ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ប្រទេស​ណា​ជួយ​ឲ្យ​ឈ្នះ​សង្គ្រាម​លោក​លើក​ទី២?


បុរស​ម្នាក់​ឈរ​ថតរូប​ជាមួយ​នឹង​ទង់ជាតិ​ក្រហម​នៅ​ពី​មុខ​ទីលាន​ក្រហម​ដែល​ត្រូវ​បាន​គេ​បិទ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​ជ័យជម្នះ​លើ​ក្រុម​ណាហ្ស៊ី​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

នរណា​ជា​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ផ្តួល​ពួក​ណាហ្ស៊ី​នៅ​តំបន់​អឺរ៉ុប នៅ​តែ​ជា​សំណួរ​មួយ ទោះ​ជា​មាន​ការ​លុបចោល​ពិធី​រំឭក​ខួប​ និង​មាន​ការ​រាតត្បាត​ជំងឺ​ជា​សាកល​ក្តី។

ក្រុម​ប្រវត្តិវិទូ​កំពុង​ធ្វើ​ការ​ជជែក​ដេញដោល​អំពី​តួនាទី​របស់​សហរដ្ឋអាមេរិកក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ណាហ្ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី២។ សហរដ្ឋអាមេរិក​បាន​ជួយ​សម្ព័ន្ធមិត្ត​នៅ​តំបន់​អឺរ៉ុប​ខាងលិច​ហើយ​បាន​ផ្តល់​រថយន្ត គ្រឿង​សព្វាវុធ និង​ម្ហូបអាហារ​ដែល​តម្លៃ​រាប់ពាន់លាន​ដុល្លារ​ដល់​សហភាព​សូវៀត​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២​នោះ។

ប្រទេស​រុស្ស៊ី​បាន​ប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២​នៅ​ក្នុង​ទ្វីបអឺរ៉ុប​កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន មួយ​ថ្ងៃ​ក្រោយ​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ណាហ្ស៊ី​អាល្លឺម៉ង់។

កាំជ្រួច​ផ្ទុះ​នៅ​លើ​សាកលវិទ្យាល័យ​រដ្ឋ​មូស្គុ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​ជ័យជម្នះ​លើ​ក្រុម​ណាហ្ស៊ី​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។
កាំជ្រួច​ផ្ទុះ​នៅ​លើ​សាកលវិទ្យាល័យ​រដ្ឋ​មូស្គុ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​ជ័យជម្នះ​លើ​ក្រុម​ណាហ្ស៊ី​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

នេះ​ជា​ការ​បន្ត​ប្រពៃណី​តាំងពី​សករាជ​នៃ​មេដឹកនាំ​ផ្តាច់ការ​កុំម្មុយនិស្ត​ស្តាលីន ដែល​ជំទាស់​ទៅ​នឹង​ការ​អះអាង​ដែល​ថា ពួក​ណាហ្ស៊ី​បាន​ចុះចាញ់​សម្ព័ន្ធមិត្ត​ប្រទេស​លោក​ខាង​លិច​ដែល​បាន​ចុះ​ហត្ថលេខា​ទីក្រុង Reims នៃ​ប្រទេស​បារាំង​នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥។ ស្តាលីន​ទទូច​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​នៃ​ការ​ចុះចាញ់​មួយ​ទៀត​នៅ​ថ្ងៃបន្ទាប់​នៅ​ក្នុង​រដ្ឋធានី​បែរឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​ ដែល​បាន​ចុះចាញ់​កង​កម្លាំង​សូវៀត។

ព្រឹត្តិការណ៍​នយោបាយ​ និង​ការឃោសនា​ដែល​កើត​ឡើង​ក្រោយ​មក ការ​វាយតម្លៃ​ឡើង​វិញ និង​ការ​ងើប​ឡើង​នៃ​ការ​ពិត​ថ្មី​ក្នុង​សង្គ្រាម និង​ការ​ផ្លាស់ប្តូរ​រសជាតិ​នៃ​វប្បធម៌ និង​តម្រូវការ​ជាបន្ទាន់​របស់​មេដឹកនាំ​នយោបាយ និង​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​ផ្លាស់ប្តូរ​ការ​ចងចាំ​នេះ។

