ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​បារម្ភ​សុខភាព​ស្វាមី​ជាប់​ពន្ធនាគារ ខណៈ​អ្នក​ខ្លះ​ឆ្លង​ជំងឺ​កូវីដ​១៩


រូប​ឯកសារ៖ ក្រុមអ្នកតវ៉ា​លើក​បដានៅ​មុខ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០ ស្នើឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួកគេ​ ដែល​ជា​​អតីត​មន្ត្រី​គណបក្សប្រឆាំង​​។ (ហ៊ុល រស្មី​/វីអូអ)

ក្រុម​គ្រួសាររបស់​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​សុខ​ភាព​ស្វាមី​របស់​ពួក​គេ ខណៈ​មាន​សេចក្តី​រាយការណ៍​ថា​សកម្មជន​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនា​គារ។ ពួក​គេ​ក៏​ជំរុញ​ឲ្យដោះ​លែង​ស្វាមី​របស់​ពួក​គេ​និង​សកម្មជន​នយោបាយ​ទាំង​អស់​ឲ្យ​បាន​ឆាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​កំពុង​ឆ្លង​រាល​ដាលក្នុង​ពន្ធនា​គារ។

អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្តកំពង់ឆ្នាំង លោក កែវ ថៃ អាយុ​៥៨​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា​ ឆ្នាំ២០២០ នៅ​ផ្ទះ​របស់​លោក​ក្នុង​ឃុំ​ពពេល​ស្រុក​បរិបូរណ៍ ​ខេត្ត​កំពង់ឆ្នាំង ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​«រួម​គំនិត​ក្បត់» និង​បទ​ញុះញង់​ផ្សេងៗ។

អ្នកស្រី សំ ចិន្តា អាយុ​៥៧​ឆ្នាំ ជា​ភរិយា​របស់​លោក កែវ​ ថៃ ប្រាប់​VOAនៅ​ថ្ងៃ​ច័ន្ទ​ថា​អ្នក​ស្រី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​ស្វាមី ដោយសារ​មិន​ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខជាង​៣​ខែ​មក​ហើយ ក្នុង​ពេល​កម្ពុជា​កំពុង​ប្រឈម​ឆ្លង​ជំងឺ​កូវីដ​១៩​យ៉ាង​ខ្លាំង។

អ្នក​ស្រី​នៅ​តែ​យល់​ថា​ស្វាមី​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ និងចង់​ឲ្យ​តុលា​ការ​ដោះលែង​ស្វាមី និង​អ្នក​ទោស​នយោ​បាយ​ប្រមាណ​២០​នាក់​ផ្សេង​ទៀត​ឲ្យ​មាន​សេរី​ភាព ខណៈ​ស្វាមី​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។

អ្នកស្រី​បន្ថែម​ថា​ក្រុម​គ្រួសារ​ក៏​មិន​អាច​ទាក់ទង​សួរ​សុខ​ទុក្ខ​លោក កែវ ថៃ តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​នោះ​ទេ។

អ្នក​ស្រី​ថ្លែង​ថា៖ «សុំ​ឲ្យ​តុលាការ​ដោះលែងគាត់​ឲ្យ​មក​នៅ​ក្រៅ​ឃុំ​មក។ គាត់​អត់​មាន​រត់​ទៅ​ណា​ទេ ចង់​ថ្ងៃ​ណា​កាត់​ទោស ឬ​ធ្វើ​អ្វីៗ ហៅ​គាត់​ទៅ​វិញ​ចុះ ហើយ​ពន្ធនាគារ​ឲ្យ​សំឡេង​ចេញ​តាម​ទូរស័ព្ទ​ហ្នឹងមក​ខាង​ក្រៅ​ផង។ ក្រុម​គ្រួសារ​នេះ គឺ​ពិបាក​វេទនា​ដើម្បី​គិត​ទៅ​ដល់​គាត់​តើ​សុខភាព​របស់​គាត់​យ៉ាង​ម៉េច​នៅ​ក្នុង​ពន្ធ​នាគារ។ អ្នក​ទោស​នយោ​បាយ​ទាំង​អស់​ហ្នឹង មិន​ដឹង​យ៉ាង​ម៉េច»។

បន្ទាប់​ពី​ស្វាមី​ដែល​ជា​អតីត​គ្រូ​បង្រៀន​ម្នាក់​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ អ្នកស្រី​អះអាង​ថា​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​គ្រួសារដែល​មាន​កូន​៤​នាក់ បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ដោយសារ​ត្រូវ​ចំណាយ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

