាពអាចគ្រប់គ្រងបាននៅឡើយ៕