ក្រុម​អ្នក​ប្រវត្តិសាស្រ្ត​និយាយ​ថា ពួកគេ​ក៏​បាន​ផ្លាស់ប្តូរ​ពេលវេលា​ថាតើ​ការ​បញ្ចប់​នៃ​ការ​តស៊ូ​ប្រកប​ដោយ​វិនាសកម្ម​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ​យ៉ាង​ដូចម្តេច និង​ថាតើ​ត្រូវ​ចងចាំ​យ៉ាង​ដូចម្តេច។

ប្រទេស​រុស្ស៊ី​បាន​ប្រារព្ធ​ជ័យជម្នះ​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា «សង្គ្រាម​ស្នេហា​ជាតិ​ដ៏​មហិមា» ជារៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ១៩៤៥​មក ក៏ប៉ុន្តែ​ពិធី​នេះ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ។

ក្បួន​ព្យុះហយាត្រា​ជារឿយៗ​បាន​ធ្វើ​ឡើង​ដោយ​មាន​រថក្រោះ​និង​កាំជ្រួច​មីស៊ីល​លាន់​សូរ​សន្ធឹក​នៅ​ទីលាន​ក្រហម​នៅ​ក្រោម​ក្រសភ្នែក​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​ពួកអគ្គលេខាធិការ​បក្សកុំម្មុយនិស្ត​ដែល​មាន​អាយុ៧០​ឆ្នាំ និង​៨០ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្ងៃ​ជ័យជម្នះ​នេះ​បាន​ក្លាយ​ជា​កិច្ចការ​នៃ​លទ្ធិ​យោធា​និយម​កាន់​តែ​ធំ​ឡើង​ដែល​គ្រឿងអាវុធ​ធន់ធ្ងន់​ជឿនលឿន​បាន​ត្រូវ​បង្ហាញ ហើយ​ស្តាលីន​បាន​ត្រូវ​គេ​លើក​តម្កើន​សរសើរ​ថា ជា​អ្នក​ស្នេហា​ជាតិ​ឡើង​វិញ។

ក៏ប៉ុន្តែ នៅ​ឆ្នាំ​នេះ ដោយ​សារ​វីរុស​កូរ៉ូណា ពិធី​ដ៏​ធំ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ដែល​បាន​គ្រោង​ធ្វើឡើង​សម្រាប់​ទិវា​ជ័យជម្នះ​ខួប​លើក​ទី៧៥ បាន​ត្រូវ​លុបចោល ដូច​នៅ​តំបន់​អឺរ៉ុប​ដែរ។ រដ្ឋាភិបាល​ទាំង​ឡាយនៅ​អឺរ៉ុប​បាន​ផ្អាក​ផែនការ​ក្រុម​តន្រ្តី​វង់ត្រែ និង​ហ្វូង​មនុស្ស ក្បួន​ព្យុះហយាត្រា​កងទ័ព ការ​ប្រគុំ​ភ្លេង និង​ពិធី​នៅ​តាម​ផ្លូវ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​រឿង​មួយ​ដែល​មិន​ដែល​ផ្លាស់ប្តូរ​ទេ។

ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «ទីកន្លែង​នរក៖ សង្គ្រាម​ពិភពលោក ឆ្នាំ១៩៣៩​ដល់​ឆ្នាំ១៩៤៥» លោក Max Hastings អ្នក​ប្រវត្តិសាស្រ្ត​យោធា​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា «បណ្តា​ប្រទេស​ដែល​បាន​ទទួល​ជ័យជម្នះ​ចេញ​ពី​សង្គ្រាម​លោក​លើក​ទី២ មាន​ទំនុកចិត្ត​ក្នុង​ជំនឿ​ជឿជាក់​ថា តួនាទី​ផ្ទាល់​របស់​ខ្លួន​នាំ​ឲ្យ​មាន​ជ័យជម្នះ​នេះ»។