អ្នកស្រី​បន្ថែម​ថា៖ «ស្ថាន​ភាព​គ្រួសារ​នៅ​ពេល​នេះ គឺ​ដុន​ដាប​យ៉ាង​ខ្លាំង​ពីព្រោះ​ដោយ​សារ​អ្វី​អត់​[ទាន់]​រក​ទោស​គាត់​ខុស​ផង ចាប់​គាត់​ដាក់​គុក​ហើយ​ផ្អាក​ប្រាក់​ខែ​[គ្រូ​បង្រៀន] អត់​មាន​បាន​អ្វី​ទាំង​អស់​អញ្ចឹង​យើង​ដឹង​ហើយ​ថា​មាន​អ្វី​ឲ្យ​គាត់​ចាយ។ ណាមួយ​នៅ​ក្នុង​គ្រួសារ​នេះ មាន​ជំងឺ​ផង។ អញ្ចឹង​បើ​ការ​ធ្វើ​ដំណើរ​ឲ្យ​លុយ​គាត់​ក្នុង​មួយ​ខែ​មួយ​ខែ អញ្ចឹង​អ្នក​ឯនេះ​មាន​អ្វី​ចាយ បើ​អា​ល័យ​តែ​ទៅ​ខាង​នេះ​ផង​ទៅ​ខាង​នោះ​ផង​អញ្ចឹង​ក្រុម​គ្រួសារ​ខ្ញុំ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង។ ណា​កូន​មាន​បញ្ហា​គេ​វាយ​ទៀត។ អញ្ចឹង​វា​រឹត​តែ​ផ្ទួន​ទៅ​ៗ អញ្ចឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វេទនា​មែន​ទែន​រាល់​ថ្ងៃ​នេះ»។

ចំណែក លោក ស៊ុន ធន់ ដែល​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២០។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ«រួម​គំនិត​ក្បត់​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​និង​ញុះញង់​ឲ្យ​យោធា​មិន​ស្តាប់​បង្គាប់»​ដែល​ត្រូវ​បាន​កំពុងឃុំ​ខ្លួន​នៅ​ភ្នំពេញ ដោយ​សារ​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ​ជា​អ្នក​បើក​ការ​ស៊ើប​សួរ។

ភរិយា​របស់​លោក ស៊ុន ធន់ គឺ​អ្នក​ស្រី សេង ចាន់​ថន អាយុ​៤៩​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​តុលាការ​ឃុំ​ខ្លួន​ស្វាមីច្រើន​ខែ​មក​ហើយ ដោយ​មិន​ទាន់​កាត់​ទោស​នៅ​ឡើយ។ ដូច្នេះ​អ្នកស្រី​ស្នើ​ឲ្យ​ដោះ​លែង​ស្វាមី​ឲ្យ​មានសេរីភាព ខណៈ​អ្នកស្រីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​ស្វាមី​ក្នុង​ពន្ធនាគារ។

អ្នកស្រី​រៀប​រាប់​ថា៖ «គាត់​អត់​ទាន់​មាន​ទោស​សោះ​គួរ​ណា​តែ​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំពេល​ដែល​ត្រូវ​ឡើង​សវនា​ការ​ហៅ​គាត់​ទៅ។ គាត់​មិន​រត់​ទៅ​ណា​ទេ​គឺ​ថ្ងៃ​ឡើង​សវនាការ​គាត់​ត្រូវ​តែ​ទៅ​គាត់​មិន​គេច​ទេ។ អញ្ចឹង​ខាង​តុលាការគួរ​គិត​ដល់​ចំណុច​ហ្នឹង​ផង​គួរ​ដោះ​លែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ សម័យ​កូវីដ​នេះ ពី​ព្រោះ​យើង​ព្រួយ​បារម្ភ​ពី​គាត់។ ហើយ​អ្នក​ទោស​ផ្សេងៗ​អ្ហា​ដូច​ជា​គ្រឿង​ញៀន​ដូចជា​សម្លាប់​មនុស្ស​អី ហេតុ​អ្វី​តុលាការ​ឲ្យ​គាត់​នៅ​ខាង​ក្រៅ​បាន​ដោះ​លែង​គាត់​បាន ចុះ​ពួក​[ក្រុម]​ស្វាមី​របស់​ខ្ញុំ អត់​មាន​កំហុស​អ្វី​សោះ​យក​ទៅ​ដាក់​អញ្ចឹង​ហើយ​មិន​ទាន់​មាន​កាត់​ថា​ត្រូវ​ជាប់​ប៉ុន្មាន​ឆ្នាំ​ផង យក​គាត់​ទៅ​ដាក់​ចោល​អញ្ចឹង វា​អត់​ត្រូវ​សោះ​តែ​ម្តង»។

អ្នកស្រី សេង ចាន់ថន ឲ្យ​ដឹង​ទៀត​ថាអ្នក​ស្រីនៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដោយ​សារ​តែ​ស្វាមី​របស់​អ្នកស្រី លោក ស៊ុន ធន់ អាយុ​៥៦​ឆ្នាំ កំពុង​មាន​ជំងឺ​តម្រង​នោម ឈឺ​ឆ្អឹង និង​រមាស់​ពេញ​ខ្លួន​ជា​ដើម។