នរណា​ជា​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ផ្តួល​ពួក​ណាហ្ស៊ី​នៅ​តំបន់​អឺរ៉ុប នៅ​តែ​ជា​សំណួរ​មួយ ទោះ​ជា​មាន​ការ​លុបចោល​ពិធី​រំឭក​ខួប​ និង​មាន​ការ​រាតត្បាត​ជំងឺ​ជា​សាកល​ក្តី។

ខណៈដែល​ប្រទេស​ភាគច្រើន​មើលឃើញ​សហរដ្ឋអាមេរិក​ថា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​លើ Adolf Hitler ទិន្នន័យ​នៃ​ការ​ស្ទង់មតិ​ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចក្រភពអង់គ្លេស​មើលឃើញ​ខ្លួន​ឯង​ថា មាន​តួនាទី​ដ៏​ធំបំផុត​នៅ​ក្នុង​សង្គ្រាម​នេះ ថ្វីបើ​ពួកគេ​បាន​ទទួល​ស្គាល់​ថា គេ​មិន​អាច​យក​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​បាន​ទេ បើ​សិន​ជា​គ្មាន​សហភាព​សូវៀត​បង្ហូរ​ឈាម​កងទ័ព Wehrmacht របស់​អាល្លឺម៉ង់​នៅ​សមរភូមិ​ខាង​កើត​នោះ​ទេ។

ផ្ទុយទៅវិញ ពលរដ្ឋ​អាមេរិកាំង អាល្លឺម៉ង់ និង​បារាំង​ជឿ​ថា ការ​ខំប្រឹងប្រែង​ធ្វើ​សង្គ្រាម​ដោយ​សហរដ្ឋអាមេរិក ការ​រួមវិភាគទាន​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​ជ័យជម្នះ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​នេះ​បើ​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយបណ្តាញ​ស្ទង់មតិ YouGov ដែល​មាន​ទី​ស្នាក់​ការ​នៅ​អង់គ្លេស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្ទង់មតិ​នៅ​ពេលថ្មីៗ​នេះ ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បង្ហាញ​ថា ពលរដ្ឋ​រុស្ស៊ី​ជឿ​ថា ពួកគេ​ជា​អ្នក​ដែល​សក្តិសម​ទទួល​បាន​កិត្តិនាម​ដ៏​សំខាន់​ក្នុង​ការ​ផ្តួល Hitler តាម​ការ​ឆ្លុះបញ្ចាំង​នៃ​ចំនួន​មនុស្ស​លាប់​ដ៏​ច្រើន​ក្នុង​ប្រទេស​រុស្ស៊ី ក្នុង​សង្គ្រាម​លោក​លើក​ទី២។

ជនជាតិ​រុស្ស៊ី​ប្រហែល​ពី​២៥​ទៅ​៣១​លាន​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​សង្គ្រាម ក្នុង​នោះ​មាន​ជនស៊ីវិល​១៦លាន​នាក់ និង​កងទ័ព​ក្រហម​ជាង​៨លាន​នាក់។ ពលរដ្ឋ​រុស្ស៊ី​ក៏​បាន​ចង្អុល​បង្ហាញ​ដែរ​ថា កងទ័ព​រុស្ស៊ី​បាន​សម្លាប់​ទាហាន​អាល្លឺម៉ង់​ច្រើន​ជាង​កងទ័ព​របស់​ប្រទេស​លោក​ខាង​លិច ដែល​មាន​ចំនួន​៧៦ភាគរយ​នៃ​ទាហាន​ស្លាប់​ទាំងអស់​របស់​អាល្លឺម៉ង់។

អ្នក​ប្រវត្តិសាស្រ្ត​យោធា​ខ្លះ​និយាយ​ថា ចំនួន​មនុស្ស​ស្លាប់ និង​ចំនួន​នៃ​ការ​ខូចខាត មិន​ត្រូវ​ចាត់ទុក​ជា​ការ​ឆ្លុះបញ្ចាំង​ដ៏​សំខាន់​អំពី​អ្វី​ជា​ការ​បរាជ័យ​នៃ​ពួក​ណាហ្ស៊ី​នោះ​ទេ។ អ្នក​ប្រវត្តិសាស្រ្ត Anthony Beevor បាន​ប្រាប់​ទស្សនាវដ្តី Times ថា ស្តាលីន​ឥត​មាន​មេត្តាធម៌​ ជាង​ពួក​មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​ដែល​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ស្លាប់ និង​ខូចខាត​តិច​បំផុត។

លោក​បាន​និយាយ​ទៀត​ថា «កងទ័ពក្រហម​បាន​បញ្ជូន​ពួក​កងជីវពល​ទៅ​ច្បាំង ដោយ​មិនមាន​អាវុធ​ហើយ​រំពឹង​ថា ពួកគេ​នឹង​បញ្ឈប់​កងពលទ័ព​រថក្រោះ Panzer របស់​អាល្លឺម៉ង់​ដោយ​ប្រើ​រាង្គកាយ​របស់​ខ្លួន។ ពួក​កងជីវពល​នោះ​ស្លាប់​អស់​ចំនួន​៤២ភាគរយ។ ពួកគេ​បាន​បាត់​អាយុ​ជីវិត​មនុស្ស​ជាង​២៥ម៉ឺន​នាក់»។

អ្នក​ប្រវត្តិសាស្រ្ត​ផ្សេង​ទៀត​និយាយ​ថា ឥរិយាបថ​របស់​ប្រទេស​លោក​ខាង​លិច ចំពោះ​សហភាព​សូវៀត ​មាន​ភាព​លម្អៀង​ ដោយ​សារស្តាលីន​បាន​បញ្ចប់​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា​ជាមួយ Hitler នៅ​ឆ្នាំ១៩៣៩​ដែល​ជា​ឧបករណ៍​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ណាហ្ស៊ី​នេះ ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​សង្គ្រាម​លោក​ មុន​ពេល Hitler ងាក​ទៅ​ចាប់​អារម្មណ៍​ប្រទេស​រុស្ស៊ី។

អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ​ បាន​ចង្អុល​បង្ហាញ​ដល់​រោងចក្រ​អាមេរិកាំង​ដែល​បាន​ផលិត​យន្តហោះ​ច្រើន​ជាង​មហាអំណាច​សង្គ្រាម​សំខាន់​រួមបញ្ចូល​គ្នា​ទាំងអស់​ថា សហរដ្ឋអាមេរិក​បាន​ប្រើ​ចំនួន​កងទ័ព​ដូចគ្នា​នឹង​រុស្ស៊ី​ដែរ ក៏ប៉ុន្តែ​បាន​ប្រយុទ្ធ​នៅ​សមរភូមិ​ជួរ​មុខ​សំខាន់ៗ​ច្រើន​ជាង មិន​ត្រឹមតែ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ក៏ប៉ុន្តែ​ក៏​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​តំបន់​អាហ្វ្រិក​ខាង​ជើង​ទៀត។ផលិតកម្ម​សង្គ្រាម​របស់​អាមេរិក គឺ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់​បែក រថក្រោះ និង​នាវាចម្បាំង​ដ៏​ច្រើន​អាច​ជា​កត្តា​ដ៏​សំខាន់​មួយ​នៃ​ការ​ឈ្នះ​សង្គ្រាម​នេះ។