អ្នក​នាំពាក្យអគ្គ​នាយកដ្ឋានពន្ធនាគារនៃក្រសួង​មហាផ្ទៃ លោក នុត សវនា​ ថ្លែង​ថាបច្ចុប្បន្ន​នេះ ករណី​ឆ្លង​ជំងឺកូវីដ​១៩​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស មាន​ប្រមាណ​២០%​នៃ​អ្នក​ជាប់​ឃុំ​ទាំង​អស់​ប្រមាណ​៤​ម៉ឺន​នាក់។ ប៉ុន្តែលោក​ថា​វាស្ថិត​ក្នុង​ភាព​អាច​គ្រប់​គ្រង​បាន​នៅ​ឡើយ។

លោក​ឲ្យ​ដឹង​ថា​លោក កែវ ថៃ និង​សកម្មជន​មួយ​ចំនួន​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ថា​ស្ថានភាព​សុខ​ភាព​របស់​ពួកគេ​បាន​ធូរ​ស្បើយ​ហើយ។

លោក​ថ្លែង​ថា៖ «គាត់​[កែវ ថៃ]​ដូច​ជា​មាន​ឆ្លង​មេ​រោគ​កូវីដ ប៉ុន្តែ​ឥឡូវ​គាត់​ជា​វិញ​ហើយ។ អ្នក​ដែល​ជាពួក​សកម្ម​ជន​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ញុះ​ញង់​ហ្នឹង ឥឡូវ​ជា​ទាំងអស់​ហើយ​យើង​តេស្ត...យើង​ធ្វើ​Rapid test លើ​ពួក​គាត់​ហើយ​លទ្ធ​ផល​ចេញ​មក​អវិជ្ជមាន​ទាំង​អស់»។

លោក នុត សវនា មិន​ទាន់អាច​បញ្ជាក់​ថា​ពេល​ណា​ទើប​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សាច់​ញាតិរបស់​អ្នក​ជាប់​ឃុំ​អាច​មក​សួរ​សុខ​ទុក្ខ​បាន​ដូច​ធម្មតា​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នោះ​បញ្ជាក់​ថា​ការ​ទាក់​ទងតាម​រយៈ​ទូរស័ព្ទ​ដៃ​ទៅ​ខាង​ពន្ធនាគារ មាន​ភាព​រអាក់​រអួល ដោយ​សារ​មាន​ភ្លៀងផ្គរ​បណ្តាល​ឲ្យ​ប្រព័ន្ធ​ទូរស័ព្ទ​មាន​បញ្ហា​ហើយ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​កំពុង​ដំណើរ​ការ​ស្នើ​សុំ​ដោះ​ដូរ​ប្រព័ន្ធទូរស័ព្ទឡើង​វិញ។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​មន្ត្រី​គណ​បក្ស​សង្គ្រោះជាតិ ដូច​ជា​លោក កែវ ថៃ និង​លោក ស៊ុន ធន់ បាន​ឲ្យ​ដឹង​ថា​ការ​ឃុំ​ខ្លួន​សកម្មជន គឺ​មក​ដល់​ពេល​នេះ ពួក​គាត់​លែង​ស្ថិត​ក្នុង​អំណាច​ឃុំ​ខ្លួន​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​ហើយ​គឺ​សកម្ម​ជន​ទាំង​នោះ​ស្ថិត​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ​ក្តី។

លោក​ក៏​បាន​ជំរុញ​ឲ្យ​តុលាការរៀប​ចំ​ដំណើរ​ការកាត់​ក្តីលើ​ពួកគេ​ឲ្យ​បាន​ឆាប់ ខណៈ​ពួកគេ​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

លោក​ថ្លែង​ថា៖ «មើល​ក្នុង​ច្បាប់​អន្តរជាតិ​ទាក់​ទង​នឹង​កតិកា​សញ្ញា​ស្តី​ពី​សិទ្ធិ​ពលរដ្ឋនិង​នយោបាយ​ហ្នឹង គឺ​បាន​និយាយពី​គោល​ការណ៍​នៃ​សវនាការ​ជន​ជាប់​ចោទ​ត្រូវ​បាន​ទទួល​សវនាការ​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​និង​មិន​ឲ្យ​មាន​បង្អង់​យូរ។ អញ្ចឹង​ជា​សិទ្ធិជន​ជាប់​ចោទ​តុលា​ការត្រូ​វតែ​រៀប​ចំ​ដំណើរ​ការ​ឲ្យ​បាន​ឆាប់​ដើម្បី​ធានា​នូវ​រដ្ឋ​ធម្ម​នុញ្ញ ក៏​ដូច​ជា​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ»។

បើ​តាម​លោក សំ សុគង់ សកម្មជន​បក្ស​ប្រឆាំង​ជាង​២០​នាក់ កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ក្តី៕​

XS
SM
MD
LG