ហើយ​បើ​គ្មាន​ការផ្គត់ផ្គង់​របស់​សហរដ្ឋអាមេរិក ការ​ខំប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​សូវៀត មាន​សមត្ថភាព​អន់ខ្សោយ​បំផុត។ អាមេរិកាំង​បាន​ផ្តល់​ឲ្យ​ស្តាលីន​នូវ​រថយន្តត្រាក់​ចំនួន​៤សែន​គ្រឿង ក្បាល​រថភ្លើង​២ពាន់ ទូរទេះភ្លើង​ជាង​១ម៉ឺន និង​យន្តហោះ រថក្រោះ ម្ហូបអាហារ និង​សម្លៀកបំពាក់​ដែល​មាន​តម្លៃ​ជាប្រាក់​រាប់ពាន់​លាន​ដុល្លារ។ នៅពេល​ជាមួយ​គ្នា​នោះ​ដែរ សហរដ្ឋអាមេរិក​ក៏​បាន​ផ្គត់ផ្គង់​ជិត​១ភាគ៤​នៃ​គ្រាប់​រំសេវ​ដល់​ចក្រភព​អង់គ្លេស។

លោក Anatoly Razumov ប្រវត្តិវិទូ​រុស្ស៊ី​បាន​ប្រាប់ VOA កាលពី​ពេលថ្មីៗ​នេះ​ថា «យើង មាន​សំណាង​ដោយ​មាន​ប្រទេស​អាមេរិក​ជា​សម្ព័ន្ធមិត្ត»។ លោក​និយាយ​ទៀត​ថា បច្ចេកវិទ្យា និង​ការផ្គត់ផ្គង់​របស់​សហរដ្ឋអាមេរិក​បង្កើត​ជា​មូលដ្ឋាន​នៃ​ការ​ខំប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី។ លោក និយាយ​បន្ត​ទៀត​ថា «ហើយ​យើង​ចង់​បិទភ្នែក​របស់​យើង​អំពី​បញ្ហា​នេះ។ វា​ជា​ការ​អៀនខ្មាស់។ជួលកាល ខ្ញុំ​និយាយ​ទៅ​កាន់​ពលរដ្ឋ​ធម្មតា​ដែល​មិន​ចង់​យល់​ដឹង​អំពី​បញ្ហា​នេះ។ យើង​បាន​ស្ថិត​នៅ​ជាមួយ​គ្នា​ក្នុង​អំឡុង​សង្គ្រាម។ តើ​វា​នឹង​ក្លាយ​ជា​យ៉ាង​ដូចម្តេច បើ​យើង​មិន​មាន​ការ​ជួយ​នេះ។ វា មិនមែន​ជា​ជ័យជម្នះ​ប្រទេស​មួយ​លើ Hitler ប៉ុណ្ណោះ​ទេ។ វា​ជា​ជ័យជម្នះ​របស់​ពិភពលោក​ទាំង​មូល​លើ Hitler»។

ទស្សនៈ​នេះ​បាន​ត្រូវ​បន្លឺ​ឡើង​កាលពី​៧៥ឆ្នាំ​មុន​ដោយ​លោក Winston Chrchill មេដឹកនាំ​ក្នុង​សង្គ្រាម​ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស នៅ​ពេល​ដែល​លោក​ផ្សាយ​ទៅ​កាន់​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ដើម្បី​ប្រកាស​ជ័យជម្នះ​នៅ​ទ្វីប​អឺរ៉ុប​នៅ​ម៉ោង​៣រសៀល​ម៉ោង​នៅ​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥។

រូប​ឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី Winston Chrchill ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ខែមករា ឆ្នាំ១៩៣៩។
រូប​ឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី Winston Chrchill ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ខែមករា ឆ្នាំ១៩៣៩។

លោក​នាយករដ្ឋ​មន្ត្រី Churchill បាន​សង្ខេប​ពី​ការ​ងើប​ឈរ​ម្នាក់​ឯង​របស់​ប្រទេស​លោក​ប្រឆាំង​នឹង Hitler នៅ​ឆ្នាំ១៩៤០។ លោក​បាន​និយាយ​ទៀត​ថា «នៅ​ទីបញ្ចប់ ពិភពលោក​ទាំង​មូល​បាន​រួបរួមគ្នា​ប្រឆាំង​នឹង​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​បិសាច​ដែល​ឥឡូវ​នេះ​បាន​ក្រាប​នៅ​ពី​មុខ​យើង»។

ពលរដ្ឋ​អង់គ្លេស​បាន​ដកឃ្លា​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ចេញ​ពី​វីរុស​កូរ៉ូណា​ដើម្បី​ប្រារព្ធ​ទិវា​ជ័យជម្នះ​ដែល​ហៅ​ថា «VE Day»។ ពិធី​នោះ​មាន​ភាពស្ងាត់ស្ងៀម​ហើយ​នៅ​នឹង​មួយ​កន្លែង​ជាង​អ្វី​ដែល​បាន​គ្រោង​ទុក ដូចជា​បារាំង និង​ប្រទេស​ផ្សេងៗ​ទៀត​របស់​ខ្លួន​នៅ​អឺរ៉ុប​ដែរ។

ពួក​អ្នក​ក្រុង​ប៉ារីស​បាន​គ្រវី​ទង់ជាតិ​បារាំង​ដែល​មាន​បីពណ៌​ពី​យ៉ាប​ខាង​ក្រៅ​ផ្ទះ។ ពលរដ្ឋ​អង់គ្លេស​បាន​ផឹក​តែ​ក្នុង​សួនច្បារ​របស់ខ្លួន និង​នៅ​តាម​ផ្លូវ ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​នៅ​តែ​រក្សាសុវត្ថិភាព​ដោយ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ពេល​ដែល​ពួកគេ​លើក​កែវ​ដើម្បី​ជូនពរ​ដល់​ការ​លះបង់​រាប់មិនអស់​របស់​បុគ្គល​ដែល​បាន​នាំ​ឲ្យ​មាន​ជ័យជម្នះ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​នៅ​ឆ្នាំ១៩៤៥។

តើ​សង្គ្រាម​នេះ​ឈ្នះ​យ៉ាង​ដូចម្តេច? តើ​នរណា​សក្តិសម​ទទួល​បាន​កិត្តិនាម​ពី​មហាសង្គ្រាម​នេះ​ដែល​ហាក់​ដូចជា​បាន​បាត់បង់​ចំពោះ​ការ​ប្រារព្ធ​ពិធី​នេះ​ ហើយ​នៅ​ពេល​ដែល​ពួកគេ បាន​ស្តាប់​ការផ្សាយ​របស់​ព្រះមហាក្សត្រយានី Elizabeth ដែល​ដូចជា​ប្រទេស​លោក​ខាង​លិច​ផ្សេងៗ​ទៀត​ដែរ បាន​ប្រើ​ការ​លះបង់​ពេល​សង្គ្រាម​ដើម្បី​ជំរុញ​ឲ្យ​មាន​ក្តីសង្ឃឹម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូរ៉ូណា​នៅ​ពេល​ឥឡូវ​នេះ។

នៅ​រដ្ឋធានី​វ៉ាស៊ីនតោន អតីត​យុទ្ធជន​សង្គ្រាម​បាន​ចូលរួម​ជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​ដាក់​កម្រងផ្កា​នៅ​ឯ​វិមាន​រំឭក​គុណ​យុទ្ធជន​សង្គ្រាម​លោក​លើក​ទី២។លោក Judd Deere អ្នកនាំពាក្យ​សេតវិមាន​បាន​និយាយ​ថា «វីរៈជន​ទាំងនោះ​ជា​មតក​សាសន៍​ដ៏​រស់​រវើក​ដល់​ស្មារតី​នៃ​ការ​លះបង់ និង​ជ័យជម្នះ​របស់​ពលរដ្ឋ​អាមេរិកាំង ជាពិសេស​ក្នុង​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​តាមរយៈ​សូរ​គគ្រឹកគគ្រែង​នៃ​ការ​ជជែក​ដេញដោល​ជា​ប្រវត្តិសាស្រ្ត»៕

ប្រែសម្រួលដោយជឹង ប៉ូជីន

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG